ក្រសួងសេដ្ឋកិច្ច បញ្ជាឲ្យម្ចាស់ កាស៊ីណូ A.H.S KING បញ្ឈប់នូវអាជីវកម្ម របស់ខ្លួន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឲ្យម្ចាស់កាស៊ីណូ A.H.S  KING Group Co., Ltd ស្ថិតនៅភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនាគិរី បញ្ឈប់នូវអាជីវកម្មរបស់ខ្លួន ព្រោះមិនមានអាជ្ញាបណ្ណធ្វើអាជីកម្ម ត្រឹមត្រូវ។

យោងតាមលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កន្លងមកនាយកដ្ឋាន គ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ បានជូនដំណឹងដល់ក្រុមហ៊ុន A.H.S  KING Group Co., Ltd ឲ្យមកបំពេញបែបបទ ស្នើសុំអាជ្ញាបណ្ណ និងបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំបានគោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងឡើយ។

 លិខិតដដែល បានបន្ថែមថា ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យក្រុមហ៊ុនកាស៊ីណូនេះ អនុវត្តន៍តាមវិធានការចំនួន ២ចំណុច ទី១. ក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយរួសរានមកបំពេញ បែបបទស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្ម និងធ្វើការកំណត់ចំណូលកាតព្វកិច្ចកាស៊ីណូនៅក្រសួងសេដ្ឋកិច្ច និងទី២. ក្នុងករណីក្រុមហ៊ុនកាស៊ីណូ A.H.S  KING Group Co., Ltd នៅតែមិនអនុវត្តន៍តាមការណែនាំនេះ គណៈកម្មការចម្រុះរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ នឹងចាប់វិធានការតាមច្បាប់ជាធរមាន។ ដូច្នេះម្ចាស់ ក្រុមហ៊ុននេះ ត្រូវខិតខំអនុវត្តន៍តាមការណែនាំខាងលើឲ្យបានម៉ឹងម៉ាត់។

សូមបញ្ជាក់ថា កាស៊ីណូមួយនេះ កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ ដែលជាហេតុបណ្ដាល ឲ្យមានការប៉ះ ពាល់ដល់កាស៊ីណូ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងខាតបង់ចំណូល បង់ពន្ធចូលរដ្ឋថែមទៀតផង៕

ក្រសួងសេដ្ឋកិច្ច បញ្ជាឲ្យម្ចាស់ កាស៊ីណូ A.H.S  KING បញ្ឈប់នូវអាជីវកម្ម របស់ខ្លួន