ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ ឆេ​ន​កូ ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ មក​រា ពី​បណ្តា​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៦ គឺ​ដណ្តើម​ត្រួតត្រា​វិញ​តំបន់​ភាគ​ខាងកើត​ប្រទេស ក្រោម​ការ​កាន់កាប់​របស់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ហើយ​ចាប់ផ្តើម​ធ្វើការ​ចរចា​ជា​អន្តរជាតិ​ដណ្តើម​យក​តំបន់​គ្រី​មេ​ពី​រុ​ស្ស៊ី​វិញ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៦ អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​ស្តារ​ឡើង​វិញ លើ​បណ្តា​ដែនដី​កាន់កាប់​នៃ​តំបន់​ដូ​ណេ​ត​ស្ក៍ និង​តំបន់​លូ​ហ្គា​ន​ស្ក៍ ដែល​នៅ​ទីនោះ​ជម្លោះ​ដោយ​អាវុធ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៩.០០០​នាក់ ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៤​មក ។

ទោះបី​យ៉ាងណា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សន្យា​ប្រើ​តែ​មធ្យោបាយ​នយោបាយ និង​ការទូត​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​ទិស​ដៅ​នេះ ខណៈ​ដែល​បណ្តា​ភាគី​ច្បាំង​គ្នា​មាន​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ហៅ​កិច្ចព្រមព្រៀង​ក្រុង​មី​ស្ក៍​ដែល​អាច​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ទោះបី​ជម្លោះ​មិន​ទាន់​បញ្ចប់​ក្តី ។

ចំពោះ​តំបន់​គ្រី​មេ​ដែល​រុ​ស្ស៊ី​ដណ្តើម​យក​កាលពី​ខែមីនា ឆ្នាំ​២០១៤ អ៊ុយ​ក្រែ​ន​គ្រោង​ស្នើ​បង្កើត​យន្តការ​អន្តរជាតិ​មួយ​ជាមួយ​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេ​រិ​ក ។ នេះ​ជា​ការ​ចាប់ផ្តើម​ការ​ចរចា​សំដៅ​បញ្ចប់​ការ​កាន់កាប់​ឧបទ្វីប​នោះ ។

អ៊ុយ​ក្រែ​ន និង​ពួក​លោក​ខាងលិច​ចោទប្រកាន់​រុ​ស្ស៊ី​ថា ជួយ​បំពាក់អាវុធ​ឱ្យ​ដល់​ពួក​បំបែក​ខ្លួន​និយម និង​ដាក់​ពង្រាយ​កងទ័ព​ក្នុង​តំបន់​ជម្លោះ​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​អឺរ៉ុប​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​នៅ​តំបន់​បាល់​កង់​កាលពី​ទស​វត្ស​ឆ្នាំ​៩០​មក ។ ក្រុង​មូ​ស្គូ​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ ក៏​ប៉ុន្តែ​តួនាទី​របស់​ខ្លួន​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​ត្រូវ​រង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត ហើយ​ញ៉ាំង​ឱ្យ​មានការ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​នៃ​ទំនាក់ទំនង​ជាមួយ​ពួក​លោក​ខាងលិច​ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក ៕