គណបក្ស​សង្គ្រោះ​ជាតិ​​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​ចៀស​វាង​ការ​ប្រមាថ​​ដើម្បី​​លើក​កម្ពស់​​ “​ការ​ផ្សះផ្សា​”

ស្រប​​​ពេល​​​​​​​​​​​បណ្ដាញ​ទំនាក់​​​ទំនង​សង្គម​​​​ក្លាយ​​​ជា​​ចំណុច​ចាប់​អារម្មណ៍​​​កាន់​តែ​ខ្លាំង​​​​​ជុំ​​​វិញ​​​ទស្សនៈ​​​នយោ​បាយ​​ក្នុង​ប្រទេស ហើយ​​​លោក​​​នាយក​រដ្ឋមន្ត្រី​គំរាម​​ចាត់វិធានការ​​​ផ្លូវ​ច្បាប់​​ប្រឆាំង​​អ្នក​​ដែល​ប្រមាថ​រូប​លោក​​តាម​ប្រព័ន្ធ​អុីនធឺណិត​​​​ទៀត​​​​​​​​នោះ គណបក្ស​សង្គ្រោះ​​​​​ជាតិ​​​បាន​​​​​​ចេញ​ការ​អំពាវ​នាវ​​​​​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​​ដើម្បី​​​ជំរុញ​ពួកគេ​កុំ​ឲ្យ​ប្រមាថ​អ្នក​ដទៃ​ជា​សាធារណៈ។

​សេចក្ដី​ថ្លែងការណ៍​​ដែល​ចេញ​​កាលពី​ថ្ងៃ​ពុធ​នេះ​ កើត​មាន​ឡើង​បន្ទាប់ពី​​កសិករ​ម្នាក់​​ដែល​គំរាម​​សម្លាប់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក​ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​។ លោក ហ៊ុន សែន ក៏​​​​បាន​​​​​​​​​តវ៉ា​​​លើ​​​ទំព័រ​ហ្វេសប៊ុក​ដ៏សកម្ម​របស់​លោក​​​ដែរ​​​​​ចំពោះ​​​​​​​​​​អ្នក​​ដែល​​កាត់​ត​​រូប​ភាព​​ភរិយា​របស់​លោក។

​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​នេះ​​មាន​ខ្លឹមសារ​​​​ថា “​ជា​ថ្មី​ម្ដង​ទៀត​គណ​បក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវ​នាវ​​ដល់​ថ្នាក់​ដឹកនាំ​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​ទាំង​អស់​​ សូម​​​រក្សា​​សេចក្ដី​ថ្លៃថ្នូរ និង​សីលធម៌​ឲ្យ​បាន​ខ្ពស់​តាម​រយៈ​ការ​មិន​ប្រមាថ​ ឬ​ការ​​​ប្រើ​​​ប្រាស់​​​​រូប​ភាព​កាត់​ត​ដើម្បី​ប្រមាថ​​ នៅ​ពេល​បញ្ចេញ​មតិ​ ឬ​ធ្វើ​ការ​រិះគន់​​​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ”។

