លោក គួច ម៉េង​លី មិន​សុំទោស​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ឡើយ​

​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បានទាមទារ​ឲ្យ​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី សុំទោស​ជា​សាធារណៈ​ចំពោះ​ការអត្ថាធិប្បាយ​របស់លោក​ដែល​រិះគន់​សេវា​សុខាភិបាល និង​គ្រួ​ពេទ្យ​ខ្វះ​សីលធម៌​។ ការរិះគន់​របស់លោក គួច ម៉េង​លី ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​អត្ថបទ​មួយ​ដែលមាន​ចំណងជើង​ថា​«​ពី​ក្មេង​ល្ងង់ខ្លៅ​…» ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​www.postkhmer.com នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៦​។

​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​បដិសេធ​មិន​ថ្លែង​សុំទោស​ជា​សាធារណៈ​តាម​ការទាមទារ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ឡើយ​។​

«​ខ្ញុំ​គិតថា ខ្ញុំ​មិនគួរ​សុំទោស​ឡើយ​។ វា​ជា​រឿង​ជាក់ស្តែង​។ ពលរដ្ឋ​ខ្មែរ​ពេល​ជួប​ពេទ្យ​ម្តង ពួកគាត់​ខ្លាច​បារម្ភ​ណាស់​។ មតិ​របស់ខ្ញុំ​ជាម​តិ​ស្ថាបនា​។ ខ្ញុំ​មិន​ចង់​ហែក​ទ្រូង​គ្រូពេទ្យ​ទេ ខ្ញុំ​ក៏​ជា​គ្រូពេទ្យ​ដែរ​។ តែ​ខ្ញុំ​ចង់​កែទម្រង់​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​ ដោយ​លោក​ពន្យល់បន្ថែមថា៖«វាជាពិសេោធន៍​របស់ខ្ញុំ។ គ្រូពេទ្យដែលខ្ញុំ​បានជួប បាន​ឃើញ ១០នាក់ គឺ​៩អាក្រក់ហើយ»។ 

​នៅក្នុង​អត្ថបទ​នៃ​គេហទំព័រ​ភ្នំពេញ​ប៉ុ​ស្ត៍​ចុះផ្សាយ​ថ្ងៃទី​៨​ខែម​រាក លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវបាន​ដកស្រង់​ប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ គាត់​គ្មាន​វិជ្ជាជីវៈ គ្មាន​ភាពទន់ភ្លន់ គ្មាន​មេត្តាធម៌​។ នេះ​ខ្ញុំ​មិនមែន​និយាយ​ទាំងអស់​ទេ ខ្ញុំ​និយាយ បើ​ខ្ញុំ​បាន​ជួប​១០ មាន​៩​អាក្រក់​។ បើ​មាន​អាកប្ប​កិរិយាមាយាទ​អំនួត អឿ ឈ្លើយ ម៉ា​បាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាងម៉េច​ទៅ​? ពេល​គេ​ទៅ​ព្យាបាល​ម្តងៗ​សឹងតែ​លុតជង្គង់​អង្វរ​គាត់​(​ពេទ្យ​)​។ ពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ក្រមសីលធម៌​ទាំងនោះ​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស​»​។​

​ការរិះគន់​នេះ​បានធ្វើ​ឲ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​មិន​សប្បាយចិត្ត ហើយ​ធ្វើ​លិខិតស្នើ​ឲ្យ​លោក គួច ម៉េង​លី សុំទោស​ជា​សាធារណៈ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​សរសេរ​យ៉ាង​ដូច្នេះ​៖«​ចំពោះ​ការនិយាយ​បរិហារកេរ្តិ៍ និង​ប្រមាថ​ជា​សាធារណៈ​របស់លោក​មក​លើ​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល គណៈ​វិជ្ជាជីវៈ​សុខាភិបាល សុំ​ឲ្យ​លោក​ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ ចំពោះ​ពាក្យសម្តី​របស់លោក​»​។​

​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក គួច ម៉េង​លី អះអាងថា លោក​នៅតែ​រក្សា​ជំហរ​របស់លោក​ដដែល ហើយ​បាន​រម្លឹក​បន្ថែមទៀត​អំពី​ការរិះគន់​ស្ទើរ​រាល់​ថ្ងៃ​របស់ប្រជាជន​ខ្មែរ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅតាម​សារព័ត៌មាន​ផង ទៅលើ​សេវា​សុខាភិបាល​កម្ពុជា​។ «​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​សង្កេតឃើញ​ជាក់ស្តែង​ថា គ្រូពេទ្យ​ខ្លួនឯង​មួយចំនួន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ផង ក៏​ពួកគេ​ធ្វើដំណើរ​ទៅ​បរទេស​ដែរ នៅពេល​ពួកគេ​មាន​បញ្ហា​សុខភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គួច ម៉េង​លី​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​