១២​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពេល​ចិញ្ចឹម​កូនស្រី​!

១២​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពេល​ចិញ្ចឹម​កូនស្រី​!

​ជា​ការពិត​ការចិញ្ចឹម​កូន គឺជា​កាតព្វកិច្ច​ដ៏​ធំ​មួយ​របស់​ឳ​ពុក​ម្តាយ​គ្រប់រូប ប៉ុន្តែ​ការចិញ្ចឹម​កូនស្រី គឺ​កាន់តែ​ពិបាក​ជាង​នេះ​ទៅទៀត​។ ក្មេងស្រី ត្រូវ​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា នៃ​ការលូតលាស់ ហើយ​វា​ពិត​ចាំបាច់​ណាស់ ក្នុង​ការទទួលបាន​នូវ​ការតម្រង់ទិស​ដ៏​ល្អ​ពី​ក្រុមគ្រួសារ​របស់​នាង​។ ក្នុងនាម​ជា ឳ​ពុក​ម្តាយ អ្នក​ប្រាកដជា​បារម្ភ​ពី​សុខទុក្ខ​របស់​នាង ហើយ​ចង់​រក្សា​ការពារ​នាង​គ្រប់​ពេល​។ ដូច្នេះ ដើម្បី​ជា​ការចែករំលែក និង​ចិញ្ចឹម​កូនស្រី​អ្នក​អោយបាន​ល្អ អ្នក​ម្តាយ​គ្រប់រូប​គួរ​ដឹង​នូវ​ចំណុច​ទាំង​១២​ខាងក្រោម​នេះ ៖

១. គ្រឿង​តុបតែង​មុខ​របស់​អ្នកនឹង​ក្លាយទៅជា​របស់​នាង​នៅក្នុង​ពេល​នេះ​
​ភាគច្រើន​នៃ​ក្មេងស្រី គឺ​ពិតជា​ចូលចិត្ត​ការ​តែងខ្លួន និង​លាប​គ្រឿងសម្អាង ជាពិសេស​គឺ​រាល់ពេល​ដែល​នាង​ឃើញ​អ្នក អនុវត្ត​វា​ម្តងៗ​។ ជាមួយនឹង​ពេលវេលា អ្នក​អាច​បង្រៀន​គេ​ពី តម្រូវការ​ដែល​មិន​ចាំបាច់​ក្នុងការ​លាប​វា ប៉ុន្តែ​ក្នុង​ពេល​នេះ វា​គ្រាន់តែ​ជា​ការកំសាន្ត​របស់​ពួក​គេ​ប៉ុណ្ណោះ ។​

២. ការ​ប្រាប់​នាង​ពី​ការធ្លាក់​ឈាមរដូវ អាច​នឹង​មិន​មាន​ភាព​ងាយស្រួល និង​មាន​ភាព​ចម្លែក​ចំពោះ​នាង ប៉ុន្តែ​ខ្ញុំ​ពិតជា​ចង់អោយ​នាង​ត្រៀមខ្លួន​រួចជាស្រេច​មុនពេល​ដែល​វា​កើតមាន​។​

នេះ​ជា​កាតព្វកិច្ច​របស់​អ្នក​ម្តាយ​គ្រប់រូប ដែល​ត្រូវ​មាន​ភាពស្និទ្ធស្នាល និង​បើកចំហរ​ពី​រាងកាយ​មនុស្ស​ស្រី ហើយ​មាន​តែ​អ្នកនោះ​ទេ ដែល​សាក​សម​នឹង​ពន្យល់​ប្រាប់​នាង​ពី​ការផ្លាស់ប្តូរ​នេះ​។​

៣. ជាមួយនឹង​ពិភព​បច្ចុប្បន្ន វា​នឹង​ធ្វើអោយ​ពួកគេ​ឆាប់​ធំ​ជាង​អាយុ ហើយ​នេះ​គឺជា​ការងារ​របស់​អ្នក​ក្នុង​ការពន្យា​ពេល​អោយ​ពួកគេ​ស្ថិត ក្នុង​វ័យ​កុមារភាព​អោយ​បាន​យូរ​តាម​ដែល​អាច​ធ្វើបាន​។​

បើ​ទោះ​ជា​ពួកគេ​មិន​ពេញចិត្ត​នឹង​ការហាមឃាត់​របស់​អ្នក​ក៏ដោយ តែ​នេះ​ជា​តួនាទី​របស់​អ្នក​ម្តាយ ដែល​ត្រូវតែ​មើល​ការខុសត្រូវ​ចំពោះ​កូនស្រី ដូច​ជា​ការ​ហា​មិន​អោយ​នាង​លាបម្ស៉ៅ​ក្រែម គ្រប់ពេល ឬ​ជា​ទម្លាប់​ពេល​ចេញ​ក្រៅ ,​ស្លៀកពាក់​អោយបាន​សមរម្យ និង​មិន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ដូច​ក្មេង​ជំទង់ ។ នេះ​ជា​ការងារ​របស់​អ្នក​ម្តាយ គ្រប់រូប​ក្នុង​ការកំណត់​ព្រំដែន​នៃ​វ័យ​របស់​នាង អោយបាន​ច្បាស់លាស់​។​

