ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖​ មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​​ទូរស័ព្ទ​ម៉ាក iPhone 6s និង iPhone 6s Plus ជិត៥០០​គ្រឿង​ដោយ​គ្មានច្បាប់​​​ ខណៈ​ក្រុម​ឈ្មួញ​​បាន​លួច​នាំ​ចូល​ពី​ប្រទេស​ហុងកុង និង​សិង្ហ​បុរី​ចូល​មក​លក់​នៅ​តាម​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាល​ពី​​​ថ្ងៃ​ទី​១៤ ​ខែមករា​ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះអន្តរជាតិខេត្តសៀមរាប​ ។

មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ឈ្មួញ​ដែល​​នាំ​ចូល​ទូរស័ព្ទ​ចំនួន​៤៩៧​គ្រឿង​ មាន​២​ម្ចាស់​​​ ដែល​​ម្ចាស់​ទី១-ឈ្មោះ ភិន រស្មី (​​​ចំនួន៧​វ៉ា​លី​) ​និង​ម្ចាស់​ទី២-​ឈ្មោះ ង៉ូ​វ ធៀង​ហុង (ចំនួន៤​វ៉ា​លី​) ។​

មន្ត្រី​ដដែល​បាន​បន្ត​ថា​ ​ការ​រឹបអូស​យក​ទូរស័ព្ទ​ដៃ​ទាំងនេះ ខណៈ​ឈ្មួញ​ខាង​លើ​​បាន​លួច​​នាំ​ចូល​ពី​ប្រទេសហុងកុង និង​សិង្ហ​បុរី ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារអន្តរជាតិ សៀមរាប ដោយ​មិន​បាន​រាយការណ៍​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ ដែល​​ប្រចាំ​ការនៅ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នោះ​ឡើយ​ ។​

​​ទូរស័ព្ទ​​​ទាំង​​៤៩៧​គ្រឿង​ខាង​លើ​ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកនៅ​​ស្នាក់​ការ​គយ​ព្រ​លាន​យន្តហោះ​ខេត្ត​ ដើម្បី​រង់ចាំ​បន្ត​នី​តិ​វិធី​​ ដោយ​មាន​បិទ​ត្រា​គយនិង​មាន​ស្នាម​មេដៃ​របស់​ម្ចាស់​ទំនិញទាំង​២​នាក់​​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ ​៕​