ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​១៧ មក​រា កីឡាករ​កម្ពុជា​២​រូប ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង គឺ​កីឡាករ​ឈាន ហុង និង​មឿ​ន សុខ​ហ៊ុ​ច ឬ​ពុទ្ធ ហ៊ុ​ច នឹង​ឡើង​ប្រកួត​ជា​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​ជើង​ខ្លាំង​របស់​ស្រា​បៀរ​Blackcat»​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

កីឡាករ​ឈាន ហុង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​A Noukvath ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ។ កីឡាករ​ឈាន ហុង គឺជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ បើ​ទោះជា​គេ​បរាជ័យ​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​ជើងឯក​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​១ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​អាច​មើល​ស្រាល​បាន​ទេ ។ អ្នក​ស្នេហា​កីឡាប្រដាល់​នៅ​តែ​មើលឃើញ​ពី​សក្ដានុពល​របស់​ជើង​ខ្លាំង​រូប​នេះ និង​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ ។

ឯ​ក្រុម​អ្នក​ស្គាល់​ច្បាស់​ពី​ថ្វីដៃ​កីឡាករ​ថៃ A Noukvath មិន​យល់​ដូច្នេះ​នោះ​ទេ ដោយ​ក្រុម​អ្នក​យល់​ឃើញ​ទាំងនោះ​យល់​ថា​ក្រុមហ៊ុនស្រា​បៀរ​Blackcat ទំនងជា​បើក​រេញ​ធ្វើ​ឲ្យ​កីឡាករ​ឈាន ហុង រង​ការ​អាម៉ាស់​ចំពោះ​ការ​ប្រកួត​អន្តរជាតិ​បើក​ឆាក​ក្នុង​ឆ្នាំ​២០១៦​នោះ​ផង ។ សំអាង​លើ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​១០២​លើក ឈ្នះ​៨៣​លើក ចាញ់​១៥​លើក និង​ស្មើ​៤​លើក គេ​នៅ​តែ​យល់​ស្រប​ថា កីឡាករ​ឆ្លង​ដែន​មក​ពី​ទីក្រុង​បាងកក​រូប​នេះ នឹង​ឈ្នះ​កីឡាករ​កម្ពុជា​ដែល​ទើប​ឆ្លងកាត់​ការ​ប្រកួត​បាន​៧២​លើក ឈ្នះ​៦០​លើក ចាញ់​១០ និង​ស្មើ​២​លើក​នោះ​ក្នុងស​ន្ទ​ស្សន៍​ច្រើន​ជាង ។

លោក​តឹក ឡៃ និង​ឡុ​ង ស៊ី​លី​ន ជា​គ្រូបង្វឹក​មានការ​យល់​ឃើញ​ថា កូនសិស្ស​របស់​ខ្លួន​នឹង​ទទួល​ជោគជ័យ​សម្រាប់​ការ​ប្រកួត​យប់ខាន​​ស្អែក បើ​ទោះជា​កីឡាករ A Noukvath គឺជា​ជើង​ខ្លាំង​ក៏​ពិតមែន ។ គ្រូបង្វឹក​ដែល​មាន​ជំនាញ​ទាំង​ពីរ​បញ្ជាក់​ស្របគ្នា​ថា ឈាន ហុង មិន​ចាញ់​កីឡាករ​ថៃ​នោះ​ទេ ហើយនឹង​អាច​ទទួល​ជោគជ័យ​ដោយ​ក្ដី​រំពឹង​ខ្ពស់​នោះ​ផង​។ ម្នាក់​ៗ​បាន​លើក​ឡើង​ថា A Noukvath ជា​កីឡាករ​ល្អ ប៉ុន្តែ​កីឡាករ​រូប​នេះ ក៏​មាន​ចំណុចខ្សោយ​ច្រើន​ដែរ ទើប​ធ្វើ​ឱ្យ​ក្លិប​របស់​លោក​សម្រេច​ដាក់​ឱ្យ​កីឡាករ​ឈាន ហុង ប៉ះ​ប្រកួត​ជាមួយ ដោយ​មាន​ជំនឿ​ថា កូនសិស្ស​របស់​ខ្លួន​នឹង​ទទួល​បាន​ជោគជ័យ​នៅ​លើ​សង្វៀន​Blackcat មិន​ខាន​។

