CNRP ខកចិត្តការសម្រេច គ.ជ.ប ជ្រើសលោកទេព នីថា ជាអគ្គលេខាធិការ ថ្មី

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានសម្ដែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប) ដែលបានប្រជុំសម្រេចជ្រើសយកលោក ទេព នីថា ធ្វើជាអគ្គលេខាធិការរបស់ គ.ជ.បថ្មីនាពេលនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបតែទទួលបានមុននេះបានឲ្យដឹងថា គណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា បានឯកភាពគ្នាក្នុងការធ្វើកំណែទម្រង់ គ.ជ.ប ដើម្បីឲ្យទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការរៀបចំបោះឆ្នោតនានា។

ប៉ុន្តែផ្ទុយទៅវិញការជ្រើសរើសលោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ចាស់ មកទទួលតួនាទីជាអគ្គលេខាធិ ការ គ.ជ.បថ្មី ដែលបក្សសង្គ្រោះជាតិ ក៏ដូចជាប្រជាពលរដ្ឋ មិនមានជំនឿក្នុងការៀបចំការបោះឆ្នោតកន្លងមក ហើយអាចនាំឲ្យមានការមិនទុកចិត្តលើការបោះឆ្នោតនាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រោយពីការ បើកកិច្ចប្រជុំ ដើម្បីសម្រេចជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដែលមានសមាជិក៩រូប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៦នេះ អស់រយៈពេលជាច្រើនម៉ោងនោះ លទ្ធផលគឺបានទៅលើលោក ទេព នីថា ជាអគ្គលេខាធិ ការ ខណៈលោក នី ចរិយា និងមនុស្ស៣រូបផ្សេងទៀតជាអគ្គលេខាធិការរង៕

CNRP ខកចិត្តការសម្រេច គ.ជ.ប ជ្រើសលោកទេព នីថា ជាអគ្គលេខាធិការ ថ្មី