មន្ទីរសូរិយោដី ក្រុងតាខ្មៅ មិនទាន់ឆ្លើយតប មកក្រុមការងារ ទូរទស្សន៍ព្រះអាទិត្យ ក្នុងសំណើរសុំ បង្កើតស្ទូឌីយោ

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងឲ្យដឹងថា ក្រុមការងារទូរទស្សន៍ ព្រះអាទិត្យ របស់គណបក្សសង្រ្គោះជាតិ បានដាក់លិខិតស្នើ ទៅមន្ទីរសូរិយោដី នៅក្រុងតាខ្មៅ ដើម្បីបង្កើតស្ទូឌីយោ ក្នុងការផលិត កម្មវិធីទូរទស្សន៍ ខ្លួននាពេលដ៏ឆាប់ខាងមុខ ប៉ុន្តែមិនទាន់ មានការឆ្លើយតប នៅឡើយ រហូតមកដល់ ថ្ងៃទី១៥ ខែមករានេះ។

អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ថា ស្ទូឌីយោ របស់ទូរទស្សន៍ ព្រះអាទិត្យនេះ មានលក្ខណៈ តូចល្មម សម្រាប់ផលិត កម្មវិធីផ្សេងៗ។

លោកបញ្ជាក់ថា "ខ្ញុំមិនទាន់បានទទួលព័ត៌មានអីទេ គ្រាន់តែដឹងថា បានដាក់លិខិត ទៅដល់កន្លែងហ្នឹងហើយ ដូច្នេះសង្ឃឹមថា មិនយូរនោះទេ នឹងបាន បើកដំណើរការហើយ"។

លោកបន្តថា ដីសម្រាប់ស្ទូឌីយោនោះ មានទំហំជាង ១.២០០ម៉ែត្រ ការ៉េ ស្ថិតនៅភូមិដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល គិតជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ។
សម្រាប់ថវិការៃអង្គាស រហូតដល់ ពេលបច្ចុប្បន្ននេះ មានចំនួន ៨០ម៉ឺនដុល្លារហើយ ដែលមកពីសប្បុរសជន ទាំងក្នុងប្រទេស និងនៅក្រៅប្រទេស ហើយក្រុមការងារ បានផ្អាកមួយរយៈពេលសិន ដើម្បីរង់ចាំ នូវកម្មសិទ្ធិ តម្លើងអង់តែនទូរទស្សន៍ ។

លោកថា ជំហានដំបូង ត្រូវការប្រាក់ ១៥០ ម៉ឺន ដុល្លារ ដើម្បីចំណាយទៅលើដី អង់តែន ស្ទូឌីយោ និងទិញប្រអប់ផ្សាយ៕

មន្ទីរសូរិយោដី ក្រុងតាខ្មៅ មិនទាន់ឆ្លើយតប មកក្រុមការងារ ទូរទស្សន៍ព្រះអាទិត្យ ក្នុងសំណើរសុំ បង្កើតស្ទូឌីយោ

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