ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ឈ្លោះ​វាយតប់​គ្នា​ជាមួយ​ប្តី​រួច​មក បានរ​ត់ទៅ​សំងំ​លេបថ្នាំ​ងងុយដេក និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​អស់​ជា​ច្រើន​គ្រាប់​ប៉ង​ធ្វើ​អត្តឃាត ដោយ​តែ​រឿង​ប្រចណ្ឌ​នឹង​ប្តី​ថា មាន​ស្រី​ថ្មី បង្ក​ឱ្យទៅ​ជា​ជម្លោះ​ទាស់ទែង​គ្នា ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥  មក​រា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ពី​បុរស​ម្នាក់​ជា​ប្រជា​ការពារ​ភូមិ​អូរ​ឈើ​ក្រំ​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ចេ​ង សុ​ជា អាយុ​៣៥​ឆ្នាំ លេបថ្នាំ​អស់​៥០​គ្រាប់ មាន​ប្តី​ឈ្មោះ​ឈឿ​ត ឈី​ប អាយុ​៤០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រំដែន និង​អភិរក្ស​សត្វព្រៃ​ប៉ៃលិន​សំឡូត មានកូន​ចំនួន​២​នាក់ ប្រុស​១ ស្រី​១ មានស្រុក​កំណើត​រស់នៅ​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ធ្លាប់​មានការ​ឈ្លោះ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជាមួយ​ប្តី​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ដោយ​ខាង​ប្រជា​ការ​ពារ​ភូមិ​ខាង​អាជ្ញាធរ​ភូមិ​បាន​សម្រុះសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​ជា​ញឹកញាប់ ។ ប៉ុន្តែ​នៅ​ល្ងាច​មុន​ថ្ងៃ​កើតហេតុ ខណៈ​ប្តី​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បន្តិចបន្តួច លុះ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​កើតរឿង​ប្រចណ្ឌ​បោក​ចាន​បោក​ឆ្នាំង ។ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទាញ​យក​ទូរស័ព្ទ​បោក​ចោល និង​បោក​ចានឆ្នាំង ថែម​ទាំង​វាយតប់​គ្នា​ជាមួយ​ប្តី​ផង​ដែរ ។ ក្រោយមក ក៏​រត់​ទៅ​យក​ថ្នាំ​ងងុយដេក និង​ថ្នាំ​ប៉ា​រ៉ា​សរុប​ទាំងអស់​៥០​គ្រាប់​លេប​នៅ​ក្នុង​បន្ទប់​ប៉ង​អត្តឃាត​តែ​ម្តង ។

គ្រូ​ពេទ្យ​បាន​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​អាច​ធ្វើការ​លាង​ក្រពះ​ជម្រះ​ជាតិ​ថ្នាំ​បាន​ទេ ព្រោះ​លេបថ្នាំ​នេះ​រយៈពេល​យូរ​ពេក​ធ្វើ​ឱ្យ​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​អស់ហើយ ។ ដូច្នេះ​មាន​តែ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ  ហើយ​រហូត​មក​ដ​ល់​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃដដែល​នេះ​ ស្ត្រី​រង​គ្រោះ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ។