រដ្ឋមន្ត្រីការបរទេស​កម្ពុជា ថ្កោលទោស ចំពោះ​ការវាយប្រហារ​ភេរវកម្ម នៅ​ឥណ្ឌូនេស៊ី​

ភ្នំពេញ: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី ចំពោះ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​កណ្តាល​ទីក្រុង ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្លាប់​មនុស្ស ៧ នាក់ និង​របួស​ជាច្រើន​នាក់​។ លោក ហោ ណាំហុង បាន​រំលែក​មរណទុក្ខ​ប្រជាជន​ឥណ្ឌូនេស៊ី និង​ថ្កោលទោស ចំពោះ​ការវាយប្រហារ ភេរវកម្ម​នោះ​។

​សូម​រម្លឹកថា អំពើ​ភេរវកម្ម បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់​តដៃ​គ្នា នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ បានសម្លាប់​មនុស្ស ៧ នាក់ ក្នុងនោះ មាន ៥​នាក់ ជា​ភេរ​វក និង​របួស​ជាច្រើន​នាក់​ផ្សេងទៀត​។ ក្រុម​ភេរ​វករ បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ហាង​កាហ្វេ ផ្ទួនគ្នា​ជា​ស៊េរី ចំនួន ៦ កន្លែង កាលពី​ម៉ោង ១០ និង ៣០ នាទី ព្រឹក ព្រមទាំង​មានការ​បាញ់​តដៃ​ជាមួយនឹង​ប៉ូលិស​ឥណ្ឌូនេស៊ី​។​

​ចុងក្រោយ​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម អាយ​ស៊ី​ស ISIS បាន​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ​នូវ​អំពើ​ភេរវកម្ម​ដ៏​ប្រល័យ នៅ​កណ្តាល​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។​

​សូម​រម្លឹកថា ឥណ្ឌូនេស៊ី ដែលមាន​ប្រជាជន ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ធំជាងគេ​លើ​លោក បាន​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​អំពើ​ភេរវកម្ម ចាប់តាំងពី​ចុងខែ​ធ្នូ ពោលគឺ​នៅពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឥណ្ឌូនេស៊ី បាន​ពង្រាង​កងកម្លាំង​ប្រដាប់អាវុធ​រាប់ពាន់នាក់ ដើម្បី​ការពារ​នៅតាម​វិហារ​សាសនា​គ្រឹះ​៕

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ថ្កោលទោស ចំពោះ​ការវាយប្រហារ​ភេរវកម្ម នៅ​ឥណ្ឌូនេស៊ី​