​លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប​មិនបាន​បង្ក្រាប​បន​ល្បែង​របស់​ឈ្មោះ ភា​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រាយការណ៍​មក​ថា ឈ្មោះ ភា បាន​បើក​បន​ល្បែង អាប៉ោង​យូរ​ឆ្នាំ​មកហើយ ប្រជាពលរដ្ឋ​មូលដ្ឋាន​ក៏​មានការ​ធុញថប់​ខ្លាំង​ដែរ ព្រោះ​មានរឿង​ឈ្លោះប្រកែក​គ្នា​ពី​អ្នក​លេងល្បែង សម្លេង​ហ៊ោ​ក​ញ្ច្រៀ​វ និង​សំឡេង​ម៉ូតូ ឡាន ចេញចូល​រាល់ថ្ងៃ​យប់ ប៉ុន្តែ​មិនដឹង​ទៅប្តឹង​សមត្ថកិច្ច​ណា​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប ក៏បាន​ដឹងឮ​ពី​ករណី​ខាងលើ​ផងដែរ​តែ​មិនបាន​បង្ក្រាប​បន​ល្បែង​របស់​ឈ្មោះ ភា​។​

ឈ្មោះ ភា បាន​បើក​ល្បែងស៊ីសង​បៀ អាប៉ោង ក្នុង​ក្រុង​សៀមរាប ធ្វើ​ឲ្យ​អ្នកលេង​ល្បែង​មាន​ចាញ់​មាន​ឈ្នះ​រាប់លាន​រៀល និង​រាប់ម៉ឺន​ដុល្លារ​ក៏មាន នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​។ ប្រភព​ដដែល​បាន​រៀបរាប់ថា បន​ល្បែង​បាន​បណ្តាល​ឲ្យ​រាស្ត្រ​ក្រីក្រ ខ្លះ​អស់​ផ្ទះសម្បែង ម៉ូតូ រថយន្ត ព្រាត់ប្រាស់​គ្រួសារ ខ្លះ​ក្លាយជា​ចោរ ខ្លះ​ធ្វើអត្តឃាត តែ​លោក​អធិការនគរបាល​ក្រុង​សៀមរាប ទិ​ត្យ ណា​រ៉ុង មិន​បង្ក្រាប​នោះទេ បើទោះជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប បានស្នើ​ឲ្យ​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប និង​ក្រុមការងារ​ចុះជួយ​ក្រុង​សៀមរាប​របស់​គណបក្ស​ប្រជាជន​កម្ពុជា មេត្តាជួយ​បង្ក្រាប​បន​ល្បែង​ខាងលើនេះ​ផង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ  មាន​សុវត្ថិភាព​ទាំង ៩​ចំណុច របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​រស់​ដោយ​សុខសាន្ត​។​

ពាក់ព័ន្ធ​បញ្ហា​បន​ល្បែងស៊ីសង​របស់​ឈ្មោះ ភា នេះ លោក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​កំពុង​រៀបចំ​ផែនការ​ចុះបង្ក្រាប តែ​រហូតដល់​ខែមករា ឆ្នាំ​២០១៦ បន​ល្បែងស៊ីសង​របស់​ឈ្មោះ ភា នៅតែ​បន្តដំណើរ​ការ​ដដែល​។ ប្រជាពលរដ្ឋ​ក្រុង​សៀមរាប រិះគន់ថា មូលហេតុ​ដែល​បន​ល្បែង​មួយចំនួន​នៅតែ​ដំណើរ​បាន​នៅ​ក្រុង​សៀមរាប ដោយសារ​តែមាន​សមត្ថ​កិច្ច​មួយចំនួន​នៅ​កាង​ពីក្រោយ​៕

1412920800_អាប៉ោង​    ​