ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ការ​បន្ត​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ថៃ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​តែ​កិច្ចសន្យា​ត្រូវ​បន្ត​នៅ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ទៀត គិត​ចាប់ពី​ឆ្នាំ​២០១៦ តទៅ ។

នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិ ក្រោម​ការ​គ្រប់គ្រង​របស់​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ UTCC លោក Aat Pisanwanich មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​ប្រទេស​ចិន​នៅ​តែ​បន្ត​ធ្លាក់​ចុះ ពោល​គឺ​ធ្លាក់​ចុះ​ពី​១,១% គិត​ជា​ទឹកប្រាក់​សរុប​២៣,៤៧​ពាន់​លាន​ដុល្លារ ។ ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​ថៃ​កើនឡើង​១០,៨% នៃ​ការ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​នេះ » ។

ការ​នាំ​ចេញ​ផលិតផល​ថៃ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​ថៃ បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​ដល់​៧,៩% គិត​ជា​ទឹកប្រាក់​សរុប​២៥,០៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ និង​ធ្លាក់​ចុះ​៥,៤% គិត​ជា​ទឹកប្រាក់​សរុប​២៣,៧២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។

លោក Aat Pisanwanich មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​នឹង​រង​ផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​យើង​។ នៅ​ឆ្នាំ​នេះ ពួក​យើង​ចាំបាច់​ត្រូវ​តែ​សម្លឹង​មើល​សេដ្ឋកិច្ច​ចិន​ឲ្យ​បាន​ហ្មត់ចត់​បំផុត ។ ប្រសិនបើ​សេដ្ឋកិច្ច​ចិន​អាច​រើប​ឡើង​បាន​លើស​៦,៣%​នោះ ការ​នាំ​ចេញ​របស់​ថៃ​នឹង​មានឱកាស​ពង្រីក​វិសាលភាព​ការ​នាំ​ចេញ​របស់​ខ្លួន​ច្រើន​ជាង​២% ទៀត​នៅ​ឆ្នាំ​នេះ ។ ប្រសិនបើ​មិន​អាច​ទេ ការ​នាំ​ចេញ​របស់​ថៃ នឹង​ត្រូវ​ធ្លាក់​តិច​ជាង​២% » ។

លោក​បន្ថែម​ទៀត​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យន់​ចិន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រាក់​បាត​ថៃ​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបិយប័ណ្ណ​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី ក៏​ធ្លាក់​ចុះ​ខ្សោយ​ដែរ ។ កត្តា​នេះ​នឹង​ដាក់​សម្ពាធ​លើ​ប្រាក់​បំណុល​ជា​ប្រាក់​ដុល្លារ​នៅ​ក្នុង​តំបន់ » ។

ទំនិញ​ថៃ​នឹង​រង​ផល​ប៉ះពាល់​ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច​ចិន រួម​មាន ផលិតផល​កៅស៊ូ ផលិតផល​ប្លា​ស្ទិ​ក គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ឈើ​។ ប៉ុន្តែ​ទោះ​យ៉ាងណា កិច្ចសន្យា​នាំ​ចេញ​លើ​គ្រឿងអគ្គិសនី គ្រឿងបន្លាស់​ឧបករណ៍ គ្រឿងបន្លាស់​រថយន្ត​ត្បូង និង​គ្រឿងអលង្ការ​នៅ​តែ​បន្ត​ដដែល ។

លោក Aat Pisanwanich បញ្ជាក់​ថា ៖ « ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​កៅស៊ូ គឺ​ដោយសារ​មាន​តម្រូវការ​ទាប​ពី​ខាង​ប្រទេស​ចិន ព្រោះតែ​កំណើនសេដ្ឋកិច្ច​ចិន​ចុះ​ខ្សោយ» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​គឺជា​អ្នកទិញ​កៅស៊ូ​ធំ​ជាងគេ​ក្នុង​ពិភពលោក ដែល​បាន​ទិញ​ចំនួន​៣,៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​៤០%​នៃ​ទីផ្សារ​ពិភពលោក ។ ប្រទេស​ថៃ ជា​ប្រទេស​នាំ​ចេញ​កៅស៊ូ​ធំ​បំផុត​ទៅ​កាន់​ប្រទេស​ចិន ដែល​មាន​ចំនួន​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ស្មើនឹង​៣០% នៃ​ផលិតកម្ម​សរុប ។ ផលិតផល​នាំ​ចេញ​ចម្បង​បំផុត​មាន ជ័រកៅស៊ូ ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម ។

ថ្វីបើ​មានការ​ធ្លាក់​ចុះ​ក្នុង​ការ​នាំ​ចេញ​ទៅ​ចិន​ក្តី ក៏​មានការ​ព្យាករ​ទៅ​លើ​ការ​នាំ​ចេញ​របស់​ថៃ​ថា នឹង​កើនឡើង​២% គិត​ជា​ទឹកប្រាក់​១២៨,៣​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ។ ប៉ុន្តែ​ការ​ព្យាករ​នៃ​កំណើន​នាំ​ចេញ​នេះ​អាច​នឹង​ខុស ប្រសិនបើ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​ដុនដាប​ជាង​នេះ​ទៀត ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ថ្លែង​ថា ៖ « បណ្តា​ក្រុមហ៊ុន​ថៃ គួរតែ​បង្កើន​ល្បឿន​ក្នុង​ការ​បង្កើត​នៃ​សភាពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ដើម្បី​ព​ន្លឿ​ន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ទីនោះ ។ ប្រទេស​ទាំង​៤​នេះ នឹង​រីករាយ​ក្នុង​ការ​ទទួល​បាន​ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច​ពិភពលោក ដែល​ទីផ្សារ​ថៃ​មាន​ទីតាំង​ភូមិសាស្ត្រ ក្នុង​ការ​ប្រកួតប្រជែង » ។

« រដ្ឋាភិបាល​កំពុង​ពិចារណា​ទៅ​លើ​វិធានការ បោះទុន​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្មនៅ​ប្រទេស​ទាំង​៤​នេះ ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ក្នុង​គោលបំណង​បង្កើន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោកស្រី Apiradi Tantraporn ។

រដ្ឋាភិបាល​ថៃ​បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ដំបូង​របស់​គណៈកម្មាធិការ​សាធារណៈ និង​ឯកជន ទៅ​លើ​ការ​នាំ​ចេញ និង​ការ​វិនិយោគ​ដើម្បី​ដោះស្រាយ​វិបត្តិ ដែល​រាំងស្ទះ​ដល់​ការ​នាំ​ចេញ និង​វិនិយោគ​ក្នុង​រយៈពេល​៣​ខែ ។

ឧបនាយករដ្ឋមន្ត្រី លោក Somkid Jatusripitak គ្រោង​នឹង​ធ្វើការ​កោះ​ប្រជុំ​មួយ​រវាង​ក្រុម​អ្នក​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទូ​ទាំង​ពិភពលោក នៅ​ថ្ងៃ​ទី​២០ មក​រា​នេះ ដើម្បី​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម ៕