SCG Muangthong ចង់​ផ្តួល​ក្រុម​​កម្ពុជា ដើម្បី​បង្ហាញ​ពី​គុណ​ភាព​បាល់​ទាត់​របស់​ថៃ

ក្រុម SCG Muangthong United ​​ហាក់​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម K- Cement Cambodian All Stars របស់​កម្ពុជា សម្រាប់​ការ​ប្រកួត​ SCG MUANGTHONG UNITED ASEAN TOUR 2016 នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៦​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បង្ហាញ​ពី​គុណ​ភាព​បាល់​ទាត់​របស់​​ថៃ ប៉ុន្តែ​ភាគី​កម្ពុជា ក៏​​មិន​បាន​បង្ហាញ​ពីក្តី​បារម្ភ​នោះ​ទេ ហើយ​​ទូរទស្សន៍​ BTV នឹង​ផ្សាយ​ផ្ទាល់​ពីសកម្ម​ភាព​នៃ​​ការ​ប្រកួត​នេះ។

khsoc-001

តាម​ពិត​ព្រឹត្តិការណ៍​នេះ​គឺ​​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ស្វែង​រក​ថវិកា​ពី​ការ​លក់​សំបុត្រ និង​លក់​អាវ​យឺត ដើម្បី​យក​ទៅជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ ប៉ុន្តែ​ លោក Somwang Manpimonchai នាយក​គ្រប់​គ្រង​​ក្រុម​ហ៊ុន SCG ប្រចាំ​នៅ​កម្ពុជា និង​លោក ឬទ្ធី សំណាង សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត​នេះ ជា​ព្រឹត្តិការណ៍​បាល់​ទាត់​ប្រវត្តិសាស្រ្ត ដែល​ប្រទេស​ទាំង​២​បាន​បង្កើត​ឡើង ដើម្បី​​ជួយ​ពង្រឹង​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​២ ពិសេស​ស្វាគមន៍​ការ​ចាប់​ផ្តើមសេដ្ឋកិច្ច​អាស៊ាន និង​​អបអរ​ខួប​៦៥​​ឆ្នាំ​​នៃ​ទំនាក់​ទំនង​កម្ពុជា-ថៃ។

khsoc-003

ចំពោះ​គ្រូ​បង្វឹក​របស់​ក្រុម​ទាំង​២​វិញ បាន​កំណត់​យក​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ ជា​ការ​បង្ហាញ​ពី​គុណ​ភាព​បាល់​ទាត់​របស់​ប្រទេស​ទាំង​២ ខណៈ​​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ​របស់​​ក្រុម K-Cement Cambodian All Stars និង​កីឡាករ​ឆ្នើម​របស់​ក្រុម​​លេខ​២​លីក​កំពូល​របស់​ថៃ SCG Muangthong ឈ្មោះ Datsakorn Thonglao សុទ្ធ​តែ​បង្ហាញ​ពី​ឆន្ទៈក្នុង​ការ​ប្រកួត ដោយ​ផ្តោត​ទៅលើ​​ការ​បង្ហាញ​ពីគុណ​ភាព​នៃ​ការ​ប្រកួត​ដ៏​ពិត​​ប្រាកដ ដោយ​មិន​ធ្វើ​ឲ្យ​​ទស្សនាខក​ចិត្ត​នោះ​ឡើយ។
លោក Pol Chom Chuen គ្រូ​បង្វឹក​ក្រុម SCG Muangthong United បាន​និយាយនៅ​ក្នុងសន្និសីទកាសែត កាល​ពី​ម្សិល​មិញ​​ថា៖​«​យើងមក​នេះ ដើម្បី​បង្ហាញ​ពី​គុណ​ភាព​នៃ​ការ​លេង​បាល់​ទាត់​​ដ៏រីក​ចម្រើន​របស់​ក្រុម SCG Muangthong ទៅ​ដល់​អ្នក​គាំ​ទ្រ។ ទោះ​បី​ជា​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្ត​ភាព ប៉ុន្តែ​យើង​នឹង​ធ្វើ​ការប្រកួត​គ្នា​​យ៉ាង​ពិត​ប្រាកដ គឺ​យើង​នឹង​មិនមាន​ការ​បន្ធូរ​ដៃ​ឲ្យ​ក្រុម​កម្ពុជា​នោះ​ទេ ឲ្យ​តែ​មាន​ឱកាស​​កីឡាករ​របស់​យើងនឹង​ស៊ុតទម្លុះ​ទី​របស់​ក្រុម​​កម្ពុជាមិន​ប្រណី​ឡើយ ​ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ»។

khsoc-004

khsoc-002

លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្រុម L-Cement Cambodian All Stars បាន​ទទួល​ស្គាល់​ថា SCG Muangthong គឺ​ជា​ក្រុម​ខ្លាំង ដែល​សឹង​តែ​ខ្លាំង​ជាង​​ក្រុម​ជម្រើស​ជាតិ​ថៃ​ទៅ​ទៀត ព្រោះ​នៅ​ក្នុង​ក្រុម​នេះ​មាន​កីឡាករ​លេង​នៅ​ក្នុង​ជម្រើស​ជាតិ​ថៃ​៧​ទៅ​៨​​នាក់​ទៅ​ហើយ ពិសេស​ពួក​គេ​បាន​លេង​ជាមួយ​គ្នា និង​នៅ​ជា​មួយ​គ្នា​ពេញ​មួយ​រដូវ​កាល​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ចិត្ត​គ្នា​ច្បាស់​ក្នុង​លេង​នៅ​លើ​​ទី​លាន។
យ៉ាងណា​ក៏​ដោយ លោក សុវណ្ណារ៉ា បាន​បញ្ជាក់​ថា៖​«SCG Muangthong ចង់​បង្ហាញ​ពី​គុណ​ភាព​នៃ​ការ​លេង​បាល់​ទាត់​របស់​ថៃ ចំណែក​​យើង​ក៏​ចង់​បង្ហាញ​ពី​គុណ​ភាព​បាល់​ទាត់​របស់​ខ្មែរផង​​ដែរ ថា​តើ​យើងយើង​មាន​គម្លាត​ប៉ុណ្ណា​ពី​បាល់​ទាត់​ថៃ។ ​យើង​នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព ហើយ​ខ្ញុំ​គិត​ថា លទ្ធផល​ឈ្នះ​ឬ​ចាញ់​ក្នុង​ការ​ប្រកួត​នេះ មាន​គ្រាប់​បាល់​មិនដាច់​ឆ្ងាយ​ពី​គ្នា​នោះ​ទេ»៕