ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មហាសន្និបាត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ឯក មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ថ្លែង​ថា សហព័ន្ធ​របស់​លោក​គ្រោង​រៀបចំ​ឱ្យ​មានការ​ប្រកួត​បាញ់កាំភ្លើង​ថ្នាក់​ជាតិ​មួយ​នៅ​ក្នុង​ខែ​កុ​ម្ភៈ ខាង​មុខ​នេះ បន្ទាប់​ពី​សហព័ន្ធ​ទទួល​បាន​កាំភ្លើងខ្លី​២​ដើម និង​កាំភ្លើង​វែង​៥​ដើម​ពី​រោងចក្រ​CZ របស់​ប្រទេស​ឆែក ដែល​ជា​កាំភ្លើង​ទាន់សម័យ​បំផុត ។

លោក​ឧត្ដមសេនីយ៍ឯក មៀ​ច សុ​ផា​ន់​ណា បាន​ថ្លែង​បន្ត​ថា កន្លង​មក​សហព័ន្ធ​មិន​ដែល​រៀបចំ​ឱ្យ​មានការ​ប្រកួត​ម្ដងណា​ឡើយ ដោយសារ​តែ​យើង​គិត​ពី​បញ្ហា​ផ្លូវច្បាប់ សន្តិសុខ និង​សុវត្ថិភាព​សង្គម​ជា​មុន​សិន ។  សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ខែ​កុ​ម្ភៈ ខាង​មុខ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំងប្រដាប់អាវុធ​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ឡើយ ។

គួរ​បញ្ជាក់​ថា មហាសន្និបាត​ថ្ងៃ​នោះ ក្រៅពី​ទម្លាយ​ឱ្យ​ដឹង​ពី​គម្រោង​រៀបចំ​ប្រកួត​បាញ់កាំភ្លើង គឺ​នៅ​មាន​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ចំនួន​២​រូប​ទៀត ជំនួស​ថ្នាក់ដឹកនាំ​ចាស់​ដែល​ទៅ​បំពេញការងារ​រយៈពេល​វែង​នៅ​ក្រៅប្រទេស ។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​លោក​ហូ សិទ្ធិគុណ ត្រូវ​បាន​តែង​តាំ​ជា​អគ្គលេខាធិការ​ជំនួស​លោក​បួ​យ សោ​ភ័​ណ្ឌ និង​លោក​សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន ។ មហាសន្និបាត​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក​មៀ​ច សុ​ផា​ន់​ណា លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ជា​ច្រើន​រូប​ទៀត ៕