ឪពុក​បង្កើត វណ្ណ មករា និយាយពី​​ប្រផ្នូល​មុន​កូន​កើត​គ្រោះ


ឪពុក​បង្កើត វណ្ណ មករា និយាយពី​​ប្រផ្នូល​មុន​កូន​កើត​គ្រោះ

តាម​តំណាល​របស់​ខ្មែរ មុន​កើត​រឿង​រ៉ាវ​ធំ​ដុំ​អ្វី​មួយ តែង​តែ​មាន​ប្រផ្នូល​ជា​មុន គ្រាន់​តែ​យើង​មិន​ចាប់​អារម្មណ៍ លោក វណ្ណ សុខវី ជា​ឪពុក​បង្កើត វណ្ណ មករា ប្រាប់​ថា លោក​ក៏​បាន​ជួប​ហេតុ ឬ​ប្រផ្នូល​នោះ​ដែរ មុន​ពេល​កូន​ប្រុស​តែ​មួយ​របស់​លោក​ក្នុង​ចំណោម​កូន ៥នាក់ ជួប​គ្រោះ​រហូត​ដល់​ស្លាប់។

 

ឪពុក​បង្កើត វណ្ណ មករា និយាយពី​​ប្រផ្នូល​មុន​កូន​កើត​គ្រោះ

 

លោក វណ្ណ សុខ​វី ឪពុក​បង្កើត​តារា​ចម្រៀង វណ្ណ មករា(រូប​អាវ​ស​ មាន​ក្រណាត់​ខ្មៅ​កាន់​ទុក្ខ)

 

លោក សុខវី ថ្លែង​ទាំង​អួល​ដើម​ក​ថា “មុន​វា​ងាប់ ខ្ញុំ…ខ្ញុំ​ខ្លួន​ឯង​ហ្នឹង​យល់​សប្ដិ​ឃើញ​បាក់​ធ្មេញ ចេញ​ឈាម តាម​ខ្មែរ​យើង​ថា ញាតិ​សាច់​ជិត​មាន​គ្រោះ គិត​មិន​ដល់​ថា ជា​កូន​ឯង​បង្កើត​អីចឹង”។ បន្ទាប់​ពី​យល់​សប្ដិ​ពី​យប់ ព្រលឹម​ឡើង លោក​បាន​ប្រាប់​ប្រពន្ធ លុះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ វណ្ណ មករា ដែល​ជា​កូន​ប្រុស​តែ​មួយ​ក្នុង​ចំណោម​បង​ប្អូន ៥ នាក់​ជួប​គ្រោះ​ក្រឡាប់​ឡាន​តែ​ម្ដង។

 

បុរស​វ័យ​ជាង ៥០​ឆ្នាំ​រូប​នេះ រៀបរាប់​ទៀត​ថា ភ្លាម​ៗ​ពេល​បាន​ដំណឹង​ពី​ប្រពន្ធ​លោក​មិន​ជឿ​ឡើយ។ “ខ្ញុំ​នៅ​បន្ទាយ​ខ្ញុំ​លិច​ពោចិនតុង​ឯណោះ ហើយ​ប្រពន្ធ​ខ្ញុំ​តេ​ប្រាប់​ថា នែ…!​កូន​ប្រុស​ឯង ក្រឡាប់​ឡាន​ស្លាប់ ឥឡូវ​គេ​ដឹក​មក​ហើយ ហើយ​ខ្ញុំ​បាន​ស្ដី​ឲ្យ​វិញ​ថា អ្ហេហ៍…មក​និយាយ​អី​ឆ្កួត​ៗ​អីចឹង ព្រោះ​ភ្លាម​ៗ ខ្ញុំ​ដូច​រក​ជឿ​មិន​កើត វា​ដូច​ជា​ភ្លាម​ៗ​ពេក!”។

 

ឪពុក​បង្កើត វណ្ណ មករា និយាយពី​​ប្រផ្នូល​មុន​កូន​កើត​គ្រោះ

 

វណ្ណ មករា បាន​ស្លាប់​នៅ​អាយុ ៣២ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ០៩ មករា ក្រោយ​ពី​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដល់​ទៅ​ពីរ​ដង​ក្នុង​ថ្ងៃ​តែ​មួយ។ ដំបូង​ឡើយ​លោក និង​មិត្តភ័ក្ដិ​បាន​ក្រឡាប់​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ។ ភ្លាម​ៗ មករា បាន​រង​របួស​ស្រាល​ប៉ុណ្ណោះ ព្រោះ​ប្រជាជន​នៅ​ទី​នោះ​បាន​ឃើញ​លោក អង្គុយ​រឺត​ទ្រូង​ខ្លួន​ឯង។

 

លោក​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ ឆ្ពោះ​មក​ភ្នំពេញ។ ប៉ុន្តែ​មក​ដល់​ត្រឹម​តំបន់​ពេជ្រនិល រថយន្ត​សង្គ្រោះ​ក៏​បាន​ផ្ទុះ​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ទៀត ហើយ​លោក វណ្ណ មករា ក៏​បាន​ស្លាប់​នៅ​គ្រា​នោះ​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត។ មក​ដល់​ថ្ងៃ​ទី ១៥ មករា នេះ គឺ​ជា​ថ្ងៃ​បុណ្យ​ខួប​៧​ថ្ងៃ​របស់​លោក ដែល​ធ្វើ​នៅ​វត្តមាន​ទួល​ទំពូង​រាជធានី​ភ្នំពេញ៕

 
តារាៗ​ចូលរួម​ជូន​ដំណើរ វណ្ណ មករា ចុងក្រោយ​ទាំង​ក្រៀមក្រំ
 

អត្ថបទ៖ ទារិកា