ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖  ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម រវាង​កីឡាករ​ជា សំនៀង មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ និង​កីឡាករ មិន សិលា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍​ទី​១៦ មក​រា ស្អែក​នេះ ឈាន​ចូល​ដល់ទី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ហើយ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​រវាង អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​សុទ្ធតែ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ដូច​គ្នា ធ្វើ​ឱ្យ​អ៊ុំ ចំរើន មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទាំង​ត្រដាបត្រដួស​។ ចំណែកឯ​ចាន់ គឹ​ម​លាភ វិញ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​នេះ​បាត់​ហើយ ។

ការ​ប្រកួត​លើក​នេះ​ជា សំនៀង ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ម៉ា​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ចំណែក​មិន សិលា ជួប​កីឡាករ​ថៃ​ឈ្មោះ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ។ ក្នុង​ចំណោម​កីឡាករ​បរទេស​ទាំង​៤​រូប មាន​តែ​ម៉ា​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត  ឯ​ជា សំនៀង ក៏​មិន​អាច​ស្វែងរក​កៅអី​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ​ដោយសារ​ពិន្ទុ​ដែល​គេ​រកបាន​មិន​គ្រប់គ្រាន់ ។ ដូច្នេះជំនួប​រវាង​ពួក​គេ​ទាំង​ពីរ​លើក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បីបង្គ្រប់កិច្ច​ប៉ុណ្ណោះ​។

ចំណែក មិន សិលា ក៏​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា ។ រីឯ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន វិញ ប្រកួត​លើក​នេះ ទោះ​ចាញ់​ឬ​ឈ្នះ​ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ដែរ​ហើយ​សម្រាប់​ការ​មក​ជួប មិន សិលា លើក​នេះ​គេ​មាន​ជំនឿ​ចិត្តច្រើន​ថា​នឹង​រក​៣​ពិន្ទុ​បន្ថែម​ទៀត ។ ឆ្លងកាត់​ការ​ប្រកួត​ទាំង​៤​លើក ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន​តែ​អ៊ុំ ចំរើន​ម្នាក់​ប៉ុណ្ណោះ​ដែល​មានសំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត ។ ចំណែក​កីឡាករ​បរទេស​វិញ កីឡាករ​ឡាវ​២​នាក់ និង​កីឡាករ​ថៃ​ម្នាក់​គឺ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ មាន​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ខុន ស៊ី​ចាន់ មក​ពី​ក្លិប​អន្លង់​វែង និង​កីឡាករ គៀង សា​វ៉​ន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