៤. លើកទឹកចិត្ត និង​គាំទ្រ​នូវ​ទំនាក់ទំនង​របស់​កូនស្រី​និង​ឱ​ពុក​
​ជា​ការពិត​ពួកគេ ត្រូវការ​ក្តីស្រលាញ់​ពី​អ្នក​ម្តាយ ប៉ុន្តែ​នាង​ត្រូវ​ក៏​ដឹង​ផង​ដែរ​ពី​ក្តីស្រលាញ់ របស់​លោកឳពុក​ចំពោះ​កូន​។ ហើយ​ចេះ​បែងចែក​នូវ​ក្តី​ស្រលាញ់​របស់​មនុស្ស​ប្រុស​ផ្សេងៗ​ទៀត ដោយ​មិន​ងាយ​នឹង​មាន​ចិត្ត​ផ្តេសផ្តាស់ ចំពោះ​មនុស្ស​ប្រុស​ដែល​ធ្វើ​ពុត​ជា​ស្រលាញ់​នាង​។​

៥. បង្រៀន​អោយ​ពួកគេ​មាន​ទម្លាប់​ក្នុងការ​សន្សំ​លុយ ដូច្នេះ​នៅ​ថ្ងៃ​ណា​មួយ​គេ​នឹង​អាច​មាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​គ្រួសារ​គ្រប់​ពេល​នោះ​ទេ​។​

៦. ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​ពេល​និយាយ​ពី​ចំណុច​ណាមួយ​នៃ​រាងកាយ​របស់​អ្នក ចំពោះមុ​នាង​។​
​ក្នុងនាម​ជា​ម្តាយ អ្នក​នឹង​ក្លាយជា​ឧទាហរណ៍ សម្រាប់​គេ​ក្នុង​ការបង្ហាញ​នូវ​ទស្សនៈ​ចំពោះ​រាងកាយ​។ ត្រូវ​រៀន​និយាយ​សម្តី​ល្អៗ អំពី​ខ្លួន​អ្នក​នៅ​ចំពោះមុខ​គេ ដូចជា​បញ្ហា​ទម្ងន់ ឬ​ស្នាម​ជ្រាវ​ជ្រួញ សភាព​ស្បែក ។​ល​។ អ្នក​ត្រូវ​លើកទឹកចិត្ត និង​អោយ​ខ្លួន​គេ​យល់​ពី​តម្លៃ​របស់​ខ្លួនឯង ជាង​ការរៀន​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ​។​

៧. ការពារ​ពួកគេ តែ​ក៏​ត្រូវ​បង្រៀន​ពួកគេ​អោយ​ចេះ​ក្រោកឈរ និង​តស៊ូ​មតិ​សម្រាប់​ខ្លួនឯង​ផង​ដែរ​។​
​ប្រាកដ​ណាស់ មិន​ថា​បុរស​ឬ​ស្ត្រី​គឺមាន​សិទ្ធ​ស្មើរ​គ្នា​ដូច្នេះ ស្ត្រី​ចាំបាច់​ត្រូវតែ​មាន​ជំហរ​រឹងមាំ​ដោយ​ខ្លួនឯង​ផង​ដែរ​។ អ្នក​អាច​នឹង​អោយ​ពួកគេ​ដឹងថា ក្នុងនាម​ជា​ម្តាយ អ្នក​ស្រលាញ់​និង​ចាំ​ការពារ​ពួកគេ តែ​ត្រូវ​ផ្តល់ឱកាស​អោយ​នាង​ចេះ​ជួយ​ខ្លួនឯង និង​រក​ដំណោះស្រាយ​ជាមុនសិន មុន​ពេល​អ្នក​ចូល​ទៅ​ផ្តល់ជំនួយ​។

៨.​លើកសរសើរ​នាង​ទៅ​លើ​កិច្ចការ​អ្វី​ដែល​នាង​សម្រេច​បាន ជាជាង​ការផ្តោត​តែ​លើ​រូប​សម្រស់ ឬ​លក្ខណៈ​រាងកាយ​។​
​ក្មេងស្រី​ត្រូវ​ដឹងថា នាង​មាន​តម្លៃ​ទៅលើ​ចរិយា​សម្បត្តិ និង​សមត្ថភាព​ជា​ជាង​រូប​សម្រស់​ដែល នាង​មាន​។ ដូច្នេះ អ្នក​ជា​ម្តាយ​គួរ​និយាយ​ប្រាប់​កូន​ថា អ្នក​ពេញចិត្ត​នឹង​សកម្មភាព​ល្អ​របស់​នាង​។ កូន​ជា​កូនស្រី​ដ៏​ឆ្លាត និង​ពូកែ​ម្នាក់​របស់​ម៉ាក់ ! ម៉ាក់​សប្បាយចិត្ត និង​ស្រលាញ់​កូន​ណាស់​!

