ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក​ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​​បាន​លើក​ឡើង​​ថា ឆ្នាំ​២០១៥ ​កន្លង​មកនេះ កម្លាំង​សមត្ថ​​កិ​ច្ច​បាន​បង្ក្រាប​បទល្មើស​​គ្រឿងញៀន​បាន​​ចំនួន​២.​៣៥៩​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​​ជាង​៥​ពាន់​នាក់ និង​ដកហូត​គ្រឿង​ញៀន​បាន​ជាង​៩៦​​គីឡូក្រាម បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​បាន​តែ​២.២៥៧​នាក់​​ប៉ុណ្ណោះ ។​

លោក​​បន្ត​ថា ក្នុង​​ចំនួន​​ជនសង្ស័យ​ដែល​ឃាត់​បាន​ជាង​៥​ពាន់​នាក់​នេះ ​មាន​អ្នកលក់​ថ្នាំ​ញៀន​​ប្រមាណ​៥​០០​​នាក់​ប៉ុណ្ណោះ ក្រៅពី​នេះ សុទ្ធតែ​ជា​មនុស្ស​​សេព​គ្រឿងញៀន​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់ ជី​តូ បាន​មាន​ប្រសា​ស​ន៍​​បែប​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៤ មក​រា ​២០១៦ ក្នុង​ពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ឃួ​ង ស្រេង ​អភិបាលរង​នៃ​គណៈ​អភិ​បាល​​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជា​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ​ក្រោម​ឱ​វាទ​​​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​​គន្លឹះ​ក្នុង​វិធានការ​បង្ក្រាប និង​លុប​បំបាត់​ឲ្យ​បាន​​នូវ​បញ្ហា​គ្រឿងញៀន នៅ​តំបន់​ភូមិ​ត្រពាំង​​ឈូក សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ដែល​​ជា​តំបន់​ស្មុគស្មាញ និង​ល្បី​ល្បាញ​​ផ្នែក​គ្រឿងញៀន​នេះ​​​ ។