អាវុធហត្ថ​ស្រុក​រុក្ខ​គិរី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​គោយន្ត

ខេត្តបាត់ដំបង​៖​លោក​អនុសេនីយ៍ទោ ទឹម ខាវ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​រុក្ខ​គី​រី​បានអោយដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ឡាំង​រុន​ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​ថា​មាន​ករណី​ចោរលួច​យក​គោយន្ត​កាលពី​វេលា​ម៉ោង​១៥៖៤០​នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី លោក​ក៏បាន​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​ទៅតាម​ការណែនាំ​របស់លោក​ហេង លុយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​ពេលនោះ​នៅវេលា​ម៉ោង ៦៖៣០​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ កម្លាំង​របស់លោក​បាន​នាំខ្លួន​ជនសង្ស័យ ឈ្មោះ ឆាយ ប៊ុនឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​មក​ធ្វើការ​សាកសួរ​។

​    ​ក្រោយពី ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ឆាយ ប៊ុនឆៃ បាន​សារភាពថា កាលពី​ថ្ងៃទី​១៣​វេលា​ម៉ោង​១៥៖៤០​នាទី ខ្លួន​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​របស់​ឡាំង រេ​ត​ដែលជា​បងប្រុស​របស់​ឈ្មោះ​ឡាំង រុន​គោលបំណង​ខ្ចី​កាំបិត​យកទៅ​កាប់​ដើមឈើ​លុះ​ទៅដល់​ក្នុងផ្ទះ​ឃើញ​មានតែ ក្មេង​អាយុ​ប្រហែល​៧​ឆ្នាំ នៅផ្ទះ​ដោយ​ឈ្មោះ​ឡាំង រេ​តទៅ​ចំការ​បាត់​ពេលនោះ​ខ្លួន​ក៍​បានឃើញ​គោយន្ត​ទុកចោល​នៅក្រោម​ផ្ទះ​ក៏ ចូលទៅ​បញ្ឆេះ​បើក​យកចេញ​តែម្តង​។​

​    ​ប្រភព បន្តថា គោលបំណង​យកទៅលក់​នៅ​ផ្សា​មោងឫស្សី​ដើម្បី​យកលុយ​ទៅ​ភ្នំពេញ​និង​ទិញ​ម៉ូតូ​១ គ្រឿង​។ លោក​អនុសេនីយ៍ទោ ទឹម ខាវ បាន​ប្រាប់ថា នៅពេលនេះ​គោយន្ត​ត្រូវបាន​ប្រគល់​ទៅអោយ​ម្ចាស់​ដើម​វិញ​ចំណែក​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅ ព្រឹក​ថ្ងៃទី​១៥​មករា​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​

អាវុធហត្ថ​ស្រុក​រុក្ខ​គិរី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​គោយន្ត