ភេរវ​ករ​ក្នុងស្រុកបណ្តាញក្រុមដែស្ហ​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ហ្សា​ការ​តា

Bahrun Naim ដែលជាអ្នកជ្រុលនិយមដែលធ្លាប់ជាប់ទោសជាឧក្រិដ្ឋជន​ក្រោយ​ការវាយប្រហារ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​ម្សិលមិញ និង​មានការ​ប្រកាស​ទទួលខុស​ត្រូវ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ប៉ូលិស​ឥណ្ឌូនេស៊ី​បានកំណត់​មុខសញ្ញា​បាន​ថា ជនជាតិ​ឥណ្ឌូនេស៊ី Bahrun Naim ជា​មេខ្លោង​នៅក្រោយ វាយប្រហារ​នេះ​។ ជន​ដែលជា​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​នេះ បាន​ព្យាយាម​ប្រមែរ​ប្រមូល​កម្លាំង​ក្រុម​ជន​ជ្រុលនិយម​និង​ក្រុម​ប្រដាប់អាវុធ​នានា​ដែលមាន​និន្នាការ​គាំទ្រ​ខ្លួន​នៅ​ឥណ្ឌូនេស៊ី​ឲ្យ​ប្តូរ​យុទ្ធសាស្ត្រ​ពី​សង្គ្រាម​ទ័ពព្រៃ​មកជា​ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​វិញ​។ គេ​បារម្ភ​កាន់តែខ្លាំង​ពី​អនាគត​នៃ​សន្តិសុខ​ឥណ្ឌូនេស៊ី ព្រោះ​កងកម្លាំងប្រដាប់អាវុធ នៅ​ឥណ្ឌូនេស៊ី​មាន​ច្រើន​ក្រុម ហើយ​បានប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ដែ​ស្ហ​ទៀត​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​ប៉ូលិស​ឥណ្ឌូនេស៊ី​បានកំណត់​មុខសញ្ញា​ជន​ជា​មេខ្លោង​ករណី​វាយប្រហារ​ភេរវកម្ម​កណ្តាល​ក្រុង​ហ្សា​ការ​តា​ម្សិលមិញ ហើយ​ជន​នោះ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​លួច​រត់ចេញ​ច្បាំង​នៅ​ស៊ី​រី​ដែរ​កាលពី​ឆ្នាំមុន​។ ជននេះ​មាន​ឈ្មោះថា  Bahrun Naim ដែលជា​អ្នក​ជ្រុលនិយម​ដែល​ធ្លាប់​ជាប់ទោស​ជា​ឧក្រិដ្ឋជន និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ឬ​ក្រុម​ដែ​ស្ហ (Daesh) ផង​។ សូម​រម្លឹក​បន្តិច ការវាយប្រហារ​ម្សិលមិញ បាន​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិល​ពីរ​នាក់ ហើយ​ក្រុម​ប្រដាប់អាវុធ​៥​នាក់​ផ្សេងទៀត​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ដូចគ្នា​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ជន​ជា​មេខ្លោង​នេះ ត្រូវបាន​ចាប់ខ្លួន​ម្តង​កាលពី​ឆ្នាំ​២០១១ ហើយ​ត្រូវគេ​ដាក់ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ដោយសារ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ក្រោយ​ចេញពី​ពន្ធនាគារ ជន​ម្នាក់នេះ​ក្លាយ​បុគ្គល​សំខាន់​ជា​បណ្តាញ​ក្រុម​ប្រដាប់អាវុធ​នៅ​ទីក្រុង Solo និង​នៅ​កោះ​ជ្វា​។ កាលពី​ឆ្នាំមុន Naim បាន​រត់​ឆ្លងដែន​ទៅ​ស៊ី​រី​ទៅ​ចួ​ល​រួមជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ ដើម្បី​ពង្រីក​ដែនដី​រដ្ឋ​ឥស្លាម​និង​ប្រឆាំង​រដ្ឋាភិបាល​។​

​មេ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា Tito Karnavian លើកឡើងថា Naim បាន​ណែនាំ​និង ផ្គត់ផ្គង់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្តា​ក្រុម​ប្រដាប់អាវុធ​នៅ​ឥណ្ឌូនេស៊ី​ឲ្យ​ចេញ​វាយប្រហារ​។ ហើយ​គម្រោង​នេះ​ត្រូវបាន​គេ​រៀបចំ​ទុក​យូរ​មកហើយ ព្រោះ Naim មាន​មហិច្ឆតា​ចង់​ក្លាយជា​មេដឹកនាំ​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​តែម្តង​។

