Huawei នឹងជួយឧបត្ថម្ភ ដល់កម្មវិធីកីឡា រត់ប្រណាំង Madrid Marathon ហើយមានកីឡាករ ចូលរួមប្រមាណ ៣៤,០០០នាក់

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា ក្រុមហ៊ុនទូរគមនាគមន៍ យក្សរបស់ប្រទេសចិន Hauwei បានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ក្រុមហ៊ុននឹងរ៉ាប់រង លើការរៀបចំកម្មវិធី Madrid Marathon និង ពាក់កណ្តាល Marathon ដែលព្រឹត្តិការណ៍នេះ នឹងប្រារព្វធ្វើឡើងនៅ ថ្ងៃទី២៤ ខែមេសា ខាងមុខ ។

គេបានដឹងថា ក្នុងកម្មវិធីរត់ប្រណាំង ទាំងពីរកម្មវិធីនេះ នឹងមានកីឡាករ ចូលរួមមិនតិចជាង ៣៤,០០០នាក់នោះទេ ដែលនេះជាការ ប្រកួតប្រជែងអ្នករត់ប្រណាំង ជុំវិញទីតាំងប្រវត្តិសាស្ត្រ នៃរដ្ឋធានីប្រទេស អេស្ប៉ាញតែម្តង ជាមួយគ្នានេះដែរ នឹងមានការប្រគំ តន្ត្រីពីសិល្បករ រ៉ុក យ៉ាងសប្បាយរីករាយទៀតផង ។

សម្រាប់ការលក់ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេដឹងថា ក្រុមហ៊ុននេះទទួល លទ្ធផលនៃការលក់ ក្នុងកម្រិត ៦៥ភាគរយ និងលក់ចេញបានជាង ២លានគ្រឿង នៅក្នុងប្រទេសអេស្ប៉ាញ ហើយត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ នៅលើទីផ្សារអេស្ប៉ាញ ៕