ចូលរួម​ជិះ​កង់​ទាំងអស់​គ្នា​ដើម្បី​ជួយ​ក្មេង​ៗ​ក្រីក្រ

ចូលរួម​ជិះ​កង់​ទាំងអស់​គ្នា​ដើម្បី​ជួយ​ក្មេង​ៗ​ក្រីក្រ

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) និង​ក្រុមហ៊ុន​ ​Cellcard បាន​អំពាវនាវ​ឲ្យ​អ្នក​ចូលចិត្ត​ជិះ​កង់​ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី «​ជិះ​កង់​ទៅ​សាលា​» ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគមន៍ និង​ជា​ការ​កម្សាន្ត​។

 

កម្មវិធី​ដែល​រៀបចំឡើង​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ក្រោម​ការ​ឧបត្ថម្ភ​ធំ​របស់​ក្រុមហ៊ុន ​Cellcard នេះ នឹង​ប្រមូល​អ្នក​ចូល​ចិត្ត​ជិះ​កង់​ទាំងអស់​ដើម្បី​ប្រកួត​ការ​ជិះ​កង់​រយៈ​ពេល​មួយ​ថ្ងៃ​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត ដើម្បី​រៃអង្គាស​ថវិកា​គាំទ្រ​ដល់​កុមារ​ក្រីក្រ​ឲ្យ​ទទួល​​បាន​ការ​អប់រំ​ដ៏​ប្រសើរ​តាម​រយៈ​ការ​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​។​

 

 

«​ជិះ​កង់​ទៅ​សាលា​» ដែល​មាន​ចម្ងាយ ១៥៣ គីឡូ​ម៉ែត​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ដោយ​បើកចំហ​ដល់​សាធារណជន​ចូលរួម ហើយ​ការ​ជិះ​កង់​នេះ​បែងចែក​ជា​ជម្រើស​ផ្សេងៗ​គ្នា​។ អ្នកចូលរួម​ដែល​មាន​អាយុ​លើស​ពី ៤៥​ឆ្នាំ អាច​ជ្រើស​រើស​យក «​ក្រុម VIP» ខណៈ​ដែល​អ្នកជិះ​កង់​អាជីព​អាច​ជ្រើសរើស​យក «​ក្រុម​ខ្លារខិន​»។ រីឯ​អ្នកជំនាញ​ជិះ​កង់​មធ្យម​អាច​ជ្រើសរើស​យក «​ក្រុម​ទន្សាយ​»​។ ក្រៅពី​ក្រុម​ខ្លាំងៗ​ទាំង​៣​ខាងលើ យើង​ក៏​មាន «​ក្រុម​នារីក្លាហាន​» សម្រាប់​សុភាព​នារី​របស់​យើង​ផង​ដែរ​។

 

អ្នក​ចូលរួម​​នឹង​ទទួល​បាន​អាវ​ជិះ​កង់​ដ៏​ស្រស់ស្អាត អាហារ​សម្រន់​ សេវាកម្ម​ម៉ាស្សា​នៅ​គោលដៅ​ផ្តាច់ព្រ័ត្រ ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច បន្ទប់​ស្នាក់​នៅ​មួយ​យប់ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រលប់​មក​ទីក្រុង​ភ្នំពេញ​វិញ​។

 

ចូលរួម​ជិះ​កង់​ទាំងអស់​គ្នា​ដើម្បី​ជួយ​ក្មេង​ៗ​ក្រីក្រ

 

ក្រៅពី​ការ​ចុះ​ឈ្មោះ​ចូលរួម អ្នក​ចូលរួម​ក៏​អាច​បរិច្ចាគ​ទៅ​កម្មវិធី​នេះ​តាម​រយៈ​រូបភាព​ផ្សេងៗ​ដូចជា ការ​រៃអង្គាស​ថវិកា​ពី​មិត្តភ័ក្ដិ សហការី ឬ​សមាជិក​គ្រួសារ សម្រាប់​រាល់​មួយ​គីឡូ​ម៉ែត​ដែល​ខ្លួន​ជិះ​បាន ឬ​តាម​រយៈ​ការ​ចូលរួម​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​។

 

អតិថិជន Cellcard ​អាច​បរិច្ចាគ​ទៅ​កម្មវិធី​នេះ​តាម​រយៈ​ការ​ផ្ញើ​សារ​ទៅ​លេខ «៩១៩៦»​។ រាល់​ការ​ផ្ញើ​សារ​ជា​អក្សរ​ម្តង​មាន​តម្លៃ ៥០​សេន​។ ការ​ផ្ញើ​សារ​បរិច្ចាគ​អាច​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី៩ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។

 

«​គ្មាន​កុមារ​ក្រីក្រ​ណា​ម្នាក់​បោះបង់​ចោល​ការ​សិក្សា ដោយសារ​គ្មាន​កង់​ជិះ​ទៅ​សាលា​នោះ​ទេ!​»​ នេះ​ជា​ប្រសាសន៍​របស់​លោក ពិន សារពេជ្ញ នាយក​កម្មវិធី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​។​

 

លោក ឡាន វ៉ាត់សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ Cellcard មាន​ប្រសាសន៍​ថា៖ «​កម្មវិធី​ជិះ​កង់​ទៅ​សាលា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​មាន​ភាពសប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សហគមន៍​យើង​ផង​ដែរ​។ យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូលរួម​ច្រើន​ក្នុង​កម្មវិធី​នេះ​ដើម្បី​ផ្តល់​ឲ្យ​កុមារ​ក្រីក្រ​នូវ​លទ្ធភាព​ពេញ​លេញ​ក្នុង​ការ​សិក្សា ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​អនាគត​របស់​ពួកគេ​»​។

 

កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចេញ​ដំណើរ​នៅ​ម៉ោង ៦​ព្រឹក នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Cellcard នៅលើ​វិថី​ព្រះសីហនុ​។ តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​គឺ ១៤០.០០០​រៀល (៣៥​ដុល្លារ​) ក្នុង​អ្នក​ជិះ​កង់​ម្នាក់។ អ្នក​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន Cellcard នៅ​លើ​វិថី​ព្រះសីហនុ ភោជនីយដ្ឋាន​ Lotus Blanc លើ​ផ្លូវ ៥១ ឬ​ក៏​នៅ​ហាង​កង់ Flying Bikes 2 លើ​ផ្លូវ ៥១​។

 

«​ជិះ​កង់​ទៅ​សាលា​» សហកា​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្រោម​ការ​សហការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Flying Bikes 2 រោងភាពយន្ត Major Cineplex ក្រុមហ៊ុន Sabay ក្រុមហ៊ុន​ទឹកបរិសុទ្ធ Eau Kulen ថ្នាំ​ពណ៌​ជាតិ Cam-Paint កាសែត​កោះសន្តិភាព និង​ក្រុមហ៊ុន Nova។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ០១៧ ៧៧៦ ១៤៤ / ០១០៧៧៦ ១៤៤ / ០៨៦ ៨៤៤ ៤១១ ឬ​ [email protected] ឬ​ក៏​ចូល​ទៅ​កាន់ Facebook របស់​កម្មវិធី​នេះ​តាមរយៈ Ride2School Cambodia ៕

 

អត្ថបទ៖ ដៃគូ​សហការ