ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គិសនី​កម្ពុជា​ម្នាក់ ត្រូវ​ជន​ស្ទាវ​ប្រុស​-​ស្រី​២​នាក់​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​កាប់​ពីក្រោយ​ចំ​ដៃ​ខាងស្តាំ​បណ្តាល​​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​មន្ត្រី​រូប​នេះ​ចុះ​ទៅ​ស្រង់​ថាមពល​អគ្គិសនី​ក្នុង​កុង​ទ័​រ​របស់​ប្រជាពលរដ្ឋ​តាម​លំនៅ​ឋាន​នីមួយ​ៗ​ហើយ​បាន​ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​ជាមួយនឹង​ក្មេង​ស្ទាវ​ទំនើង​២​នាក់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះល្វែង​គ្មាន​លេខ​មួយ​កន្លែង ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ជា សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទំនប់​ទឹក​ខណ្ឌចំការមន និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ដោយឡែក ជន​ទំនើង​ប្រុស​-​ស្រី​ទាំង​២​នាក់ ១-​ឈ្មោះ​សំ សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​មានឈ្មោះ​យ៉ា​ន ស៊ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​អ្នក​រាប់​លុយ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​ជាមួយ​គ្នា ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតរឿង​ហេតុ គឺ​ដំបូង​ឡើយ​ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​អគ្គី​ស​នី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​សេ​១២៥ មក​ស្រង់​ទិន្នន័យ​ថាមពល​អគ្គិសនី ដែល​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ពី​ខែ​ចាស់ ដើម្បី​យក​ទៅ​ធ្វើការ​ទូទាត់ ដោយ​ចុះ​ស្រង់​តាម​បង្គោល​ដង​ភ្លើង​នីមួយ​ៗ មុខ​លំនៅ​ឋាន​របស់​ពលរដ្ឋ ។ លុះ​មក​ដល់​ចំណុច​មុខ​ផ្ទះ​កើតហេតុ ខណៈ​កំពុង​ស្រង់​នោះ ស្រាប់តែ​ឈ្មោះ​សំ សុ​ជាតិ បាន​ដើរមក​ក្បែរ​ហើយ​ស្រែក​ទៅ​កាន់​មន្ត្រី​អគ្គិសនី​រង​គ្រោះ​ថា ស្រង់​តែ​ភ្លើង​ឱ្យ​ត្រឹមត្រូវ​បាន ហើយ​កុំ​ឆ្លៀត​បន្លំ​ស៊ី​គីឡូ​ភ្លើង ។

ក្រោយ​ឮ​បែប​នេះ ជន​រង​គ្រោះ​បាន​ដើរទៅ​សួរនាំ​ឈ្មោះ​សំ សុ​ជាតិ អំពី​មូលហេតុ​ដែល​ថាឱ្យ​គេ ។ ភ្លាម​នោះ បងស្រី​ជីដូនមួយ​របស់​សំ សុ​ជាតិ ឈ្មោះ​យ៉ា​ន ស៊ី បាន​ចេញ​មក​ក្រៅ​ជួយ​និយាយ​កាន់ជើង​ប្អូន ជា​ហេតុ​បង្ក​ជា​ទំនាស់​ពាក្យ​សម្តី​មួយសន្ទុះ ។ ភ្លាម​ៗ​នោះ បុរស​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​បាន​ស្រែក​ជេរ​ដាក់​ស្ត្រី និង​បុរស​ជា​បងប្អូន ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH-0637 តាម​ពីក្រោយ ដោយ​ក្នុង​ដៃ​ស្ត្រី​ជា​បង​មាន​កាន់​ដាវ​សា​មូ​រ៉ៃ ទៅ​ធ្វើ​សកម្មភាព​កាប់​ពីក្រោយ​ជន​រង​គ្រោះ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ​ទាន់ ក៏​យកដៃ​ខាងស្តាំ​រង បណ្តាល​ឱ្យ​រង​របួស​ដៃ​ធ្ងន់ធ្ងរ​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​មក​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម ។ ដោយឡែក ជន​រង​គ្រោះ​ត្រូវ​បាន​មន្ត្រី​អគ្គិសនី​ដូច​គ្នា មក​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោក​ហួរ ម៉េ​ង វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ផែន​យុត្តិធម៌​បានអោយ​ដឹង​ថា បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ហើយ​។​ដោយឡែក​ជនល្មើស​ទាំង​២​នាក់​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​រង​ចាំ​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា​ក្នុង​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​សមត្ថកិច្ច​រក​ឃើញ​មាន​ដាវ​សុំា​ម៉ូ​រៃ​ចំនួន ២​ដើម​ដោយ​ក្នុង​នោះ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​អាច​ពាក់ព័ន្ធ​បទល្មើស ៕