១. ពី​សង្គ្រាម​ទ័ពព្រៃ ទៅ​ចាប់ផ្តើម​ចលនា​ភេរវកម្ម​នៅតាម​ទីក្រុង​
​កន្លងមក​ក្រុម​ដែ​ស្ហ  ចលនា​ក្រុម​សកម្មប្រយុទ្ធ​ចុះផ្សាយ​អត្ថបទ​នៅក្នុង​គេហទំព័រ​របស់ខ្លួន​ដោយ​ពន្យល់​ក្រុម​ដែល​គាំទ្រ​ឲ្យ​នាំ​ចលនា​ជី​ហាត​ដែលមាន​ក្នុង​សង្គ្រាម​ទ័ពព្រៃ​នៅ​ឥណ្ឌូនេស៊ី​ទៅកាន់​ទីក្រុង​។ ដែល​នេះ​មានន័យថា ក្រុម​ឧទ្ទាម​ត្រូវ​បង្វែរ​គោលដៅ​ពី​ការវាយប្រហារ​និង​ប្រយុទ្ធ​ដោយ​លាក់ខ្លួន​ក្នុងព្រៃ មកជា​ការវាយប្រហារ​នៅ​ទីប្រជុំជន​ឬ​ទីក្រុង​វិញ​។ ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នេះ​ជាស​ញ្ញា​គ្រោះថ្នាក់​កាន់តែខ្លាំង​ព្រោះ អាជ្ញាធរ​សន្តិសុខ​ឥណ្ឌូនេស៊ី​បញ្ចេញ​របាយការណ៍​ថា នៅ​ឥណ្ឌូនេស៊ី​មាន​អ្នកគាំទ្រ​ចលនា​ក្រុម​រដ្ឋ​ឥស្លាម​យ៉ាងហោចណាស់ ១០០០​នាក់​ឯណោះ​។

​អាច​ថា​នេះ​ជា​គ្រោះថ្នាក់​មួយ ប៉ុន្តែ​បញ្ហា​ធំ​មួយទៀត​គឺ ឥណ្ឌូនេស៊ី​នេះ​មាន​អ្នកទោស​ច្រើន​ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ដោយសារ​លង់​ជ្រៅ​ក្នុង​មនោគមន៍វិជ្ជា​ជ្រុលនិយម​និង​ធ្លាប់​ចូលរួម​សកម្មភាព​ភេរវកម្ម​ផង​។ បញ្ហា​កើតឡើង​កាន់តែខ្លាំង​ពេល​ពួកគេ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​។ បើ​គ្មាន​ចំណាត់ការ​តឹងរ៉ឹង​និង​ទាន់ពេល​ទេ ប្រជាជន​ទាំងនេះ​នឹងធ្វើ​សកម្មភាព​ដូចគ្នា​ដូច្នេះ​ដែរ ដោយ​ចាប់ផ្តើម​អុកឡុក​ទីប្រជុំជន និង​សម្លាប់​រង្គាល​ជន​ស៊ីវិល​កាន់តែខ្លាំង​។​

​ត្រលប់​មកវិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters ធ្លាប់​សួរ​មេខ្លោង Naim នេះ​តាម​ប្រព័ន្ធ Telegram ដែរ​កាលពី​ថ្ងៃ ២៤ ខែវិច្ឆិកា​ឆ្នាំមុន​ជុំវិញ​ការ​ប្រមែរ​ប្រមូល​កម្លាំង​នៅ​ឥណ្ឌូនេស៊ី​។ Naim បាន​ឆ្លើយតប​តាម​គណនី​របស់ខ្លួន​ថា នៅ​ឥណ្ឌូនេស៊ី​មាន​ក្រុម​អ្នកគាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​ច្រើន​ល្មម​អាចបង្កើត​ចលនា​ភេរវកម្ម​នេះ​បាន​។ តាំងពី​យូរ​មកហើយ ឥណ្ឌូនេស៊ី​រងគ្រោះ​ដោយសារ​សម្បូរ​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម និង​ជា​បណ្តាញ​ក្រុម​ភេរវជន​អន្តរជាតិ​ផង​។ ហើយ​ពួកគេ​តែង​ចេញ​វាយប្រហារ បង្ក​ការភ័យខ្លាច និង​គំរាមកំហែង​អាយុជីវិត​មនុស្ស ដូច​ករណី​វាយប្រហារ​នៅ​កោះ​ប៉ា​លី​ឆ្នាំ ២០០២ ជាដើម​។​

