ចាប់បាន​សម្បុក​ចោរប្លន់ នៅ​ខណ្ឌមានជ័យ​

Doliprane TVC

ជនសង្ស័យ​ចំនួន ២ នាក់​ក្នុងចំណោម​បក្សពួក​ចំនួន ៤ ​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក អនុ​សេនី​យ៏​ឯក ហួរ ម៉េង​វ៉ាង អធិការរង​ទទួលបន្ទុក​ផែន​យុត្តិធម៌​នគរបាល​ខណ្ឌមានជ័យ បាន ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ទាំងនេះ ធ្វើ​សកម្មភាព​ព្រួត​វាយ​ប្លន់​យក​ទូរ​សព្ទ័​ដៃ និង លុយ​ពី​បុរស​ម្នាក់​បានសម្រេច រួច​រត់​គេចខ្លួនបាត់​បាន​រយៈពេល​ជាង ២ ថៃ្ង​រួចមក ។​

​ការចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ និង ១៥ នាទី ថៃ្ង​ទី ១១ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុច​ក្បែ​វត្ត​សាមគ្គី​រង្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​លោក​អនុ​សេនី​យ៏​ឯក ហួរ ម៉េង​វ៉ាង អធិការរង​ទទួលបន្ទុក​ផែន​យុត្តិធម៌​នគរបាល​ខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ២ នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ខាងលើនេះ ទី ១ មានឈ្មោះ ធា ប៊ុន​ធាន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ និង បក្សពួក​ក​ម្នាក់ទៀត​មានឈ្មោះ រិ​ទ្ធ សៅ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ អ្នក​ទាំង ២ នាក់​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ទ្រា ៣ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ( ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ) ចំណែក​បក្សពួក​ជនសង្ស័យ​ចំនួន ២ នាក់​ទៀត ឈ្មោះ អា​ស្រស់ និង ឈ្មោះ អា​ខ្វេ រត់គេចខ្លួន​បាត់ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ វណ្ណា វណ្ណៈ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កាលពី​ថៃ្ង​ទី ៩ ខែមករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៩ គត់ ជនរងគ្រោះ​បាន​ដើរ​មកពី​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​នៅក្នុង​ភូមិ​ទ្រា ៣ ជាមួយគ្នា លុះ​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ​របស់គាត់ ដែលជា​ចំណុច​ផ្លូវកែង ស្រាប់​តែមាន​ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សៅ ខាងលើ បាន​ដើរ​មកពី​ក្រោយខ្នង​គាត់ រួច​ធ្វើ​សកម្មភាព​ចាប់​គ្រៀក​គាត់​ជាប់ ចំណែក​បក្សពួក​ជនសង្ស័យ​ចំនួន ៣ នាក់​ផ្សេងទៀត បាន​ព្រួត​គ្នា​ដាល់​ក្បាល​របស់គាត់​ទាំងសងខាង​ជាច្រើន​ដៃ ឡើង​ទ្រមខ្លួន រួច​ធ្វើ​សកម្មភាព​លូក​យក​ទូរ​សព្ទ័​ដៃ​របស់គាត់​មួយគ្រឿង និង លុយ​ចំនួន ៤ ម៉ឺន​រៀល រត់គេចខ្លួន​បាត់អស់​តែម្តង ។

​ក្រោយពី​ហេតុ​ការ​ណ៏​នេះ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួចមក លោក អនុ​សេនី​យ៏​ឯក ហួរ ម៉េង​វ៉ាង អធិការរង​ទទួលបន្ទុក​ផែន​យុត្តិធម៌​នគរបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង បើក​ការស្រាវជ្រាវ រហូតដល់​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំងនេះ​បាន​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ២ នាក់​ខាងលើនេះ តែម្តង ។ ចំណែក​បក្សពួក​របស់​ជនសង្ស័យ​ចំនួន ២ នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ហើយ​នៅពេលនេះ​សមត្ថកិច្ច កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​បន្តទៀត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់ អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន និង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕    ​ ( ប្រភព : TV5 )