ប្រមុខការទូត រុស្ស៊ី និងអាមេរិក នឹងជួបពិភាក្សាគ្នា ម្តងទៀតលើវិបត្តិ នយោបាយស៊ីរី

ម៉ូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារ៉ូវ និងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក ចន ឃើរី បានព្រមព្រៀងគ្នាថា នឹងជួបពិភាក្សាជាថ្មីម្តងទៀត នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ នៅទីក្រុងហ្សឺរីច ប្រទេសស្វីស ដើម្បីជជែកគ្នាលើបញ្ហា អន្ដរជាតិចម្បងៗ ក្នុងនោះក៏នឹង ផ្ដោតសំខាន់លើវិបត្តិ នយោបាយស៊ីរី ដែលកំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងឡើង ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ភាគីទាំងពីរបានព្រមព្រៀង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ហើយជំនួបរវាងប្រមុខការទូត ទាំងពីរ នេះ ធ្វើឡើងបន្ទាប់ ប្រធានាធិបតីរុស្ស៊ី និងអាមេរិក ដែលបានបើកកិច្ច ពិភាក្សាគ្នាជាបន្ទាន់ លើបញ្ហាសកល តាមទូរស័ព្ទកាលពីម្សិលមិញ ក៏កើតចេញជាបញ្ជាឲ្យ អ្នកការទូតកំពូល ទាំងពីរខាងលើនេះ ជួបពិភាក្សាគ្នាបន្ត ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅស៊ីរី ព្រមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ ត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអង្គការសហប្រជាជាតិ បាន ធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅនេះ ស្ដីពីដំណោះស្រាយសន្ដិភាពនៅស៊ីរី ហើយតំណាងភាគី ទាំង៣ បានផ្លាស់ប្ដូរមតិយោបល់គ្នា លើបញ្ហាពាក់ព័ន្ធ នឹងកិច្ចចរចាសន្ដិភាពស៊ីរី ដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ខាងមុខ នេះនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដូចគ្នា៕

ប្រមុខការទូត រុស្ស៊ី និងអាមេរិក នឹងជួបពិភាក្សាគ្នា ម្តងទៀតលើវិបត្តិ នយោបាយស៊ីរី