សេចក្ដី​ថ្លែងការណ៍​នេះ​គូស​បញ្ជាក់​​​​ថា ​ប្រជាពលរដ្ឋ​​គួរ​តែ​​​ចៀសវាង​​​សកម្មភាព​បែប​នេះ​ “ដើម្បី​​ស្វែង​រក​ការ​ផ្សះផ្សា​ និង​ការ​ឯក​ភាព​​​​ជាតិ​”។ សារ​នេះ​​​​ក៏​​​​​បាន​​​បន្ទរ​​​តាម​​​ដំបូន្មាន​​របស់​​​​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​​​​​​​ជាតិ​​ដែល​​​​ធ្វើ​​​ឡើង​​​​​​​ក្នុង​សន្និសីទ​​នៃ​​ភាព​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង​​កាលពី​ឆ្នាំ​មុនដែល​​​លើក​​​ឡើង​​​​​​ថា សមាជិក​​​​គណ​​​បក្ស​​គួរ​តែ​​​​លើក​កម្ពស់​វប្បធម៌​​នយោបាយ​ស្ថាបនា​​តាម​ប្រព័ន្ធ​អុីនធឺណិត​​​ផងដែរ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​​គណបក្ស​​ប្រជាជន​ ​​​បាន​​​មាន​ប្រសាសន៍​ថា លោក​​​រីក​រាយ​ ដែល​ឃើញ​គណបក្ស​ប្រឆាំង​​​​​ចេះ​រៀប​​​រយ​សុន្ទរកថា​របស់​ខ្លួន​បាន​ល្អ​។ លោក​ថ្លែង​ថា “យើង​ស្វាគមន៍​ជំហរ​ថ្មី​នេះ ប៉ុន្តែ​យើង​​​​​​ត្រូវ​រង់ ចាំ​មើល​សកម្ម​ភាព​ជាក់​ស្ដែង​ថា​​ តើ​ការ​អនុ​​​វត្ត​​​តឹង​រ៉ឹង​​ដូច​ការ​អំពាវនាវ​​លាយ​លក្ខណ៍​​​អក្សរ​នេះនិង​គោល​បំណង​របស់វា​ឬក៏​អត់”។

​ពេល​សួរ​ថាតើ​គណបក្ស​ប្រជាជន​កម្ពុជា ​នឹង​​ប្រាប់​សមាជិក​របស់​ខ្លួន​ឲ្យ​ចៀសវាង​​​ការ​​​​ប្រមាថ​អ្នក​ដទៃ​​ដែរ​ ឬយ៉ាង​ណា​នោះ លោក សុខ ឥសាន បាន​ឆ្លើយ​ថា ​វិធានការ​​​​បែប​នេះ​មិន​​​ចាំបាច់​​​ទេ ពីព្រោះ​មាន​តែ​គណបក្ស​ប្រឆាំង​​​​ប៉ុណ្ណោះ​​​​​​ដែល​​​ធ្វើ​ការ​ប្រមាថ​​​បុគ្គល​ផ្ទាល់​ខ្លួន​។

ទោះ​ជា​យ៉ាង​​ណា លោក សុខ គឹមសេង នាយករង​ប្រតិបត្តិ​​​​​​នៃ​គណបក្ស​ប្រឆាំង​​​​​​ប្រចាំ​​​​​​ខេត្ត​សៀមរាប បានធ្វើ​​​ការ​​​កត់សម្គាល់​ទោះ​បី​ជា​លោក​ស្វាគមន៍​ការ​អំពាវ​នាវ​​​ឲ្យ​មាន​ការ​គួរសម​​ថ្មី​​​នេះ​​​យ៉ាង​​​ណា​​​​​​ក្ដី​​ ក៏​ការ​​​​​​គ្មាន​​​ភាព​​​គួរ​​​​សម​មិន​មែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​​​នោះ​​​ឡើយ។ “​​​តាម​ពិត​​​ទៅ មិនមែន​មាន​តែ​​​​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ទេ​ដែល​រង​ការ​រិះគន់​​​​​​បែប​​​អសុរស​​ និង​តាម​រយៈ​ពាក្យ​ប្រមាថ សូម្បី​​​រូប​ថត​​​របស់​​​​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ក៏​ត្រូវ​គេ​​​​​យក​​​ទៅ​​​​​កែ​ និង​កាត់​ត​ប្រមាថ​​​​មាក់​​​ងាយ​​​លេង​សើច​ដែរ​”៕ សុខុម​​​​​​​​​

The post គណបក្ស​សង្គ្រោះ​ជាតិ​​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​ចៀស​វាង​ការ​ប្រមាថ​​ដើម្បី​​លើក​កម្ពស់​​ “​ការ​ផ្សះផ្សា​” appeared first on ខេមបូឌា ដេលី.