មហាជនរិះគន់ មង្គលការកូន លោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បិទផ្លូវពីរថ្ងៃ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ១ ចាស់ ជាផ្លូវដ៏សំខាន់មួយ ក្នុងក្រុងស្វាយរៀង បាននាំគ្នារអ៊ូរទាំ និងធ្វើការរិះគន់ ទៅលើលោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង ដែលបានរៀបចំមង្គលការកូន ហើយបានបិទផ្លូវទាំងស្រុង មិនឲ្យរថយន្ត និងម៉ូតូបើកឆ្លងកាត់ឡើយ។

ការបិទផ្លូវនេះមានរយៈពេល២ថ្ងៃគឺចាប់តាំងពីថ្ងៃទី១៤និង១៥ខែមករាឆ្នាំ២០១៦ស្ថិតនៅជាប់រោងកុនខេត្តនិងទល់មុខអតីតមន្ទីរវប្បធម៏វិចិត្រសិល្បៈខេត្តក្នុងសង្កាត់ក្រុងស្វាយរៀង។

យោងតាមប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ១ ចាស់នេះ បានឲ្យដឹងថា ខណៈដែលពួកគាត់ ធ្វើដំណើរមកដល់ ចំណុចរោងការកូន របស់ប្រធានពន្ធដាខេត្ត បែរជាត្រូវបត់ម៉ូតូ និងរថយន្ត បកក្រោយ រកផ្លូវវាងផ្សេងទៀត ដោយម្នាក់ៗ គ្រវីក្បាល ដូចស្រាំងទិច និងលាន់មាត់ថា "ការកូនលោកណា បានជាបិទផ្លូវបែបនេះ"។

ប្រភពបន្តថា រយៈកាលកន្លងមក តាមផ្លូវសំខាន់ៗ នៅក្នុងក្រុងស្វាយរៀង ពុំសូវឃើញមាន អស់លោកណា រៀបចំមង្គលការកូន ឬបុណ្យទានផ្សេងៗ បិទផ្លូវ រហូតដល់ ២ថ្ងៃនោះទេ ទើបតែ ការកូនលោក ប្រធានពន្ធដារខេត្ត មួយនេះទេ ដែលហ៊ានបិទផ្លូវបែបនេះ ឬមួយគាត់ អាងឋានៈ ជាប្រធានពន្ធដារខេត្ត ហើយមើលទៅ បានជាមិនខ្លាចរអាអាជ្ញាធរ មូលដ្ឋានបន្តិចសោះ។

ពាក់ព័ន្ធ និងករណីខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការ ទំនាក់ទំនង ពី លោក ឥន្ទ ទឹម ប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បាននៅឡើយទេ ប៉ុន្តែ លោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង បានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា ចំពោះលោក ឥន្ទ ទឹម ដែលបានបិទផ្លូវ ការកូននេះ អាជ្ញាធរ មិនដែលអនុញ្ញាត ឲ្យធ្វើរបៀបនេះទេ គឺឲ្យសង់រោងការ ត្រឹម ១/៣ នៃចំណីផ្លូវ តែប៉ុណ្ណោះ ហើយរូបលោក ក៏បានឲ្យសមត្ថកិច្ច ចុះទៅពិនិត្យមើលផងដែរ រាល់ការសង់រោងការម្ដងៗ។

ប្រជាពលរដ្ឋ ក៏បានសូមណូមពរ ដល់អស់លោក ដែលជាមន្ត្រីរាជការ ដែលមានឋានៈខ្ពស់ៗ ពេលមានការកូន និងធ្វើបុណ្យទាន សូមកុំបិទផ្លូវទាំងស្រុង អីទុកផ្លូវឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ផង៕

មហាជនរិះគន់ មង្គលការកូន លោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បិទផ្លូវពីរថ្ងៃ

មហាជនរិះគន់ មង្គលការកូន លោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បិទផ្លូវពីរថ្ងៃ

មហាជនរិះគន់ មង្គលការកូន លោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បិទផ្លូវពីរថ្ងៃ

មហាជនរិះគន់ មង្គលការកូន លោកប្រធានពន្ធដារ សាខាខេត្តស្វាយរៀង បិទផ្លូវពីរថ្ងៃ