ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្នុង​សេចក្តី​ប្រកាស​មួយ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ថា ពួក​សកម្មប្រយុទ្ធ​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់ និង​១០​នាក់​ទៀត​រង​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៤ មក​រា ពេល​កងកម្លាំង​សន្តិសុខ​កម្ទេច​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​សំដៅលើ​ចំណុច​ត្រួតពិនិត្យ​មួយ​កន្លែង​នា​ភាគ​ខាងត្បូង​ទីក្រុង SHEIKH ZUWEID ខេត្ត​ស៊ី​ណៃ​អីុ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​ក៏​បណ្តាល​ឱ្យ​ទាហាន​៤​នាក់​ស្លាប់ និង​របួស​៨​នាក់​ដែរ ។ ប្រតិបត្តិការ​វាយឆ្មក់​ទាំងនេះ​បាន​កម្ទេច​កសិដ្ឋាន​៨​កន្លែង​ដែល​ប្រើ​ជា​កន្លែង​លាក់ខ្លួន​របស់​ពួក​សកម្មប្រយុទ្ធ ព្រមទាំង​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​របស់​ពួក​គេ ។

តំបន់ ABU REFA’EI តាម​ផ្លូវថ្នល់​ជាប់​ឆ្នេរសមុទ្រ​កាត់​ក្រុង SHEIKH ZUWEID  ក៏​កើត​មានការ​ប៉ះទង្គិច​គ្នា​ដែរ រវាង​កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប និង​ពួក​សកម្មប្រយុទ្ធ​ដែល​បាន​ចាប់ពង្រត់​ប្រជាជន​មួយ​ចំនួន​នៃ​តំបន់​នោះ ។

ម្យ៉ាងវិញទៀត ប៉ូលិស​ទើប​រើស​ថ្មី​២​នាក់ និង​ជន​ស៊ី​វិល ម្នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៤ មក​រា ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​សំដៅលើ​កង​ល្បាត​ប៉ូលិស​មួយ​កង​នៅ​តាម​ផ្លូវថ្នល់​រវាង​ក្រុង ARISH និង​ក្រុង SHEIKH ZUWEID ៕