រដ្ឋាភិបាល​មិនគួរ​មើលរំលង​រឿង​ក្រុមហ៊ុន​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ជនជាតិ​យួន​ដាំ​ដំណាំ​នោះទេ​

បើទោះបី​មានការ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ដីស្រែ​ចម្ការ​តាម​ព្រំដែន​ទៅ​ជនជាតិ​យួន​ដាំ​ដំណាំ​កសិកម្ម​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ក្រុមហ៊ុន​ជួល​ដី​ឲ្យ​ជនជាតិ​យួន​ចូលមក​ដាំ​អំពៅ​និង​ដំណាំ​ផ្សេងៗ​ដូច​មុន​ដដែល​។ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​ម៉ែន​សារុន ជួល​ដី​ឲ្យ​ប្រជាជន​យួន​ចូលមក​ដាំ​អំពៅ​នោះឡើយ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​បញ្ហា​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ជនជាតិ​យួន​និង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ទាំងនោះ​ជាបន្ទាន់​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយចំនួន​ជួល​ដី​ឲ្យ​ប្រជាជន​យួន​ដាំ​អំពៅ​និង​ដំណាំ​ផ្សេងៗ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​ព្យាយាម​លាក់បាំង​រឿងនេះ​យ៉ាង​គឃ្លើន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​ថ្មីៗ​នេះ​តំណាង​ក្រុមហ៊ុន​ម៉ែន​សារុន បាន​ទៅ​គំរាម​ដកហូតយក​ដី​ដែល​ប្រជាពលរដ្ឋ​រុករាន ដើម្បី​យកទៅ​ជួល​ឲ្យ​ជនជាតិ​យួន​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បង់លុយ​ឲ្យ​តំណាង​ក្រុមហ៊ុន​។ ដោយសារ​ក្រុមហ៊ុន​ម៉ែន​សារុន ជួល​ដី​ឲ្យ​យួន​បែបនេះហើយ ទើប​ជនជាតិ​យួន​ចូលមក​ភ្ជួរ​ដី​ដាំ​អំពៅ​កាន់តែ​ច្រើនឡើងៗ ចំណែក​មន្ត្រី​អាជ្ញាធរ​ឃុំ​ទ​ន្លួ​ង ស្រុក​មេមត់ បែរជា​ព្យាយាម​បិទបាំង​ការពិត​ថា មិនមាន​ការជួល​ដី​ថ្មីៗ​នេះ​ទៅ​ឲ្យ​ប្រជាជន​យួន​ទេ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​រឿង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ជួល​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ប្រជាជន​យួន ហើយ​បាន​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

ប្រភព​ជាច្រើន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​មានដូចជា ក្រុមហ៊ុន​កុយ​សុខ​ងួន ក្រុមហ៊ុន​ម៉ែន​សារុន និង​ក្រុមហ៊ុន​ដទៃទៀត ដោយ​ក្នុង​១​ហិកតា​តម្លៃ​ពី​៧០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល​ក្នុង​មួយឆ្នាំ​។ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​លោក ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន​មិន​ឲ្យ​ជួល​ដី​ទៅ​ប្រទេសជិតខាង​ទៀតឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​មួយចំនួន​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ នៅតែ​បន្ត​ជួល​ដី​ឲ្យ​ប្រជាជន​យួន​ចូលមក​ដាំ​អំពៅ ហើយ​យក​លេស​ថា​កិច្ចសន្យាជួល​ដី​ទាំងនោះ​មិនទាន់​ផុត​សុពលភាព​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​អី​ការជួល​ដី​ឲ្យ​ប្រជាជន​ប្រទេសជិតខាង​ចូលមក​ប្រកប​របរ​កសិកម្ម​លើ​ទឹកដី​ខ្មែរ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​ផងដែរ​៕

116លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ 9cf49935-2657-4ee6-b5fe-df9dd8fbea55