ឃាត់ខ្លួន ម្ចាស់រថយន្តដឹកដី ៩គ្រឿង ធ្វើការអប់រំ ព្រោះមិនគោរពច្បាប់ រំខានការរស់នៅ ប្រជាពលរដ្ឋ

ភ្នំពេញ៖ រថយន្តដឹកដីចំនួន ៩គ្រឿង មិនមានការគ្របត្រឹមត្រូវ បើកលឿន ហុយរំខាន ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំង នគរបាលខណ្ឌ ចុះឃាត់អប់រំ និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព បែបនេះ ជាបន្ទាន់ ដែលការចុះឃាត់ រថយន្តទាំងនេះ ធ្វើឡើង នៅម៉ោង ១២៖៣០នាទី ថ្ងៃថ្ងៃទី១៥ ខែមករា ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ បាននិយាយថា រថយន្តដឹកដីឆ្លងកាត់ ក្នុងភូមិឋានរបស់ពួកគាត់ គឺបើកលឿនហើយ ពុំមានការគ្រប់គ្រង ឲ្យត្រឹមត្រូវនោះទេ លុះពេលពួកគាត់ នាំគ្នាប្រាប់ជាញយៗ យ៉ាងណាក៏ដោយ ក៏អ្នកបើករថយន្ត ទាំងនោះ នៅតែបន្តសកម្មភាពដដែល បើកលឿនដូចព្យុះ ដោយសារតែពួកគាត់ពិបាករស់នៅពេកព្រោះដីហុយ ចូលមាត់ចូលច្រមុះ ចូលចានបាយ ចានសម្លរ បង្ករឲ្យប៉ះពាល់ ដល់សុខភាពពួកគាត់ យ៉ាងធ្ងន់ធ្ងរ ចំណែក ឯអាជ្ញាធរ ភូមិវិញ ហាក់បី ដូចជាធ្វើមិនដឹងមិនឮ ចំពោះការលំបាក របស់បងប្អូនប្រជាពលរដ្ឋនោះទេ ដោយហេតុដូចនេះហើយ ពួកគាត់ក៏សម្រេចចិត្ត ទៅប្តឹងនគរបាល ឲ្យជួយអន្តរាគមន៍ ចំពោះរថយន្តទាំងនេះ។

ប្រជាពលរដ្ឋ បានបន្តថា រថយន្តចំនួន ៩គ្រឿង ជាប្រភេទរថយន្តដឹកដី ហៀរហូរពេញផ្លូវ ត្រូវបាន នគរបាល ឃាត់រួចហើយធ្វើការ អប់រំ និងធ្វើកិច្ចសន្យា ឈប់ធ្វើទង្វើបែបនេះទៀតនោះទេ ទើបអនុញាតិឲ្យបន្ត ដំណើរបានវិញ ហើយប្រសិនបើថ្ងៃក្រោយ មិនគោរពកិច្ចសន្យានោះទេ និងធ្វើការផាកពិន័យ ទៅតាម ផ្លូវច្បាប់។

ប្រជាពលរដ្ឋ បានបន្តថា ដោយមានឈ្មួញ ចាក់លុបដីបឹង នៅក្នុងភូមិព្រៃព្រីងខាងជើង ដែលមានទំហំ ប្រហែលជា ២ហិចតា ៤ជ្រុង ទើបក្រុមរថយន្តដឹកដី បើកលឿនប្រដេញជើងគ្នា ដើម្បីឲ្យបានជើងច្រើន ដោយមិនមានការ គ្រប់គ្រងត្រឹមត្រូវឡើយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គេម្នាក់ៗ ដោយមិនបាន គិតពីទុក្ខ លំបាកពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវនោះ ម្យ៉ាងវិញទៀត ក្រុមនេះបានបំផ្លាញផ្លូវ មូលនិធិសង្កាត់នៅ ក្នុងមូលដ្ឋាន របស់គាត់ ស្ទើររលាយហិនហោចអស់ អាជ្ញាធរគួរតែមានវិធានការ ឲ្យបានតឹងរ៉ឹង ទៅលើក្រុមរថយន្តដឹកដីទាំងនេះ។

នគរបាល បានឲ្យដឹងថា ដោយមានបណ្តឹង ពីប្រជាពលរដ្ឋ រងទុកលំបាក ដោយសារក្រុម រថយន្តដឹកដី ទើបកម្លាំងនគរបាល ចុះទៅពិនិត្យ ឃើញជាក់ស្តែង រួចក៏ឃាត់បានចំនួន ៩គ្រឿង ហៅអ្នកបើកមកធ្វើ ការអបរំ និងឲ្យធ្វើកិច្ចសន្យា ឈប់បើកលឿន នៅទីប្រជុំ និងធ្វើយ៉ាងណាកុំបង្កឲ្យមានការហុយដីដាក់ប្រជាពលរដ្ឋ បើមិនដូច្នេះទេ ថ្ងៃក្រោយ និងចាប់ផាកពិន័យឲ្យរៀងចាល៕

ឃាត់ខ្លួន ម្ចាស់រថយន្តដឹកដី ៩គ្រឿង ធ្វើការអប់រំ ព្រោះមិនគោរពច្បាប់ រំខានការរស់នៅ ប្រជាពលរដ្ឋ

ឃាត់ខ្លួន ម្ចាស់រថយន្តដឹកដី ៩គ្រឿង ធ្វើការអប់រំ ព្រោះមិនគោរពច្បាប់ រំខានការរស់នៅ ប្រជាពលរដ្ឋ