ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៦​នេះ ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​រង្វង់​៧% ហើយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់ រំពឹង​ថា នឹង​អាច​ទទួល​បាន​១.៣២៥​ដុល្លារ​អា​មេ​រិ​ក ។ កម្ពុជា​រក្សា​បាន​យ៉ាង​រឹង​មាំ​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ម៉ា​ក្រូ​នយោបាយ ព្រមទាំង​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម ។ ដោយសារ​តែ​កម្ពុជា​មាន​បរិយាកាស​ល្អ​បែប​នេះ​ហើយ ទើប​បណ្ដា​ប្រទេស​លើ​សកលលោក ពិសេស​ប្រទេស​ដែល​បាន​ចងសម្ព័ន្ធ​ការទូត​ជាមួយ​កម្ពុជា ចង់​បណ្ដាក់ទុន​វិនិយោគ ក៏​ដូច​ជា​ពង្រីក​ពាណិជ្ជ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត ។

ជាក់ស្ដែង ប្រទេស​ហុង​គ្រី​បាន​ប្រកាស​បើក​ការិយាល័យ​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ជា​ផ្លូវការ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ការពារ​វិនិយោគទុន​ទៅ​វិញ​ទៅ​មក ព្រមទាំង​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​២៧​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។ នេះ​បើ​តាម​រដ្ឋមន្ដ្រី​ការ​បរទេស​ហុង​គ្រី លោក ពិ​ទ័​រ​ហ្ស៊ី​ហ្សា​រ​តូ (Peter Szijjarto) បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​រួម​គ្នា​មួយ ក្រោយ​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ មក​រា ម្សិលមិញ​នេះ ។

លោក ពិ​ទ័​រ​ហ្ស៊ី​ហ្សា​រ​តូ រដ្ឋមន្ដ្រី​ការ​បរទេស​ហុង​គ្រី មាន​ប្រសាសន៍​ថា ៖ « ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នេះ​ហើយ ទើប​យើង​ចង់​ពង្រីក​ការ​វិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ។  ការ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ការ​វិនិយោគ​នេះ » ។

« ប្រាក់​កម្ចី​នោះ នឹង​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា ហើយ​ប្រាក់​កម្ចី​នឹង​ផ្ដោត​ទៅ​លើ​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម ចំណីរ​អាហារ​និង​ឱសថ បច្ចេកវិទ្យា និង​វិស្វកម្ម ។ នៅ​ប្រទេស​ហុង​គ្រី ក្រៅពី​ការ​ទទួលយក​ផលិតផល​ផលិតកម្ម​ដូច​ជា ស្បែកជើង ក៏​កំពុង​តែ​ពិនិត្យ​មើល​ការ​នាំ​ផលិតផល​កសិកម្ម ផ្លែ​ឈើ និង​ទំនិញ​ជា​ច្រើន​ទៀត​ពី​ប្រទេស​កម្ពុជា » ។ នេះ​បើ​តាម​រដ្ឋមន្ដ្រី​ការ​បរទេស​ហុង​គ្រី លោក ពិ​ទ័​រ​ហ្ស៊ី​ហ្សា​រ​តូ បាន​បញ្ជាក់ ។

ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​បាន​នាំ​ចេញ​នូវ​សម្លៀក​បំពាក់ អង្ករ ស្បែកជើង​ទៅ​ហុង​គ្រី ហើយ​ការ​បើក​ការិយាល័យ​នេះ នាំ​ដល់​ការ​ជំរុញ​វិនិយោគ និង​ពា​ណិ​ជ្ច​កម្ម​របស់​ហុង​គ្រី​ថែម​ទៀត ។ ធុរជន​កម្ពុជា និង​ហុង​គ្រី នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ។ ជាមួយ​គ្នា​នេះ ប្រទេស​ហុង​គ្រី​នឹង​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ដល់​ពលរដ្ឋ​ហុង​គ្រី​ផង​ដែរ ។ ទស្សនកិច្ច​របស់​រដ្ឋមន្ដ្រី​ការ​បរទេស​ហុង​គ្រី នឹង​ពង្រីក​ទំនាក់ទំនង​ការទូត នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ » ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ៖ « លោក​បាន​ជួប​ជាមួយ​សម​ភាគី​របស់​លោក​រយៈពេល​ជិត​១​ម៉ោង ក្នុង​នោះ​ភាគី​ហុង​គ្រី​បាន​លើក​ឡើង​ពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​៧%​វា​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​ទទួល​បាន ។ ក្នុង​នោះ​កម្ពុជា​-​ហុង​គ្រី​បាន​ចុះ​ហត្ថ​លេខ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​» ។

« កិច្ចព្រមព្រៀង​នេះ​បាន​ផ្តោត​លើ​ការ​ជំរុញ និង​ការពារ​វិនិយោគ​របស់​ហុង​គ្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​ហុង​គ្រី​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​១៥​កន្លែង​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​រាល់​ឆ្នាំ​សិក្សា ។​ក្រៅពី​នោះ ភាគី​ហុង​គ្រី​សង្ឃឹមថា ការិយាល័យ​ពាណិជ្ជកម្ម​នេះ​នឹង​នាំ​មក​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកទេស និង​វិស័យ​មួយ​ចំនួន​ទៀត​របស់​ប្រទេស​ទាំង​ពីរ » ។ នេះ​បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ ។

គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ហុង​គ្រី​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥​កន្លង​មក មាន​ទឹកប្រាក់​ប្រមាណ​២,៥៧​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៤ ចំនួន​១,៣២​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​ហុង​គ្រី​មាន​ចំនួន ២,៣៩​លាន​ដុល្លារ រីឯ​ហុង​គ្រី​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ចំនួន​០,១៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក ទំនិញ​ដែល​កម្ពុជា នាំ​ទៅ​ហុង​គ្រី មាន​ដូច​ជា អង្ករ ថ្នាំជក់ សម្លៀក​បំពាក់ និង​ផលិតផល​វាយនភ័ណ្ឌ​។ ដោយឡែក​ផលិតផល​របស់​ហុង​គ្រី​ដែល​នាំ​មក​កម្ពុជា​វិញ មាន​ដូច​ជា អគ្គិសនី បរិក្ខារ​ពេទ្យ និង គ្រឿងបន្លាស់​យានយន្ត ជាដើម ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី លោក ពិ​ទ័​រ​ហ្ស៊ី​ហ្សរ​តូ មក​ធ្វើ​ទស្សនកិច្ច​ចំនួន​២​ថ្ងៃ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៣ ដល់​១៤ មក​រា​នេះ ដើម្បី​ព​ង្រឹ​ក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនងជា​ប្រពៃណី​ដែល​មាន​ស្រាប់ និង​កិច្ច​សហ​ប្រតិបត្តិ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួងការបរទេស​កម្ពុជា បញ្ជាក់​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោក ពិ​ទ័​រ​ហ្ស៊ី​ហ្សរ​តូ នឹង​ជួប​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី និង​សម​ភាគី​កម្ពុជា​របស់​រដ្ឋមន្ដ្រី​ការ​បរទេស លោក ហោ ណាំ​ហុង និង​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម លោក ស៊ុន ចាន់​ថុ​ល ។ ជាមួយ​គ្នា​នេះ លោក​នឹង​ទស្សនា​អគារ​ពាណិជ្ជកម្ម​កម្ពុជា​-​ហុង​គ្រី​ផង​ដែរ ៕