២. ឥណ្ឌូនេស៊ី ធ្វេសប្រហែស ទោះ​ទទួល​តម្រុយ​ច្រើន​ពី​គម្រោង​វាយប្រហារ​?
​ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម​ដែ​ស្ហ​នៅ​កណ្តាល​ក្រុងប៉ារីស ពិភពលោក​ចាប់ផ្តើម​បារម្ភ​ខ្លាំង ហើយ​ឥណ្ឌូនេស៊ី​នេះ​ក៏​ដឹង​ស្រាប់​ដែរ​ថា ខ្លួន​ពិបាក​គេច​ផុតពី​ការគំរាមកំហែង​ភេរវកម្ម​នេះ​។ ក្រៅពី​ថា ជា​ប្រទេស​ឥស្លាម​ធំជាងគេ ឥណ្ឌូនេស៊ី​មាន​ប្រជាជន​ជ្រុលនិយម​ច្រើន​នាក់​ណាស់​។ តាំងពី​ក្រុម​ដែ​ស្ហ​ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង ប្រជាជន​ឥណ្ឌូនេស៊ី​ច្រើនណាស់​បានបង្ហាញ​ការគាំទ្រ និង​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​នេះដែរ​។ ប្រជាជន​ឥណ្ឌូនេស៊ី​រាប់រយ​នាក់​ប្តូរជីវិត​ឆ្លងដែន​ទៅ​ចូលរួម​ចម្បាំង​ជី​ហាត​នៅ​មជ្ឈិមបូព៌ា​ថែមទៀត​។

​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានទទួល​ព័ត៌មាន​ច្រើន​ជុំវិញ​ការគំរាមកំហែង​របស់​ក្រុម​អ្នកគាំទ្រ​ភេរវជន​ដែ​ស្ហ​នៅ​ឥណ្ឌូនេស៊ី​ដែរ​។ ម្សិលមិញ ប៉ូលិស​ឥណ្ឌូនេស៊ី ក៏បាន​បង្ហើប​ផងដែរ​ថា អាជ្ញាធរ​ទទួលបាន​សារ​ព្រមាន​ពី​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ដែរ​។ ម្យ៉ាង អ្នកជំនាញ​និង​មន្ត្រី​ចារកម្ម​បានផ្តល់​តម្រុយ​ច្រើន​ដែរ​ថា​ក្រុម​ដែ​ស្ហ​មាន​ផែន​ការធ្វើសកម្មភាព​នៅ​អាស៊ីអាគ្នេយ៍ មុន​ការវាយប្រហារ​នៅ​ហ្សា​ការ​តា​។ កាលពី​ឆ្នាំមុន បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ បានប្រកាស​ផែនការ​បង្កើត​សាខា​ថ្មី​របស់ខ្លួន និង​បង្កើត​រដ្ឋ​រចនាសម្ព័ន្ធ​ដឹកនាំ​ឥស្លាម​នៅ​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​ផង​ក្នុង​ឆ្នាំ ២០១៦​នេះ​។ នេះ​ក៏​ព្រោះថា ព្រោះ​អាស៊ីអាគ្នេយ៍​ជាទី​តាំង​ភូមិសាស្ត្រ​ល្អ និង​មានការ​គាំទ្រ​ចលនា​ខ្លួន​ច្រើន​ផង​។

​តាម​ការលើកឡើង​ខាងលើ អាច​ថា​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ធ្វេសប្រហែស​បន្តិច​ក៏បាន ដោយ​មិនអាច​បំបែក​គម្រោង​ក្រុម​ភេរវជន​បាន​ជោគជ័យ ទោះ​ជាមាន​តម្រុយ​ច្រើនក្តី​។ ប៉ុន្តែ​កាលពី​ខែ​មុន អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បើក​ប្រតិបត្តិការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​កម្ទេច​គម្រោង​ក្រុម​ភេ​វជន ដូចជា​ចាប់ខ្លួន​ក្រុម​ប្រដាប់អាវុធ​ជាង​១០​នាក់​នៅ​កោះ​ជ្វា ក្រោយពេល​ពួកគេ​រៀបចំ​ផែនការ​វាយប្រហារ​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​គ្រឹ​ស្មាស និង​ចូលឆ្នាំ​សកល​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​