បទល្មើស​កាប់​ឈើ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុម​ជនល្មើស​មួយចំនួន​បាន​ប្រើប្រាស់​ស្លាក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាប់​ឈើ​និង​អារច្រៀក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

ប្រភពពី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈើមូល​រាប់រយ​ដើម​ត្រូវគេ​កាប់​នៅ​តំបន់​ព្រៃស្រោង​និង​ព្រៃ​សហគមន៍​អភិរក្ស​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​យួន​។ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ការពារ​ព្រំដែន​និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ជា​អ្នក​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត​។ តំណាង​សហគមន៍​ភូមិ​ភិ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី ស៊ើបអង្កេត​ជាបន្ទាន់​ករណី​បទល្មើស​កាប់​ឈើមូល​រាប់រយ​ដើម​ដែល​ធ្វើឡើង​ដោយ​សមត្ថ​កិច្ចការពារ​ព្រំដែន​និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ទីតាំងនៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩ និង​ប៉ុស្តិ៍​៥០៩ ស្ថិតនៅក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ជាប់​ព្រំដែន​ប្រទេស​យួន​។

​តាម​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការអំពាវនាវ​របស់​សហគមន៍​ជនជាតិ​ដើមភូមិ​ភិ បាន​កើតឡើង​បន្ទាប់ពី​ពួកគាត់​មាន​គ្នា​៨០​នាក់ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ បាន​រកឃើញ​ឈើ​ដែល​គេ​កាប់​គល់​និង​ចុង​រួច​អារច្រៀក​ជា​ឈើ​ជ្រុង​២៥​ដើម​ក្នុងចំណោម​ឈើ​ជាច្រើន​ទៀត ត្រូវបាន​គេ​យកទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​មុខ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧០៩​។ តំណាង​សហគមន៍​ភូមិ​ភិ បាន​ឲ្យ​ដឹង​ទៀតថា ការរកឃើញ​ឈើ​ក្នុង​ទឹក​នេះ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧០៩​គំរាមកំហែង​មិន​ឲ្យ​សហគមន៍​រឹបអូស​ឈើ​ទាំង​នោះទេ ដោយ​គេ​អះអាងថា​សហគមន៍​គ្មាន​សិទ្ធិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​និង​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​នៅក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​៕

cfc47458-b19c-4ddd-a1a7-01ce8633b31a a5580fc2-812e-4c3b-9774-b97802919608