ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម YONHAP ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៥ មក​រា ថា ក្នុង​បាល់​ឡុ​ង​ហោះ​ដែល​មាន​ផ្ទុក​បណ្តា​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងត្បូង បញ្ជូន​នា​ពេល​ថ្មី​ៗ​នេះ ដោយ​កូរ៉េ​ខាងជើង​មាន​ដាក់​គ្រាប់បែក​ផ្ទុះ​ស្វ័យប្រវត្តិ និង​ឧបករណ៍​កម្រិត​ពេល​ម៉ោង​ផ្ទុះ ។

ប្រភព​ព័ត៌មាន​មួយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ធ្វើការ​កត់​សម្គាល់ថា បណ្តា​គ្រាប់បែក​ផ្ទុះ​ដោយ​ស្វ័យប្រវត្តិ និង​បណ្តា​ឧបករណ៍​កម្រិត​ពេល​ផ្ទុះ ស្ថិត​ក្នុង​បាល់​ឡុ​ង​ហោះ​ធ្វើ​ពី​ប្លា​ស្ទិ​ក ។ បាល់​ឡុ​ង​ហោះ​ទាំងនេះ គឺ​សំដៅ​បាច​ខិត្តប័ណ្ណ​ទាំងឡាយ​ពីលើ​អាកាស​ជុំវិញ​ក្រុង​សេ​អ៊ូ​ល និង​តំបន់​ព្រំដែន​ទៅ​តាម​ពេលវេលា​កំណត់​មួយ យោង​តាម​ការ​គិត​ពី​ចម្ងាយ​ដែល​បាល់​ឡុ​ង​ទាំងនេះ​ហោះ ។

ប្រភព​នេះ​គូសបញ្ជាក់​ថា ពុំ​មាន GPS ក្នុង​បាល់​ឡុ​ង​ហោះ​យក្ស​ទាំងនេះ​ឡើយ ហើយ​ចំនួន​ខិត្តប័ណ្ណ​ដែល​បាន​បញ្ជូន​មក​មាន​ដល់​២៥.០០០​សន្លឹក ។ វា​មិន​ពិបាក​កំណត់​ដឹង​ថា គឺ​កូរ៉េ​ខាងជើង​ជា​អ្នក​ផលិត​ខិត្តប័ណ្ណ​ទាំងនេះ​ឡើយ ពេល​ឃើញ​គុណភាព​នៃ​ការ​បោះពុម្ព និង​ក្រដាស ។

ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៦ មក​រា កងទ័ព​កូរ៉េ​ខាងត្បូង​ដំណើរការ​ឡើង​វិញ​នូវ​សង្គ្រាមចិត្តសាស្ត្រ​ប្រឆាំង​កូរ៉េ​ខាងជើង​នៅ​តាម​បណ្តា​ប៉ុស្តិ៍​ព្រំដែន ។ ចំណែក​កូរ៉េ​ខាងជើង​វិញ​ក៏​ជំរុញ​ការ​ឃោសនា​តាម​ប្រដាប់​បំពង​សំឡេង​តបត​វិញ​ដែរ បន្ទាប់​មក​ចាប់ផ្តើម​បញ្ជូន​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងត្បូង ។ ប្រឈម​មុខ​ចំពោះ​សកម្មភាព​នេះ​របស់​កូរ៉េ​ខាងជើង កូរ៉េ​ខាងត្បូង​ដាក់​ពង្រាយ​តាម​ខ្សែបន្ទាត់​រណសិរ្ស​នូវ​ប្រដាប់​បំពង​សំឡេង​ចល័ត​៤​បន្ថែម​ទៀត ដែល​ប្រដាប់​បំពង​សំឡេង​ទាំងនេះ​អាច​ឮ​ដល់​ចម្ងាយ​១០​គីឡូម៉ែត្រ​ឯណោះ ៕