NASA សម្រេចផ្តល់ សិទ្ធិដឹកទំនិញ ទៅកាន់ស្ថានីយអវកាស ដល់ក្រុមហ៊ុន ៣

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាស អាមេរិក NASA បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០១៦ ថា ខ្លួនបានប្រគល់តួនាទីក្នុងការដឹកទំនិញសម្រាប់ផ្គត់ផ្គង់នានា ទៅកាន់ ស្ថានីយ៍ អវកាសអន្តរជាតិ ( ISS) ទៅឲ្យក្រុមហ៊ុន ឯកជនចំនួន ៣ ហើយ ក្នុងនោះមានដូចជា Orbital ATK, Sierra Nevada និង ក្រុមហ៊ុន SpaceX។ នេះបើតាមការផ្សាយរបស់ ស៊ិនហួ។

ក្រុមហ៊ុននិមួយៗ ខាងលើនេះ មានតួនាទី រ៉ាប់រង ការដឹកទំនិញចំនួន ៦ លើកទៅកាន់ ស្ថានីយ៍អវកាស ដែលនឹងចាប់ផ្តើមពីចុងឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២៤។ វាជាសេចក្តីសម្រេច របស់ NASA តាំងពីចុងឆ្នំា ២០១៥ មកម្ល៉េះ ក្នុងរំដោះខ្លួនចេញពី ការទទួលខុសត្រូវចម្បងៗ នៅឯស្ថានីយ៍អវកាស ដោយទុកឲ្យ វិស័យឯកជន ជាអ្នកគ្រប់គ្រងជំនួសវិញ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Orbital ATK របស់រដ្ឋវ៉ឺជីនីញ៉ា និង SpaceX នៃរដ្ឋកាលីហ្វរញ៉ា បាន ទទួលជោគជ័យ ក្នុងការដណ្តើមយកកិច្ចព្រមព្រៀងពាណិជ្ជកម្មពីអង្គការ NASA ក្នុងជុំទី១ ដើម្បី ធ្វើការដឹកនាំទំនិញផ្គត់ផ្គង់ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ព្រោះក្រុមហ៊ុនទាំងពីរ នេះបានផលិតយានអវកាស ផ្ទាល់ខ្លួន រួចទៅហើយ ដើម្បីបំពេញបេសកកម្ម នៅស្ថានីយ៍ ដែលមានរយៈកម្ពស់ ៤០០ គីឡូម៉ែត្រពីផ្ទៃផែនដីនោះ។

ដោយឡែក ក្រុមហ៊ុន Sierra Nevada ដែលមានមូលដ្ឋាននៅរដ្ឋខូឡូរ៉ាដូ បាន និង កំពុងធ្វើ ការផលិតយាន ឈ្មោះ Dream Chaser ដែលនឹងត្រូវដឹកនាំទៅកាន់ទីអវកាស ដោយ គ្រាប់ រ៉ុក្កែត រួចនឹងធ្វើការចុះចត ដោយសាមញ្ញបំផុត ពេលទៅដល់ទីគោលដៅ៕

NASA សម្រេចផ្តល់ សិទ្ធិដឹកទំនិញ ទៅកាន់ស្ថានីយអវកាស ដល់ក្រុមហ៊ុន ៣