​សមត្ថកិច្ច​ច្រកទ្វា​អន្តរជាតិ​ដូង​បន្ត​បើកដៃ​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​រាល់ថ្ងៃ​

​បើទោះជា​មាន​ប្រជាពលរដ្ឋ និង​សារព័ត៌មាន​ផ្សាយ​រិះគន់​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​នៅ​ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​ជំនាញ​នៅ​ច្រកទ្វា​អន្តរជាតិ​ដូង​នៅ​បន្ត​បើកដៃ​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​ប្រទេស​កម្ពុជា​រាល់ថ្ងៃ​។ ប្រភពព័ត៌មាន​ពី​ច្រកទ្វារ​អន្តរជាតិ​ដូង​បាន​បញ្ជាក់ថា សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ដូង លោក ចែ​ត្រ សេដ្ឋា ជា​ប្រធាន​ច្រក បាន​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​រាល់ថ្ងៃ ដោយមាន​រថយន្ត​តាក់ស៊ី​តូចៗ​ចូល​ដឹក​យ៉ាង​គគ្រឹកគគ្រេង​ដល់​មាត់ទ្វារ​ព្រំដែន​។​

​ប្រភពព័ត៌មាន​ពី​កម្មករ​ដែល​បម្រើ​ការងា​រ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​បាន​រៀបរាប់ថា ការនាំ ទំនិញ​ពី​ប្រទេស​សៀម​ចូល​ប្រទេស​កម្ពុជា មាន​ច្រើន​ប្រភេទ​ដូចជា​មាន់​ជល់ ១ ក្បាល​ត្រូវ​បង់ប្រាក់ ៣ ម៉ឺន​រៀល ទូរទស្សន៍ ឬ​ធុងបាស់​១​គ្រឿង បង់ប្រាក់ ២ ម៉ឺន​រៀល ចំពោះ​កម្មករ​ខ្មែរ​ចេញ​ពេលយប់​មិនមាន​សំបុត្រ​បង់​៥០ បាត​។ ចំពោះ​រថយន្ត​តាក់ស៊ី ចេញចូល​ដឹកទំនិញ​ប្រភេទ​គ្រឿង​កំប៉ុង និង​គ្រឿង​ចាប់ហួយ​ក្នុង ១ ថ្ងៃ​ចាប់ពី​២​ជើង​ទៅ​៣​ជើង​ត្រូវ​បង់​ក្នុង​១​ជើង​២០០​បាត​។

​ប្រជាពលរដ្ឋ​ស្រុក​កំរៀង​បាន​រិះគន់ថា ការប្រមូល​ពន្ធ​ក្រៅផ្លូវការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង គឺ​នៅត្រឹម​ហោប៉ៅ​អស់លោក​ប៉ុន្មាន​នាក់​នេះ​ជាម​ន្ត្រី​ខិលខូច​ប៉ុណ្ណោះ​ពោលគឺ​មិនបាន​ចូលក្នុង​កញ្ចប់​ថវិកាជាតិ​ឡើយ​។ ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​កំរៀង​បានស្នើ​ឲ្យ​លោក ឆាយ បូ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ស្រុក​កំរៀង ខេត្តបាត់ដំបង ជួយ​ពិនិត្យ​ភាពមិនប្រក្រតី​ឡើងវិញ​ផង​។​

​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​មិន​ត្រឹម​តែមាន​បញ្ហា​បើកដៃ​ឲ្យ​មានការ​នាំ​ទំនិញគេចពន្ធ​ចូល​ប្រទេស​កម្ពុជា និង​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​សៀម​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​បញ្ហា​ផ្សេងទៀត​បានកើត​ឡើង​ផងដែរ​។ ប្រជាពលរដ្ឋ​ស្រុក​កំរៀង បាន​រិះគន់ថា នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ដូង គ្មាន​ការអភិវឌ្ឍ​អ្វី​ទេ​ច្រើន​ឆ្នាំ​មកហើយ តែបើ​ក្រឡេក​ទៅ​មើល​ក្នុង​ទឹកដី​សៀម​វិញ​គេ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​ស័ក្តិ​សមជា​ច្រកទ្វារ​អន្តរជាតិ​៕

daung1