ម​ជ្ឈ​ដ្ឋា​នានា​កំពុង​ចាប់អារម្មណ៍​លើ​បញ្ហា​ដែល​កើតឡើង​នៅ​ខេត្តព្រៃវែង​

មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា បន្ទាប់ពី​លោក ជា សុ​មេធី ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ព្រៃវែង​ភ្លាម ស្រាប់​តែមាន​បញ្ហា​កើត​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ជាក់ស្តែង​ថ្មីៗ​នេះ​លោក ពុំ កាន អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ ដោយសារតែ​ប្រជាពលរដ្ឋ​រូបនោះ​មិន​រាយការណ៍​ពី​រឿង​សង្វៀន​បញ្ជល់មាន់​។ បន្ទាប់មក​គឺ​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រក៍ អភិបាលស្រុក​ពាម​រក៍ ឈ្មោះ ជុំ សាមឿន បាន​បើក​រថយន្តបុក​អ្នកជិះ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​។

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ បន្ទាប់ពី​គាត់​ផឹកស្រា​ស្រវឹង​ហើយ​បើក​រថយន្តបុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​។ រយៈពេល​២​ម៉ោង​ក្រោយ​កើតហេតុ លោក ជុំ សាមឿន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅក្នុង​ខេត្តព្រៃវែង ហើយ​អំពាវនាវ​ឲ្យ​ការផ្តន្ទាទោស​តាមច្បាប់​ទៅលើ​អ្នក​ដែលមាន​កំហុស​។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​របស់លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១០ គ្មាន​ស្លាក​លេខ នៅ​ផ្លូវជាតិ​លេខ​១១ ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ខ បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​មានឈ្មោះ គង់ ធួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ឃុំ​ព្រែក​ខ្សាយ​ខ ចំណែក​រថយន្ត​របស់​អភិបាលស្រុក​ពាម​រក៍ ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-5048​។ តាមរយៈ​រឿងហេតុ​ទាំង​២​ដូចខាងលើ​នេះ មជ្ឈដ្ឋាន​នានា​រំពឹងថា តុលាការ​នឹងដាក់​ទោស​លោក ពុំ កាន អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ និង​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ តាមច្បាប់​ជាមិនខាន​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

ses14លោក ជុំ សាមឿន អភិបាលស្រុកពាមរក៍ បង្កគ្រោះថ្នាក់ចរាចរណ៍ 12348421_1516143225347921_263618932_nលោក ពុំ កាន អធិការនគរបាលស្រុកស្វាយអន្ទរ បាញ់សម្លាប់មនុស្ស