ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អង្គការ​រដ្ឋអិុ​ស្លា​ម​កាលពី​ថ្ងៃ​ទី​១៤ មក​រា ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​នៅ​ក្រុង​ហ្សា​ការ​តា រដ្ឋធានី​ឥណ្ឌូ​ណេ​ស៊ី ។ ការ​ប្រកាស​នេះ​មាន​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AAMAQ របស់​ក្រុម​នោះ ។

ការ​វាយប្រហារ​ទាំងនេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ កើត​មាននៅ​ក្បែរ​ហាង​កាហ្វេ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក STARBUCKS ព្រមទាំង​ក្បែរ​ការិយាល័យ​នានា​របស់ អ​.​ស​.​ប ក្នុង​សង្កាត់​សម្បូរ​ស្ថានទូត ។ ក្រុម​រដ្ឋ​អិុ​ស្លា​ម​ធ្លាប់​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នានា​នៅ​លី​ប៊ី​តាម AAMAQ ដែរ ។

យោង​តាម​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្លាប់​គំរាម​វាយប្រហារ​នៅ​ឥណ្ឌូ​ណេ​ស៊ី​រួច​ហើយ ។ កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់ សង្ស័យ​ថា រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នានា​ដំណាលគ្នា ។ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា ជនសង្ស័យ​ទាំង​៧​នាក់​នោះ​ស្ថិត​ក្នុង​ក្រុម​២​ដាច់​ដោយឡែក​ពី​គ្នា ខ្លះ​ជា​សមា​ជិក​ក្រុម JEMAAH ISLAMIYAH ខ្លះ​ទៀត​ស្ថិត​ក្នុង​អង្គការ​ក្រុម​រដ្ឋ​អិុស្លា​ម​ដែល​ទង់​ខ្មៅ​របស់​ក្រុម​នេះ ត្រូវ​បាន​ឆែក​រក​ឃើញ​តាម​កន្លែង​នានា​នៃ​ការ​ចាប់ខ្លួន ។

ការ​វាយប្រហារ​អត្តឃាត​របស់​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ដែល​នាំ​ឱ្យ​មានការ​ជ្រួលច្របល់​នៅ​ក្រុង​ហ្សា​ការ​តា​យក​លំនាំ​តាម​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។ ពួក​អ្នក​វាយប្រហារ​បាន​បាញ់​សម្លាប់​ជន​ស៊ី​វិល​២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កា​ណា​ដា​ម្នាក់​ពុំ​មែន​ជនជាតិ​ហូ​ឡង់​ដូច​សេចក្តីរាយការណ៍​មុន​ឡើយ ហើយ​កម្ទេច​ហាង​កាហ្វេ STARBUCKS ស្ថិត​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ។

ប៉ូលិស​និយាយ​ថា សរុប​មនុស្ស​៥​នាក់​បាន​ធ្វើការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​ក្នុង​សង្កាត់ THAMRIN សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ការិយា​ល័យ​របស់​បណ្តា​ទីភ្នាក់ងារ អ​.​ស​.​ប និង​បណ្តា​ស្ថានទូត​ពិសេស​ស្ថានទូត​បារាំង ។ ក្រៅពី​មនុស្ស​ស្លាប់​៧​នាក់ ក្នុង​នោះ​មាន​អ្នក​វាយប្រហារ​៥​នាក់ និង​ជន​ស៊ី​វិល​២​នាក់ មនុស្ស​២០​នាក់​ទៀត​រង​របួស ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ជា​ភាសា​អា​រ៉ាប់ ក្រុម​រដ្ឋ​អិុ​ស្លា​ម​អះអាង​ថា គ្រឿងផ្ទុះ​ជា​ច្រើន​បាន​ផ្ទុះ​ដំណាលគ្នា​នឹង​ការ​បាញ់ប្រហារ​របស់​ទាហាន​៤​នាក់​នៃ​រដ្ឋ​កាលី​ហ្វា​ត ដែល​ប្រើ​កាំភ្លើង​ធុន​ស្រាល និង​គ្រឿងផ្ទុះ​ដាក់​នៅ​ចង្កេះ​ដោយ​ការ​វាយប្រហារ​ទាំងនេះ​សំដៅលើ​ក្រុម​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុមចម្រុះ​ប្រឆាំង​រដ្ឋ​អិុស្លា​ម​ដឹកនាំ ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ហ្សូ​កូ វី​ដូ​ដូ បរិហារ​ថា នេះ​ជា​អំពើ​ភេរវកម្ម ចំណែក​អ្នកនាំពាក្យ​ប៉ូលិស លោក ANTON CHARLIYAN និយាយ​ថា ពួក​អ្នក​វាយប្រហារ​នៅ​ក្រុង​ហ្សា​ការ​តា​បាន​យក​លំនាំ​តាម​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា  កន្លង​មកនេះ ៕