ក្រុមហ៊ុនធំៗចំនួន ៥០០ នៅលើពិភពលោក សំរុកវិនិយោគទុន យ៉ាងច្រើននៅ ក្នុងប្រទេសចិន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា គិតនៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនធំៗចំនួន ៥០០ បានបង្កើនការវិនិយោគទុន កាន់តែច្រើនឡើងនៅក្នុង ប្រទេសចិន ខណៈដែលការឆ្លុះបញ្ចាំង នៃកំណើនសេដ្ឋកិច្ច របស់មហាអំណាចទី២ ពិភពលោកមួយនេះ កំពុងរីកដុះដាល ។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថាយ៉ាងដូច្នេះ ។

ការវិនិយោគទុន នៅក្នុងប្រទេសចិន មានកំណើនខ្ពស់ ស្មើនឹងទឹកប្រាក់ប្រមាណជាង ១០០លាន ដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះមានក្រុមហ៊ុន សារជីវកម្មរបស់ អាល្លឺម៉ង់ Audi ក្រុមហ៊ុនរបស់ អ៊ីតាលី Fiat ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Intel របស់សហរដ្ឋអាម៉េរិក និងមានក្រុមហ៊ុនធំៗ ជាច្រើនទៀត ។

តួលេខដែលបានបង្ហាញ ឡើងនៅក្នុងឆ្នាំ២០១៥ បើគិតចាប់ពី ខែមករា ដល់ខែវិច្ឆិកា កន្លងទៅ ការចុះបញ្ជីធ្វើពាណិជ្ជកម្ម របស់ក្រុមហ៊ុនបរទេស នៅក្នុងទឹកដីប្រទេសចិន មានសន្ទុះកើនឡើងយ៉ាងខ្លាំង ។ ស្ថិតិពីមុនបានបង្ហាញថា មានក្រុមហ៊ុនវិនិយោគទុនជាង ២,៤០០ ដែលបានបណ្តាក់ទុន និងវិនិយោគនៅក្នុងប្រទេសចិន ។

តួលេខចុងក្រោយ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា ការវិនិយោគទុនដោយ ផ្ទាល់ពីបរទេស (FDI) ក្នុងនោះមិនបានរាប់ បញ្ចូលនោះទេទៅលើ វិស័យហិរញ្ញវត្ថុ បានកើនឡើង ប្រមាណ៦,៤ភាគរយ ស្មើនឹងទំហំទឹកប្រាក់ វិនិយោគទុន ១២៦,២៧ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក គិតក្នុងឆ្នាំ២០១៥ ៕