មួយផ្នែក​នៃ​បញ្ហា​អសន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ កើតចេញពី​បទល្មើស​គ្រឿងញៀន​

បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​រាជធានី​ភ្នំពេញ ដូចដែល​របាយការណ៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​របាយការណ៍​រប​ស់​កងរាជអាវុធហត្ថ បាន​លាតត្រដាង​យ៉ាងច្បាស់​រួចមកហើយ​។ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រិះគន់​ចំៗ​ថា សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​រាជធានី បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​តិចតួច​បំផុត​បើ​ប្រៀបធៀប​ទៅនឹង​បទល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ មានន័យថា មួយផ្នែក​នៃ​បញ្ហា​អសន្តិសុខ​សង្គម​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​កើតចេញពី​បទល្មើស​គ្រឿងញៀន​។

​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុងករណី​ចែកចាយ​និង​ផ្ដល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​(​សំណង់​អនាធិបតេយ្យ​)​នៅ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ផាន់ ធា ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ ទី​២​ឈ្មោះ ផាន់ ណាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៣​ឈ្មោះ យី ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ សមត្ថកិច្ច​រឹបអូស​វ​ត្ថុ​តាង​មាន ម្សៅ​ក្រាម​ស​ថ្លា​៣៩​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ទូរស័ព្ទ​៣​គ្រឿង ដាវ​២​ដើម ស្លាក​លេខ​ម៉ូតូ​១ ព្រមទាំង​សម្ភារៈ​សេព​គ្រឿងញៀន​ជាច្រើន​ទៀត​។

បើទោះបី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នៅតែ​គ្មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើនលើក​ក្នុង​មួយខែៗ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល បង្ក្រាប​បានតែ​ជនសង្ស័យ​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច​ប៉ុណ្ណោះ ចំណែក​មេខ្លោង​ធំៗ​នៅតែ​អាច​គេច​ផុតពី​ការបង្ក្រាប​ដដែល​។ ហេតុនេះហើយ​ទើប​បទល្មើស​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ​កើនឡើង​កាន់តែខ្លាំង ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​ឡើយ​៕

KS11482 KS11483 - Copy KS11483