ខ្លាចាស់ ភ្នំពេញក្រោន ចាកចេញទៅអាជីពនៅ ប្រទេសណ័រវេវិញម្ដង

ភ្នំពេញ៖ កីឡាករជនជាតិនីហ្សេរីយ៉ា Anthony Odion Obadin(Tony) ខ្សែការពារចាស់វស្សា របស់ក្លឹបភ្នំពេញក្រោន បានសម្រេចចិត្តចាក ចេញទៅបន្ដជីវិតថ្មី នៅលើទឹកដី ប្រទេសណ័រវេ វិញម្ដងហើយ បន្ទាប់ពីជួយ ក្រុមជើងខ្លាំងនេះ លើកពានលីកកំពូលកម្ពុជា ៣រដូវកាលកន្លងមក ។ នេះបើតាមការឲ្យដឹងពី ក្លឹបភ្នំពេញក្រោន ។

ប្រភពព័ត៌មានពីមន្ដ្រី ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា Tony គឺជាកីឡាករបរទេសម្នាក់ ដែលរួមរស់ជា មួយក្លឹបយូរជាងគេ រហូតដល់ទៅ ៥ឆ្នាំ ចាប់ពីឆ្នាំ២០១០-២០១៥ ហើយធ្លាប់ជួយ ភ្នំពេញក្រោន ឲ្យលើកពានលីកកំពូលកម្ពុជា ៣លើកទៀតផង នៅឆ្នាំ២០១១, ២០១៤ និងឆ្នាំ២០១៥ ។ ប៉ុន្ដែបន្ទាប់ពីផុតកុងត្រា កាលពីពេលថ្មីៗកន្លងទៅ កីឡាករនីហ្សេរីយ៉ារូបនេះ ក៏សម្រេចចិត្ត មិនបន្ដកុងត្រាថ្មី ដោយគេចង់ទៅឲ្យលើនៅ ប្រទេសណ័រវេវិញម្ដង ។

ជាមួយនឹងការចាកចេញ នូវខ្សែការពារដ៏រឹងមាំនេះ ក្លឹបភ្នំពេញក្រោន បានសម្ដែងការ សោកស្ដាយជាខ្លាំង ប៉ុន្ដែក្លឹបមិនអាច ហាមឃាត់គេបានឡើយ ។ «ក្លឹបភ្នំពេញក្រោន សូមជូនពរក៏ដូចជាអរគុណ យ៉ាងធំធេងចំពោះ ការលះបង់របស់ Tony ដល់ក្លឹបក៏ដូចជាវិស័យ បាល់ទាត់កម្ពុជា ចាប់តាំងចូលរួមជាមួយ ក្លឹបភ្នំពេញក្រោន កាលពីខែវិចិ្ឆកា ឆ្នាំ២០១០កន្លងមក» ។ នេះជាការលើក ឡើងរបស់ថ្នាក់ដឹកនាំ ក្លឹបភ្នំពេញក្រោន ដែលដឹកនាំដោយលោក រិទ្ធី សំណាង ជាប្រធានក្លឹប ។

គួរបញ្ជាក់ថា កីឡាករ Tony មានស្រុកកំនើតនៅ Lagos ប្រទេសនីហ្សែរីយ៉ា ។ រូបគេធ្លាប់បានឆ្លងកាត់ ការហ្វឹកហាត់ក្នុងក្រុមយុវជន យ៉ាងតឹងរឹង ដើម្បីលេងឲ្យ ប្រទេសរបស់ខ្លួនមុននឹង ចាប់ផ្តើមអាជីពនៅ ប្រទេសសឹង្ហបុរី រយៈពេល ៣ ឆ្នាំជាមួយក្លឹប Gombak United ។ បន្ទាប់មកទើបម្ចាស់លេខអាវ៣០ រូបនេះ ផ្លាស់មកលេងឲ្យ ក្លឹបភ្នំពេញក្រោន នៅចុងឆ្នាំ២០១០ ដោយឆ្លងកាត់ហ្វឹកហាត់ ជាមួយគ្រូជនបរទេស ៣នាក់ផ្សេងគ្នា គឺមានលោកគ្រូបង្វឹក ជនជាតិក្រូអាត Bojan Hodak, គ្រូបង្វឹកសញ្ជាតិអង់គ្លេស David Booth និងគ្រូស្វីស Sam Schweingruber ៕

ខ្លាចាស់ ភ្នំពេញក្រោន ចាកចេញទៅអាជីពនៅ ប្រទេសណ័រវេវិញម្ដង

ខ្លាចាស់ ភ្នំពេញក្រោន ចាកចេញទៅអាជីពនៅ ប្រទេសណ័រវេវិញម្ដង

ខ្លាចាស់ ភ្នំពេញក្រោន ចាកចេញទៅអាជីពនៅ ប្រទេសណ័រវេវិញម្ដង