លោក យឹម សុវណ្ណ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ក្នុងន័យ​ស្ថាបនា​តាមបែប​លទ្ធិប្រជាធិបតេយ្យ​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ចុង​សប្តាហ៍​នេះ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា ការប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កមាន​ផលប្រយោជន៍​ច្រើនណាស់​ដល់​អ្នក​ប្រើ និង​សង្គម​ប្រសិនបើ​មានការ​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ តែបើ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិនល្អ នោះ​នឹង​ឈានទៅដល់​ការយល់ច្រឡំ​នឹង​គ្នា និង​ប៉ះពាល់​ទៅដល់​ឯកភាព​ជាតិ​។

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ តែ​គណបក្ស​មួយ​នេះ​តាំងពីដើម​មក​មិន​គាំទ្រ​ចំពោះ​ការទិតៀន​ណាមួយ​ដែលមាន​លក្ខណៈ​ប្រមាថ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ឡើយ​។ លោក យឹម សុវណ្ណ បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​តស៊ូ​នយោបាយ​តាំងពីដើម​មក​ចង់ឃើញ​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រ​លំ ការបែកបាក់​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅក្នុង​សង្គម​គប្បី​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ក្នុងន័យ​ស្ថាបនា​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ពង្រឹង​ការឯកភាព​ជាតិ សាមគ្គី​ជាតិ ពីព្រោះ​ថាបើ​ខ្មែរ​មានការ​បែកបាក់​ជាតិ​វា​នឹងមិន​ផ្តល់ឱកាស​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​នោះទេ ហើយ​បញ្ហា​នេះ​ដែល​ធ្វើ​ឲ្យ​បរទេស​ឆ្លៀតឱកាស​កេងចំណេញ​ពី​ខ្មែរ​ក្នុងពេលដែល​អ្នកនយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​កំពុងតែ​បែកបាក់​គ្នា​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បាន​ថ្លែងថា​គ្មាន​ប្រយោជន៍​ដល់​សង្គមជាតិ និង​អ្នក​លាប​ពណ៌​ទេ​ការដែល​ពួកគេ​ព្យាយាម​លាប​ពណ៌​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ លោក យឹម សុវណ្ណ បាន​ពន្យល់ថា​ជាគោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​តស៊ូ​នយោបាយ​តាំងពីដើម​មក​មិនបាន​ជំរុញ ឬ​លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី​មិន​សមរម្យ ខុសសីលធម៌ និង​ច្បាប់​នោះទេ​។
​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ននេះ​មាន​កម្រិត​ការយល់ដឹង​ខ្ពស់​ដែល​មិនអាច​ឲ្យ​ជនខិលខូច​បោកប្រាស់ ឬ​និយាយ​អ្វី​បំផ្លើស​ខុសពី​តថភាព​នៅក្នុង​សង្គម​ក​ម្ពុ​ជា​នោះទេ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា​ជាង​២០​ឆ្នាំ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ច្បាស់​ពី​សកម្មភាព​នយោបាយរ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ជាតិ​មាតុភូមិ ហើយ​ពួកគាត់​ក៏​នឹងមាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ​៕

12003027_790359451082282_3137488127267256135_n