នាយករដ្ឋមន្ត្រី​ព្រមាន​ដក​អភិបាល​ខេត្ត​ត្បូងឃ្មុំ​រឿង​បទល្មើស​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម

អភិបាល​ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ខាង​អាជ្ញាធរ​ខេត្ត​នឹង​ត្រៀម​លក្ខណៈ​ដើម្បី​ចាត់​វិធានការ​បទល្មើស​ឈើ​ឆ្លង​កាត់​ខេត្ត​មួយ​នេះ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ឱ្យ​មាន​ប្រសិទ្ធភាព។ ការ​អះអាង​នេះ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ដក​បុណ្យ​សក្ដិ​អភិបាល​ខេត្ត​រូប​នេះ និង​អភិបាល​ស្រុក​មេមត់ ប្រសិន​មិន​អាច​ចាត់​វិធានការ​លើ​ករណី​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម  បាន។

អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ថា បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ឱ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ចាត់​វិធានការ​ឱ្យ​ខាង​តែ​បាន ចំពោះ​បទល្មើស​ឈើ​ប្រណីត​ទាំង​នោះ៖ «ឥឡូវ​ហ្នឹង​ជា​បទបញ្ជា​របស់​គាត់ គាត់​នឹង​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ខ្ញុំ​ក៏​ត្រៀម​លក្ខណៈ​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ដែរ»

ការ​អះអាង​របស់​អភិបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឡើង​ក្រោយ​ពេល​មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ដោយ​នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​អភិបាល​ស្រុក​មេមត់ ចាត់​វិធានការ​លើ​ករណី​រត់ពន្ធ​ឈើ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម។

នៅ​ក្នុង​គណនេយ្យ​ហ្វេកប៊ុក (Facebook) របស់​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម។ ក្នុង​នោះ លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​តាម​កាសែត​ដែល​លើក​ឡើង​ចំពោះ​ករណី​ឧកញ៉ា​ដែល​មាន​ឥទ្ធិពល​ពីរ​នាក់ គឺ​លោក លឹម ប៊ុណ្ណា ហៅ ខ្នា និង​លោក ស៊ឹម សំអុល ដែល​កាង​ឈើ​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ កន្លង​មក។

ទោះ​បី​យ៉ាង​ណា​​ក៏ដោយ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទិ្ធ​មនុស្ស​កម្ពុជា លោក អ៊ួ​ច ឡេង ហាក់​មិន​សូវ​មាន​សង្ឃឹម​ឡើយ​ចំពោះ​ចំណាត់​ការ​របស់​នាយករដ្ឋមន្ត្រី​ពេល​នេះ ពីព្រោះ​លោក​ថា កន្លង​មក​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​ព្រមាន​បែប​នេះ​ដែរ ប៉ុន្តែ​វិនាសកម្ម​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​នៅ​តែ​មាន ម្យ៉ាង​លោក​ថា អ្នក​រក​ស៊ី​ឈើ​ធំៗ​ជា​ច្រើន គឺ​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ផង។

លោក​ថា ការ​ព្រមាន​ដក​សក្ដិ​អភិបាល​ខេត្ត​ជុំវិញ​ការ​ទប់ស្កាត់​បទល្មើស​ឈើ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាម ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ច្រើន​ជាង៖ «វា​ជា​លក្ខណៈ​មួយ​លំអ​ក្រុង ដើម្បី​គាត់​ប្រមែប្រមូល​សន្លឹក​ឆ្នោត ថា​គាត់​ខិតខំ​ប្រឹងប្រែង​ចាត់​វិធានការ​ការពារ​ព្រៃឈើ តែ​តាម​ធាតុ​ពិត តាម​លទ្ធផល​ដែល​យើង​ទទួល​បាន មិន​ដូច​ទៅ​នឹង​សម្ដី​របស់​គាត់​ទេ»

​លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ឬ​សាធារណជន​មាន​ភាព​កក់ក្តៅ និង​មាន​ជំនឿ​ចិត្ត​ចំពោះ​អ្វី​ដែល​មេដឹកនាំ​បាន​ប្រកាស ប្រមុខ​រាជរដ្ឋាភិបាល​និយាយ​ហើយ​ត្រូវ​តែ​ធ្វើ ហើយ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ពី​ឯកជន ឬ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ទាំង​អស់ ព្រមទាំង​មិន​ឱ្យ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាដើម។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​មេមត់ ស្រុក​មេមត់ លោក ឈុន វុត្ថា សម្ដែង​ការ​គាំទ្រ​ចំពោះ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពេល​នេះ។ លោក​បញ្ជាក់​ថា សកម្មភាព​ដឹក​ឈើ​ប្រណីត​ចេញ​ទៅ​ស្តុក​ទុក​នៅ​ប្រទេស​វៀតណាម នៅ​ស្រុក​មេមត់ គឺ​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ដែល​ធ្វើ​ឱ្យ​លោក​បារម្ភ​ចំពោះ​វាសនា​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​ថា នឹង​វិនាស ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ឈើ​ឥឡូវ​នេះ គឺ​គេ​ដឹក​មូល​តែម្ដង។ អ៊ីចឹង​វិនាសកម្ម គឺ​នឹង​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ»

ទោះ​បី​ជា​លោក​គាំទ្រ​ចំពោះ​ការ​ដាក់​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​មួយ​រយ​ភាគរយ​ក៏ដោយ ប៉ុន្តែ​លោក​មិន​សូវ​សង្ឃឹម​ច្រើន​ប៉ុន្មាន​ទេ ត្បិត​អី​លោក​ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សច្ចា​កាត់​ក​ខ្លួន​ឯង​ចោល​ម្ដង​រួច​មក​ហើយ ប្រសិនបើ​លោក​ការពារ​ព្រៃឈើ​មិន​បាន តែ​បទល្មើស​ព្រៃឈើ​នៅ​តែ​មាន។ ទោះ​យ៉ាង​ណា លោក​សង្ឃឹម​ថា វិធានការ​របស់​នាយករដ្ឋមន្ត្រី​ពេល​នេះ នឹង​មិន​ដូច​ប្រសាសន៍​របស់​លោក​កាល​ពី​ពេល​មុន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។