ចំពោះ​កីឡាករ​ពុទ្ធ ហ៊ុ​ច ឬ​មឿ​ន សុខ​ហ៊ុ​ច វិញ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ThanhanEk នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ អ្នក​ទាំង​២​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​ឯក ហើយ​ក៏​នឹង​ក្លាយជា​គូប្រកួត​ដែល​មាន​អ្នក​ចូល​ចិត្តច្រើន​ដែរ ។ កីឡាករ​កម្ពុជា​គូ​នេះ បើ​ទោះជា​ធ្លាប់​សាង​រឿងអាស្រូវ​ស៊ី​ឡាក់​មិន​បាន​ជោគជ័យ ហើយ​ត្រូវ​សហ​ព័ន្ធ​បញ្ឈរជើង​បណ្ដាល​ឱ្យ​មានការ​រិះគន់ ក៏​ការ​ប្រកួត​របស់​គេ មិន​ទាន់​ធ្លាក់ដៃ​នោះ​ឡើយ ។

អ៊ីចឹង​ហើយ​ទើប​គ្រប់ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ នៅ​តែ​មាន​កម្រិត​ស្រូប​ទាញ​អ្នក​ទស្សនា​ភាគច្រើន​ឱ្យ​ចង់​តាមដាន ។ កីឡាករ​ពុទ្ធ ហ៊ុ​ច ត្រូវ​គេ​អះអាង​ថា ធ្លាប់​ប្រកួត​បាន​១១៤​លើក ឈ្នះ​៨៩​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក ចំណែក​កីឡា​ករ​ថៃ​ធ្លាប់​ប្រកួត​បាន​១២៧​លើក ឈ្នះ​១០៥​លើក ចាញ់​២០​លើក និង​ស្មើ​២​លើក​។ ប្រវត្តិ​នៃ​ការ​ប្រកួត​របស់​គូ​នេះ បើ​ទោះជា​មើលទៅ​ខុស​គ្នា​ប្រមាណ​១០​ដង ប៉ុន្តែ​គេ​ចាត់​ទុក​ថា ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ គឺ​មាន​សមត្ថភាព និង​ហែល​ឆ្លង​ការ​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ ដែល​ពិតជា​ធ្វើ​ឱ្យ​ការ​ប្រកួត​នៅ​លើ​សង្វៀន​Blackcat យប់ខាប​​ស្អែក ទទួល​បានការ​ចាប់អារម្មណ៍ ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ​ឈាន ហុង និង​មឿ​ន សុខ​ហ៊ុ​ច បាត់​មុខ​ពីលើ​សង្វៀន​របស់​លោក​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ទើប​លោក​យល់​ឃើញ​ថា​ជំនួប​របស់​ពួក​គេ​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​Blackcat» ស​ប្ដា​ហ៍​​នេះ គឺ​ពិតជា​មាន​អ្នក​ចង់​ទស្សនា​ភាគច្រើន ។

យ៉ាងណា​ក៏​ដោយ លោក​ហាក់​មិន​ហ៊ាន​បញ្ចេញមតិ​ច្រើន​ទេ​ថា រវាង​កីឡាករ​កម្ពុជា​ទាំង​ពីរ និង​កីឡាករ​ថៃ​ទាំង​ពីរ តើ​អ្នក​ណា​ទទួល​បាន​ជ័យជម្នះ ។ លោក​ទទូច​ឱ្យ​រង់ចាំ​ការ​កាត់សេចក្ដី​តាម​រយៈ​ការ​ប្រកួត ដោយសារ​តែ​លទ្ធផល​ចាញ់​ឈ្នះ គឺ​មិនមែន​សុទ្ធតែ​អ្នក​ខ្លាំង​មាន​ប្រៀប ឬ​កីឡាករ​ដែល​មាន​សមត្ថភាព​ទាប​ជាង​ពិតជា​ចាញ់​នោះ​ទេ ។

នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ សម្រាប់​ពេល​ល្ងាច​ពី​ម៉ោង​៥​តទៅ ក៏​មានការ​ប្រកួត​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា ។ នោះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​កីឡាករ​៣២​នាក់​យក​តែ​១៦​នាក់​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ដែល​អ្នក​ទស្សនា​ចង់​ដឹង​រៀង​រាល់​ស​ប្ដា​ហ៍​ថា​តើ អ្នក​ណាខ្លះ​បាន​ឡើង​អង្គុយ​កៅអី​១៦​នាក់ ៕