ណាតាហ្សា ស្នេហា​ឈឺចាប់ ដោយសារ Hacker

ណាតាហ្សា ស្នេហា​ឈឺចាប់ ដោយសារ Hacker

តារា​សម្ដែង​កូនកាត់​ខ្មែរ​អ៊ីស្លាម ណាតាហ្សា កំពុង​មាន​បញ្ហា​ស្នេហា ដោយ​ភាគី​ខាង​ប្រុស​ពូកែ​ប្រចណ្ឌ​ពេក និង​មិន​យល់ចិត្ត​ដោយសារ Hacker ជ្រៀត​ចូល​  Facebook នាង។ នេះ​បើ​តាម​សាមី​ខ្លួន​បញ្ជាក់។

 

ណាតាហ្សា ស្នេហា​ឈឺចាប់ ដោយសារ Hacker

 

នាង បន្ត​ថា “ឥឡូវ​ពួក​ខ្ញុំ​កំពុងតែ​ដោះស្រាយ​គ្នា​ហើយ​បង បន្ទាប់ពី​មាន​ការ​យល់​ច្រឡំ​គ្នា​លើ​បញ្ហា​មួយ​ចំនួន។ ចំណែក​ហេតុផល​ដែល​នាំឲ្យ​មាន​រឿង​ទាំង​នោះ​​មកពី​ពួក​យើង​ឥឡូវ​រវល់​រៀង​ខ្លួន មិន​សូវ​ជា​មាន​ពេល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​គឺ Booysen  គាត់​ហ្វឹកហាត់​ហត់​ពេក។” ណាតាហ្សា ថ្លែង។

 

ទោះ​ជា​មាន​បញ្ហា​រៀង​រកាំរកូស​គ្នា​ក៏​ពិតមែន ​ក៏​តារា​ស្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ​ នៅតែ​សរសើរ​សង្សារ​ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ថា ​ជា​មនុស្ស​ប្រុស​ចិត្ត​បាន តែ​គ្រាន់តែ​ពូកែ​ប្រចណ្ឌ​បន្តិច។ “គាត់​ជា​បុរស​ចិត្ត​ល្អ តែ​គាត់​ពូកែ​ប្រចណ្ឌ​ណាស់​បង រហូត​ដល់​ពេល​ខ្លះ ​ខ្ញុំ​សឹងតែ​បោះបង់​អាជីព​សិល្បៈ​របស់​ខ្លួន​ដើម្បី​កំដរ​គាត់​គ្រប់​ពេល​ទៅ​ហើយ។”

 

ណាតាហ្សា ស្នេហា​ឈឺចាប់ ដោយសារ Hacker

 

ក្រមុំ​កូនកាត់​ខ្មែរ​អ៊ីស្លាម ក៏​បាន​បង្ហើប​ពី​បញ្ហា​ធំ​ដែល​ធ្វើឲ្យ​នាង និង​កីឡាករ​ពាក់​អាវ​លេខ ១១ របស់​ភ្នំពេញ​ក្រោន​ឈ្លោះ​គ្នា​ គឺ​មកពី​កត្តា Facebook។ នាង​បន្ត​ថា​មួយ​រយៈ​នេះ​គណនី  Facebook របស់​នាង​ត្រូវ​ជន​អនាមិក hack ហើយ​ទើប​តែ​បាន​មក​វិញ ដូចនេះ​គណនី​ត្រូវ​ដាក់​ឈ្មោះ​ដូចដើម​វិញ។

 

ឃើញ​ដូចនេះ​គ្រួសារ Shane Booysen  មាន​ការ​ងឿងឆ្ងល់​ ក៏​ទូរសព្ទ​មក​សួរ ព្រោះ​ចាប់តាំង​ពី​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​នោះ​មក​ នាង​​បាន​ប្ដូរ​ដាក់​តាម​ត្រកូល Booysen ដែរ។ តែ​ពេល​ត្រូវ​ជន​អនាមិក hack  និង​យក​បាន​មក​វិញ​ ក៏​ត្រូវ​ដាក់​ឈ្មោះ​ដើម តែ​ខាង​គ្រួសារ Booysen ស្មានតែ​អ្នក​ទាំងពីរ​បែក​គ្នា។ ដូចនេះ​ខ្សែប្រយុទ្ធ​ល្បឿន​លឿន​រូប​នោះ​ ក៏​ទាមទារ​ឲ្យ​នាង​ដាក់​ឈ្មោះ​ដូចដើម តែ​មិន​អាច​ទៅរួច​ព្រោះ​ខាង​ក្រុមហ៊ុន  Facebook បាន​បញ្ជាក់​ថា​ទាល់តែ​ពីរ​ខែ​ក្រោយ​ទើប​អាច​ដូរ​ឈ្មោះ​បាន​វិញ។

 

ជា​ចុងក្រោយ ណាតាហ្សា បញ្ជាក់​ថា ពួក​នាង​កំពុងតែ​ដោះស្រាយ ដោយ​មិន​ឲ្យ​ស្នេហា​រវាង​នាង និង​បុរស​ឆ្លង​ទ្វីប​នោះ​ដើរ​ដល់​ផ្លូវបំ​​បែក​ឡើយ៕

 

ណាតាហ្សា ស្នេហា​ឈឺចាប់ ដោយសារ Hacker

 

អត្ថបទ៖ទ្រី រ៉ាវី