ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក ស៊ឹ​ម ស៊ី​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ចុះ​សំណេះសំណាល​ និង​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​​​រស់នៅ​ក្នុង​សហគមន៍​សែនសប្បាយ ​ស្ថិត​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ​។

តាម​របាយការណ៍​សហគមន៍​​ បាន​ង្ហាញ​ឱ្យ​ឃើញ​​​ថា នៅ​ក្នុង​សហគមន៍​សែនសប្បាយខាង​លើនេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៨០​គ្រួសារ​ ក្នុង​នោះ​មេ​គ្រួសារ​ជា​ស្ត្រី​មេម៉ាយ​ចំនួន​១៥​គ្រួសារ និង​មេ​គ្រួសារ​ជា​ជន​ពិការ​ចំនួន​១​គ្រួសារ ។

លោក ស៊ឹ​ម ស៊ី​ថា បាន​ថ្លែង​ថា ការ​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ប្រជា​​សហគមន៍​សែនសប្បាយ​នា​ពេល​នេះ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​សាលា​រាជ​ធានី​ភ្នំពេញ ដែល​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ជួប​ការ​លំបាក​រស់នៅ​តាម​សហ​គមន៍ ​​ដែល​​ត្រូវការ​ចាំបាច់​​ការ​ជួយ​​ឧបត្ថម្ភ​ទុន​​ពី​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ ហើយ​នេះ​ជា​សមាគម​ទី​១៣៩ ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បាន​​ជួយ​ឧបត្ថម្ភ​​ទុន​ជូន​ប្រជាពលរដ្ឋ​​តាំងពី​ឆ្នាំ​២០០៥ មកម៉្លេះ ។

​លោក ស៊ឹ​ម ស៊ី​ថា បាន​ឲ្យ​ដឹង​​ដែរ​ថា ការ​ឧបត្ថម្ភ​ទុន​​ជូន​គ្រួសារ​នៅ​ក្នុង​សហគមន៍​សែនសប្បាយ​នេះ​ គឺ​ត្រូវ​បែងចែក​តាម​គ្រួសារ​នីមួយ​ៗ រួម​មាន​ ចំនួន​១៦​គ្រួសារ​ទទួល​បានការ​ឧបត្ថម្ភ​ទុន​​ប្រមាណ​៧០% គ្រា​ដែល​៦៤​គ្រួសារ​ទៀតទទួល​បាន​៥០% ។ លោក​បញ្ជាក់​ថា ការ​ឧបត្ថម្ភ​ទុន​នេះ ​គឺ​ធ្វើ​ឡើង​តាម​រយៈកា​រត​បណ្តាញទឹក​ស្អាត​ និង​ដាក់កុង​ទ័​រ​មិន​យក​តម្លៃ​សេវា ​និង​ឲ្យ​បង់​រំ​លោះ​សម្ភា​រថែម​ទៀត ។

​លោក​អគ្គនាយក​បាន​អះអាង​ថា ការ​ផ្តល់​សេវា​នា​ពេល​នេះ​ គឺជា​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គាត់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ព្រោះថាកន្លង​មក ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ដែល​ទិញ​ពី​ក្រុម​ឈ្មួញ​ដែល​គេ​គិត​ថា មាន​តម្លៃ​ថ្លៃ ហើយ​មិនសូវ​ធានា​អនាម័យ​នោះ​ឡើយ ។

​លោក​ក៏​​បាន​​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះថា នៅ​ដំណាក់កាល​ដំបូង​នេះ​សម្ពាធ​ទឹក​នៅ​ខ្សោយ​បន្តិច ព្រោះ​សហគមន៍​​​នេះ​​នៅ​ឆ្ងាយ​ពី​ទីក្រុង ។ ប៉ុន្តែ​នៅ​ពេល​រោងចក្រ​ថ្មី​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០១៧ នាពេល​ខាង​មុខ​នេះ ​ប្រជាពលរដ្ឋ​នឹង​លែង​មានការ​លំបាក​ទៀត​ហើយ ៕