អត់លុយចូលខារ៉ាអូខេ ចេញឆក់ទូរសព្ទ័ ត្រូវអាវុធហត្ថ ចាប់ញាត់ទ្រុង

បន្ទាយមានជ័យ៖ ជនសង្ស័យ ២នាក់ ត្រូវកម្លាំង អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចបរិវេន កាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទ ប្រជាពលរដ្ឋនាពេលកន្លងមក។

លោក ជា ដា មេបញ្ជាការ អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ សុក តួ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ និងកន្លែងស្នាក់ ពិតប្រាកដ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯទី២.ឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីស្ត្រីម្នាក់នៅចំនុចបរិវេណកាស៊ីណូផ្កាយ៥។

លោកឧត្តមសេនិយ៍ត្រី ឪ បូរិន មេបញ្ជាការ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង ២នាក់ គឺសមត្ថកិច្ច ធ្វើឡើង ក្រោយពីស្ត្រីរង គ្រោះឈ្មោះ ឈុន ស៊ាងឡេង អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងថា កាលពីថ្ងៃទី១២ មករា កន្លងទៅ ពេលនាងកំពុងនិយាយ ទូរស័ព្ទដៃ ម៉ាកសាំសុង G2 ពណ៌ ស ជាមួយសង្សា របស់ខ្លួន នៅក្នុងចំណុចកើតហេតុស្រាប់តែពេលនោះ ជនសង្ស័យទាំង ២នាក់
បានធ្វើសកម្មភាព ឆក់ពីស្ត្រីរងគ្រោះ រួចរត់គេចខ្លួនបាត់ ភ្លាមនោះជនរងគ្រោះ បានទៅប្តឹងឲ្យសមត្ថកិច្ចជួយ។

នៅមុខអាវុធហត្ថ ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ខ្លួនដាច់យ៉ៃពេក រកលុយចូលខារ៉ាអូខេ មិនបាន ទើបដាច់ចិត្ត ឆក់ទូរស័ព្ទ គេយ៉ាងដូច្នេះ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ៕

អត់លុយចូលខារ៉ាអូខេ ចេញឆក់ទូរសព្ទ័ ត្រូវអាវុធហត្ថ ចាប់ញាត់ទ្រុង