ស្តេចបាល់ទាត់ Pele ឆ្លងដំណាក់កាល វះកាត់ត្រគៀក បានជោគជ័យ

រីយ៉ូ ឌឺចាណឺរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា ស្តេចបាល់ទាត់ Pele ក្រោយពីបានទទួល ការវះកាត់ត្រគៀក នៅឯមន្ទីរពេទ្យក្រុងញ៉ូយ៉ក សហរដ្ឋអាម៉េរិករួចមក គឺលោកមានអាការៈគ្រាន់បើហើយ ។

ក្នុងវ័យ៧៥ឆ្នាំ លោកត្រូវបានតម្រូវឲ្យធ្វើការវះកាត់នៅក្នុងខែធ្នូ កន្លងទៅនេះ ដោយសារគាត់មានជំងឺលើ ត្រគៀកតាំងពីអាយុ៣ឆ្នាំម្ល៉េះ ។
គេរំពឹងថា ក្រោយពីបានសម្រាក នៅមន្ទីរពេទ្យ និងមានក្រុមគ្រូពេទ្យ ជំនាញសហរដ្ឋអាម៉េរិក ធ្វើការព្យាយាមព្យាបាលនោះ តារាបាល់ទាត់របស់ប្រទេស ប្រេស៊ីលរូបនេះ នឹងវិលមកមាតុភូមិខ្លួន វិញនៅសប្តាហ៍ក្រោយ ។

គួរបញ្ជាក់ថា លោក Pele ធ្លាប់បានដណ្តើមពានរង្វាន់ World Cup ចំនួន០៣ជំនាន់ ដែលជាកីឡាករបាល់ទាត់ ដ៏មហិមា ហើយទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសុខភាពរបស់គាត់ បានប្រឈមនឹងបញ្ហាជាច្រើន ។

កាលពីខែកក្កដា កន្លងទៅ លោកក៏ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់លើសរសៃ ប្រសាទនៃផ្នែកឆ្អឹងខ្នង ម្តងរួចហើយដែរ បន្ទាប់មកពីរខែក្រោយ មកទៀត ក៏បានធ្វើការវះកាត់ ទៅលើក្រពេញប្រូស្តាត ថែមទៀត ។

ក្នុងខែវិច្ឆិកា ឆ្នាំមុន លោកក៏សម្រាក នៅមន្ទីរពេទ្យដែរ បន្ទាប់ពីដឹងថាមានមេរោគឆ្លង ចូលប្រព័ន្ធតំរងនោម និងបានយកគ្រាប់គ្រួស ចេញពីតម្រងនោមផងដែរ ៕