អភិបាល​ខេត្ត​កំពង់ស្ពឺ​សន្យា​ជួយ​ដោះលែង​សហជីព​៥​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

អភិបាល​ខេត្ត​កំពង់ស្ពឺ សន្យា​ជួយ​ដោះលែង​សហជីព​មូលដ្ឋាន ៥​រូប ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ជា​ថ្នូរ​នឹង​ឲ្យ​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) ដែល​ឋិត​នៅ​ក្រុង​ច្បារមន វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។

ការ​សន្យា​ដោះលែង​តំណាង​កម្មករ​ទាំង ៥​រូប​នេះ នៅ​បន្ទាប់​ពី​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក អ៊ូ សំអូន បាន​បើក​កិច្ចប្រជុំ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​មាន​មន្ទីរ​ការងារ​ខេត្ត និង​មន្ត្រី​សហជីព នា​សាលា​ខេត្ត​កំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ក្នុង​កិច្ចប្រជុំ​នោះ គឺ​លោក​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​យល់​ព្រម​ទទួល​យក​សំណូមពរ​របស់​សហជីព​ដែល​ទាមទារ​ឲ្យ​ដោះលែង​តំណាង​កម្មករ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា កន្លង​ទៅ៖ «»។

ការ​បើក​កិច្ចប្រជុំ​ស្វែង​រក​ដំណោះស្រាយ​នេះ នៅ​បន្ទាប់ពី​កម្មករ​ឡើង​មក​តវ៉ា​ដាក់​ញត្តិ​ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ក្រោយ​ពួកគេ​តវ៉ា​នៅ​សាលា​ខេត្ត​មិន​បាន​លទ្ធផល។

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា លោក​នឹង​ពឹង​ពាក់​មេធាវី​អោយ​រៀបចំ​បែបបទ​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ធានា​ឲ្យ​តំណាង​កម្មករ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ។

ថ្វីត្បិតតែ​អភិបាល​ខេត្ត​សន្យា​ជួយ​ដោះលែង​កម្មករ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក្រុម​កម្មករ​នៅ​មិន​ទាន់​យល់​ព្រម​ចូល​ធ្វើ​ការ​នៅ​ឡើយ ដោយ​រង់ចាំ​ឃើញ​អ្នក​ទាំង ៥​នោះ ចេញ​ពី​ពន្ធនាគារ​ជា​មុន​សិន៖ «»។

ចំណែក​លក្ខខណ្ឌ​ការងារ​ដែល​កម្មករ​ចង់បាន​ដែរ​នោះ គឺ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ក៏​ស្នើ​ឲ្យ​ក្រុម​កម្មករ​ចាត់​តំណាង​ដើម្បី​ជជែក​ដោះស្រាយ​ជាមួយ​ភាគី​រោងចក្រ បន្ទាប់ពី​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ។

កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ប្រមាណ ២០០​នាក់ បាន​ចេញ​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន ១១​ចំណុច រួម​មាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូត៍​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ​ថែម​ម៉ោង ២​ដុល្លារ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ​ជាដើម។ ក៏ប៉ុន្តែ​ការ​តវ៉ា​នោះ ផ្ទុះ​ជា​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១២ មករា បណ្ដាល​ឱ្យ​តំណាង​កម្មករ​រោងចក្រ ៣​នាក់ រង​របួស​ធ្ងន់ និង​តំណាង​កម្មករ ៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន។ អំពើ​ហិង្សា​នោះ ត្រូវ​បាន​ក្រុម​កម្មករ​ចោទ​ថា ក្រុមហ៊ុន​ជា​អ្នក​បង្ក ដោយ​ជួល​ក្រុម​ជើងកាង ប៉ុន្តែ​ក្រុមហ៊ុន​បដិសេធ។

យ៉ាង​ណា​ក៏ដោយ​ចុះ ក្រោយ​ការ​សម្របសម្រួល​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា លោក ប៉ាវ ស៊ីណា សង្ឃឹម​ថា អ្វីៗ​នឹង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ ហើយ​លោក​ក៏​មិន​ភ្លេច​អគុណ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ស្ពឺ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។