៩. កំណត់​ព្រំដែន​នៅ​ក្នុង​ជីវិត​អ្នក ជាមួយនឹង​ការប្រព្រឹត្ត​របស់​អ្នកដទៃ​មកលើ​អ្នក​
​ម្តាយ​គឺជា​គ្រូបង្រៀន​ដំបូងបង្អស់​របស់​កូន​រាល់គ្នា ហើយ​ពួកគេ​នឹង​រៀន​បាន​ច្រើន​ពី​ពួក​យើង ទៅ​តាម​អ្វី​ដែល​យើង​បាន​ធ្វើ ច្រើន​ជាង​អ្វីដែល​យើង​បាន​ប្រាប់​គេ​។ ដូច្នេះ ប្រសិនបើ​អ្នកដើរតួ​ជា​ម្តាយ​ម្នាក់​ដ៏​រឹងមាំ និង​ទាមទារ​នូវ​តម្រូវការ​ខ្ពស់​ចំពោះ​ការប្រព្រឹត្ត​របស់​អ្នកដទៃ​មកលើ​ខ្លួន យ៉ាងណា នោះ​កូនស្រី​របស់​អ្នក​ក៏​នឹង​យក​គម្រូ​តាម​អ្នក​ដូចគ្នា ។​

១០. ដើរ​តាម​ក្តី​ស្រម៉ៃ និង​ក្តី​ស្រលាញ់​របស់​អ្នក​
​បង្កើត​ឧទាហរណ៍​អោយ​នាង​បានដឹង​ពី អ្វី​ដែល​ជាក្តី​ប្រាថ្នា និង​ការស្រលាញ់​របស់​អ្នក ដែល​អ្នក​យល់ថា​វា​ពិត​ជា​សំខាន់ ដូច្នេះ​ពួកគេ​នឹង​ចាប់ផ្តើម​ជឿ​ទៅ​លើក្តី​ស្រ​ម៉ៃ​របស់​ពួក​គេ​ដូច​គ្នា​។ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ការ​យល់ចិត្ត​អ្នក​អាច​បង្ហាញ​និង​ពិភាក្សា​ចំណុច​ទាំង​នេះ​ជាមួយ​នាង ក៏ដូចជា​ចែករំលែក​នូវ​អ្វី​ដែល​អ្នកទទួលបាន នោះ​នាង​នឹង​បានទទួល​នូវ​បទពិសោធន៍ ក៏​ដូចជា​មាន​មោទនភាព​ដែល​មាន​អ្នកជា​ម្តាយ​នាង​។​

១១. បង្រៀន​កូនស្រី​អ្នក​អោយ​មាន​ភាព​វៃឆ្លាត​នៅពេលដែល​គេ​ស្ថិតនៅ​ជាមួយ​ក្មេង​ប្រុស ឬ​មនុស្ស​ប្រុស​។
​ត្រូវ​រៀន​ជឿ​លើ​អារម្មណ៍​នៃ​សភាវគតិ​របស់ខ្លួន និង​ភាពមន្ទិលសង្ស័យ​ដែល​ពេល​ខ្លះ វា​ពិតជា​ចាំបាច់ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​។​

១២. ត្រូវ​បង្រៀន​អោយ​កូនស្រី​ដឹងថា​រាងកាយ​របស់​នាង គឺ​មាន​តម្លៃ និង​ត្រូវ​ទទួលបាន​នូវ ការគោរព ដោយ​មិន​មាន​ការបំពាន​ណាមួយ​ត្រូវ​កើតឡើង​នោះ​ឡើយ​។​

អ្នក​ជា​ម្តាយ គួរ​និយាយ​ដោយ​បើកចំហរ និង​ស្មោះត្រង់​ចំពោះ​កូនស្រី ពី​ទំនាក់ទំនង​ដែល​សមគួរ និង​មិន​សមគួរ ជាពិសេស​គឺ​ឥរិយាបថ​ដែល​មិន​សមស្រប​ណាមួយ​ដែល​មិន​ត្រូវ​កើតមាន ចំពោះ​រាងកាយ ឬ​ផ្លូវ​ចិត្ត​នាង​។

យើង​សង្ឈឹមថា ចំណុច​ទាំង​១២​ខាងលើនេះ នឹង​ជួយ​អោយ​អ្នក​ម្តាយ​គ្រប់រូប អាច​ចិញ្ចឹម​កូនស្រី​អោយ​បានល្អ និង​រីក​ធំធាត់​នូវក្នុង​បរិយាកាស​រីករាយ​និង ប្រកបដោយ​សុវត្ថិភាព​។ ក្នុងនាម​ជា​ម្តាយ​ម្នាក់ ជា​ការពិត​អ្នកត្រូវការ ការគាំទ្រ និង​ការណែនាំ​ពិភាក្សា​ពី​អ្នក​ម្តាយ​ដទៃទៀត​ដើម្បី​ចែករំលែក​បទពិសោធន៍​បន្ថែម ក៏ដូចជា​ពង្រឹង​ភាពជា​ម្តាយ​របស់​អ្នក​អោយ​កាន់តែ​ប្រសើរ​ថែម​ទៀត ៕
 
ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។