ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​២៨​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​អូរសោម

អ្នក​ភូមិ​ឆាយលូក នៃ​ឃុំ​អូរសោម ស្រុក​វាលវែង បារម្ភ​បាត់បង់​ដីធ្លី និង​ផល​ដំណាំ​របស់​ខ្លួន​ដោយសារ​ពង្រីក​បរិវេណ​អនុស្សាវរីយ៍​អគ្គិសនី​អូរសោម។ អាជ្ញាធរ​បញ្ជាក់​ថា នៅ​គ្រា​ដែល​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​លើ​ដី​ទំហំ ៩០​ហិកតារ សម្រាប់​ធ្វើ​អនុ​ស្ថានីយ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ព្យាយាម​ដោះ​ស្រាយ​បញ្ចប់​ផល​ប៉ះពាល់​ជាមួយ​ប្រជា​ពលរដ្ឋ។

ក្រុម​អ្នកភូមិ​ឆាយ​លូក នៃ​ឃុំ​អូរសោម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ថា ផ្ទៃ​ដី​ចម្ការ​របស់​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ​ដែល​មាន​ផល​ដំណាំ​គ្រប់គ្នា​ទំហំ ៧៥,៥៦​ហិកតារ កំពុង​ប្រឈម​នឹង​ការ​បាត់​បង់។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២៨​គ្រួសារ គឺ​លោក មុំ ភី មាន​ប្រសាសន៍​ថា អ្នក​គ្រប់គ្រង​អនុ​ស្ថានីយ​មាន​បំណង​រំលោភ​ដី​ពួកគាត់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​ហើយ​រូបភាព​នៃ​ការ​រឹបអូស​ដី​ឃើញ​កាន់​តែ​ច្បាស់​នៅ​ដើម​ឆ្នាំ​២០១៦ ដោយ​មាន​ដីកា​រក្សា​ការពារ​លើ​ដី​ប្រជា​ពលរដ្ឋ។

រូប​លោក និង​ពលរដ្ឋ​ផ្សេង​ទៀត មិន​សុខ​ចិត្ត​រាល់​ការ​ដកហូត​ទាំង​ឡាយ​ណា​ដែល​គ្មាន​សំណង​សម្រាប់​ពួកគាត់​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ទាមទារ​ព្រឹកមិញ​ហ្នឹង​យ៉ាង​ខ្លាំងក្លា! គឺ​មិន​ព្រម​ប្រគល់​ដី​ឲ្យ គឺ​សាមគ្គី​គ្នា​ក្រោក​ឈរ​ឡើង។ បើ​ឲ្យ​ទាំង​អស់​ក្នុង​ចំនួន ៩០​ហិកតារ ខាង​ប្រជា​ពលរដ្ឋ​អត់​ព្រម​ទេ តែ​បើ​ចង់​កសាង​អគារ​អី​ចំ​ក្បាល​ដី​ខ្ញុំ​អី​ហ្នឹង សូម​ប្រគល់​ជូន ប៉ុន្តែ​ឲ្យ​មាន​សំណង​ត្រឹមត្រូវ»

ឆ្លើយ​តប​បញ្ហា​នេះ​អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា ថា​អាជ្ញាធរ និង​ជំនាញ​អគ្គិសនី​បាន​ចុះ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ច្រើន​លើក​ហើយ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។

លោក​ថា ផ្ទៃដី​ទំហំ ៩០​ហិកតារ​ដែល​មាន​សាលដីកា​រក្សា​ការពារ​នេះ គឺ​ជា​ដី​របស់​អនុ​ស្ថានីយ​មិន​មែន​ជា​ដី​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​សាលា​ស្រុក​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ខិតខំ​សម្របសម្រួល​លើ​បញ្ហា​នេះ៖ «ទាក់ទង​កិច្ចការ​នេះ​មិន​អាច​និយាយ​បាន​ទេ ដោយសារ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល ហើយ​ធម្មតា​ទេ​នៅ​ពេល​ដែល​មាន​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលាការ​មក​ចង់​និយាយ​ថា ពេល​នេះ​មាន​សាលដីកា​រក្សា​ការពារ មិន​ដឹង​ថា យើង​អាច​រក​លទ្ធភាព​ដោះស្រាយ ឬ​ជជែក​ជាមួយ​បងប្អូន​នៅ​ពេល​ក្រោយ»

អាជ្ញាធរ​បញ្ជាក់​ថា សាល​ដីកា​រក្សា​ការពារ​នេះ គឺ​ផ្នែក​លើ​បណ្ដឹង​របស់​អ្នក​គ្រប់គ្រង​អនុ​ស្ថានីយ​អូរសោម ដែល​កំពុង​ដំណើរការ​ថាមពល​អគ្គិសនី ១២០​ម៉េហ្គាវាត់ ចេញ​ពី​ស្ទឹង​អាតៃ។ អនុ​ស្ថានីយ​នេះ​នឹង​ទទួល​ថាមពល​ភ្លើង​បន្ថែម​ទៀត​ពី​វារីអគ្គិសនី​ឫស្សីជ្រំក្រោម និង​កម្ចាយ ដើម្បី​បញ្ជូន​ថាមពល​មក​អនុ​ស្ថានីយ​រលាប ហើយ​បញ្ជូន​បន្ត​អនុ​ស្ថានីយ​បាត់​ដំបង និង​អនុ​ស្ថានីយ​កំពង់ឆ្នាំង។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពោធិ៍សាត់ លោក សេង ប៊ុនថុល ឲ្យ​ដឹង​ថា អនុ​ស្ថានីយ​អូរសោម បាន​ដំឡើង​រួច​រាល់ និង​ដំណើរ​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ជា​យូរ​មក​ហើយ។ អាជ្ញាធរ និង​ជំនាញ​អគ្គិសនី​ចង់​បញ្ចៀស​គ្រោះ​ថ្នាក់​ផ្សេងៗ​ដោយសារ​ថាមពល​អគ្គិសនី​មាន​តង់ស្យុង​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្រោម​ខ្សែ ឬ​ក្បែរ​អនុ​ស្ថានីយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។