ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​លក់​ចាប់ហួយ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយសារ​​ផ្ទុះ​កំប៉ុង​ហ្គា​ស​ខណៈ​ពេល​កំពុង​ធ្វើ​ម្ហូប ដែល​ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​មានឈ្មោះ វង់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពៅ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ មានកូន​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ រស់នៅ​ភូមិ​កើតហេតុ ។

លោក ប្លឹ​ង  វិចិត្រ មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​​ថា តាម​សំដី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​អគ្គិភ័យ​កើតឡើង ប្រពន្ធ​របស់​គាត់​បាន​ធ្វើ​ម្ហូប​នៅ​ចង្ក្រាន​បាយ ហើយ​បាន​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​ឆាបឆេះ​រត់​ចេញ​មក​ក្រៅ ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ តែ​ភ្លើង​ឆេះ​ខ្លាំង​ហើយ​លឿន​ពេក​បណ្តាល​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

លោក​បាន​បន្ត​ថា កម្លាំង​នគរបាល និង​កម្លាំង​កង​រាជ​អាវុធ​ហត្ត​ស្រុក​ព្រះនេត្រព្រះ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង បាន​ទៅ​ជួយ​អន្តរាគមន៍​ដែរ តែ​ដោយសារ​ភ្លើង​ឆេះ​ខ្លាំង​ហើយ​លឿន​ពេក​បណ្តាល​ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រង់​ តែ​ជួយ​អន្តរាគមន៍​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង​ឡើយ ។

លោក ប្លឹ​ង វិចិត្រ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ដែល​មាន​បណ្តោយ​១០​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ អស់ទ្រព្យ​សម្បត្តិ​ទាំងស្រុង​មិន​តិច​ជាង​២​ម៉ឺន​ដុល្លារ​ឡើយ ៕