អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភ្នំព្រឹក នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​ភ្នំព្រឹក​ជាបន្ទាន់ ព្រោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភ្នំព្រឹក​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​នៅតែ​កើតមាន​យ៉ាង​រាលដាល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​ដដែល បើទោះបី​មាន​គណៈកម្មការ​ចម្រុះ​របស់​សាលាខេត្ត​បាត់ដំបង ចុះទៅ​ត្រួតពិនិត្យ​អាជីវកម្ម​ប្រើ​រំសេវ​បំផ្ទុះ​យក​រ៉ែ​មាស កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ យ៉ាងណាក៏ដោយ​។ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា បន្ទាប់ពី​គណៈកម្មការ​ចម្រុះ​ចេញផុត បទល្មើស​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្ម​រ៉ែ​មាស​និង​សកម្មភាព​គ្រឿងចក្រ​គាស់កកាយ​យក​រ៉ែ​មាស​បានកើត​ឡើងវិញ​ដូច​មុន​ដដែល​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា គ្រឿងចក្រ​ជីក​កកាយ​យក​រ៉ែ​មាស​នៅ​ភ្នំព្រឹក ត្រូវបាន​យកចេញ​មុនពេល​គណៈកម្មការ​ចម្រុះ​ទៅដល់ ហើយ​យក​ចូល​វិញ​នៅពេល​គណៈកម្មការ​ចម្រុះ​ចេញផុត​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹងថា អភិបាលខេត្ត​ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ទើប​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅ​ភ្នំព្រឹក​យ៉ាង​អនាធិបតេយ្យ​។ ជាងនេះទៅទៀត​អាជីវកម្ម​រ៉ែ​មាស​មួយកន្លែង​នៅ​តំបន់ភ្នំ​ព្រឹក​នោះ គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ដ៏​មានអំណាច ទើប​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភ្នំព្រឹក​ជាបន្ទាន់ ព្រោះ​ការចុះ​ត្រួតពិនិត្យ​ពី​សំណាក់​គណៈកម្មការ​ចម្រុះ​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​រឿង​ឥតប្រយោជន៍​៕

117លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល