ដូច​ការ​ទស្សន៍​ទាយ​ទុក​ ឯកឧត្តម​ ទេព​ នី​ថា​ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ អាណត្តិ​ថ្មី​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ ទេព​ នី​ថា​ អាយុ​៦១​ឆ្នាំ​ ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ គ​.​ជ​.​ប​ បច្ចុប្បន្ន​ ត្រូវ​បាន​សមាសភាព​ គ​.​ជ​.​ប​ (​ចំណោម​៩​នាក់​)​សម្រេច​ជ្រើសតាំង​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ សា​ជា​ថ្មី​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ដោយ​ជ្រើស​ចេញពី​ក្នុង​ចំណោម​បេក្ខជន​ចំនួន​៣​នាក់​ គឺ​៖​ ១-​លោក​ ហេង​ មណី​ចិន្តា​ ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​,​ ២-​លោក​ ទេព​ នី​ថា​ អគ្គលេខាធិការ​ គ​.​ជ​.​ប​ និង​៣-​លោក​ យ៉ា​ ណា​វុ​ធ​ នាយក​អង្គការ​ខា​រ៉ា​ម​កម្ពុជា​ ។​

​យោង​តាម​មាត្រា​៥៥​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ គ​.​ជ​.​ប​ ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ តាម​សំណើ​របស់​ប្រធាន​ គ​.​ជ​.​ប​ បន្ទាប់​ពី​បាន​យោបល់​យល់​ស្រប​តាម​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​សមាសភាព​ គ​.​ជ​.​ប​ ទាំងមូល​ ហើយ​ត្រូវ​មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ ស្ថាប័ន​ ។​

​កាល​ជំនាន់​ឯកឧត្តម​ អ៊ឹម​ សួស្តី​ កាន់​តំណែង​ជា​អតីត​ប្រធាន​ គ​.​ជ​.​ប​ គឺ​ឯកឧត្តម​ ទេព​ នី​ថា​ ដែល​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​មិន​ស្ទើរ​ឡើយ​ ដោយ​ចោទប្រកាន់​ថា​ អសមត្ថភាព​ការងារ​ និង​មាន​ភាព​លម្អៀង​ ។​

​មជ្ឈដ្ឋាន​តាមដាន​ដំណើរការ​បង្កើត​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ គ​.​ជ​.​ប​ នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អគ្គលេខាធិការដ្ឋាន​ គ​.​ជ​.​ប​ ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការ​មួយ​រូប​ គឺ​មាន​តួនាទី​ និង​ភារកិច្ច​សំខាន់​ណាស់​ ក្នុង​នាម​ជា​ជំនួយការ​របស់​ គ​.​ជ​.​ប​ ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ ដើម្បី​ជួយ​ គ​.​ជ​.​ប​ ក្នុង​ការ​រៀបចំ​ ចាត់ចែង​ និង​គ្រប់គ្រង​ការងារ​បោះ​ឆ្នោត​ ។​ ដោយឡែក​ យោង​តាម​សមាសភាព​ គ​.​ជ​.​ប​ បច្ចុប្បន្ន​ ទាក់ទង​នឹង​ការ​ជ្រើសរើស​អគ្គលេខាធិការ​ គ​.​ជ​.​ប​ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ ដូច​ការ​ព្យាករណ៍​ទុកជា​មុន​ គឺ​ឯកឧត្តម​ ទេព​ នី​ថា​ មាន​ភាគរយ​ខ្ពស់​បំផុត​ដែល​នឹង​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ សា​ជា​ថ្មី​ទៀត​ ៕​

ដូច​ការ​ទស្សន៍​ទាយ​ទុក​ ឯកឧត្តម​ ទេព​ នី​ថា​ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ អាណត្តិ​ថ្មី​

Related